Saturday, September 13, 2025
Homeសង្គម និងជីវិតស្រវឹង ប្រះខ្លួនដេកក្នុងអង្រឹង រឹងស្តូក

ស្រវឹង ប្រះខ្លួនដេកក្នុងអង្រឹង រឹងស្តូក

ខេត្តបាត់ដំបង ៖ បុរសជាមន្ត្រីយោធាម្នាក់ បានធ្វើដំណើរមកលេងផ្ទះសាច់ញាតិរបស់ខ្លួន លុះក្រោយពីផឹកស្រាស្រវឹង ក៏ចេះតែកើតអាការៈក្អួតចង្អោរមិនឈប់ បន្ទាប់មកក៏បានឡើងទៅប្រះខ្លួនដេកក្នុងអង្រឹងពេញ១យប់ លុះព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញស្លាប់រឹងស្តូកទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបឹងខ្នារ ស្ថិតក្នុងក្រុមទី១ ភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់។

បុរសរងគ្រោះ មានឈ្មោះប៉េន បូរ៉ាក់ អាយុ៤៣ឆ្នាំ ជាកងយោធពលខេមរភូមិន្ទនៅអង្គភាពវរសេនាតូច៥២៣ កងពលលេខ៥២ ឋានន្តរសក្តិពលបាលឯក មកសិក្សានៅសាលារៀនភូមិភាគ៥ (បឹងជ រាជ) ទីលំនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។

តាមសម្តីបុរសចំណាស់ឈ្មោះលួត ឌឿម អាយុ៧៦ឆ្នាំ ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះធ្លាប់ចេញចូលមកលេងផ្ទះរបស់គាត់ជាញឹកញាប់ ដោយសារតែជាសាច់ឈាមនឹងគ្នា។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះមិនដឹងជាផឹកស្រវឹងពីណា បានមកដេកនៅអង្រឹងក្រោមសំយាបផ្ទះរបស់គាត់ លុះព្រឹកឡើងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ គាត់បានឃើញ ជនរងគ្រោះក្អួត បន្ទាប់មកគាត់ក៏បានយកបាយឱ្យជនរងគ្រោះហូបដែរ តែជនរងគ្រោះមិនព្រមហូបទេ ហូបតែទឹកបន្តិចប៉ុណ្ណោះ លុះពេលហូបទឹករួចក៏ក្អួតជាញឹកញាប់ ទើបគាត់ឃើញសភាពមិនស្រួល ក៏ឱ្យកូនស្រី ទៅហៅឈ្មោះប៉េន សុផល ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ឱ្យមកយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ តែប្អូនស្រីនោះមិនឃើញមកយកនោះទេ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ គាត់បានលឺសំឡេងជនរងគ្រោះ ស្រែកហៅអាភ័ក្ត្រ១ម៉ាត់ និងហៅគាត់១ម៉ាត់ដែរ តែមិនចាប់អារម្មណ៍នឹកស្មានថាជនរងគ្រោះមមើ ស្រាប់តែមកដល់វេលាម៉ោង៤ទៀបភ្លឺ គាត់ក៏ក្រោកទៅស្ទាបមើលខ្លួនប្រាណជនរងគ្រោះ ឃើញត្រជាក់ហើយរឹងបន្តិច ពេលនោះគាត់បានទៅហៅកូន និងអ្នកជិតខាងឱ្យមកជួយមើល ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតែម្តង។

តាមសម្តីយុវជនឈ្មោះប៉ូ សីហា អាយុ១៧ឆ្នាំ មុខរបរសិស្ស ត្រូវជាកូនបង្កើតជនរងគ្រោះ បានឱ្យដឹងថា ឪពុករបស់គេ (ជនរងគ្រោះ) ផឹកស្រាស្រវឹងជាប់ជាប្រចាំ រយៈពេល១០ឆ្នាំមកហើយ មិនតែប៉ុណ្ណោះ ឱ្យតែបានផឹកស្រា ឪពុកលែងនឹកនាដល់បាយទឹកហើយ។

ចំណែកលោកអៀម រ៉ុម អាយុ៤៣ឆ្នាំ ជាមេបញ្ជាការរងវរសេនាតូច៥២៣ កងពលលេខ៥២ ត្រូវជាមេកើយរបស់ជនរងគ្រោះ បានឱ្យដឹងថា លោកធ្លាប់បានហាមជនរងគ្រោះឱ្យកាត់បន្ថយការផឹកស្រានេះដែរ តែជនរងគ្រោះមិនព្រមស្តាប់សោះ ដោយចេះតែដើរផឹកស្រា ស្រវឹងដាច់បាយដើរក្អួតវង្វេងវង្វាន់រហូត។

ដោយឡែកលោកអ៊ក សារី អាយុ៤៦ឆ្នាំ ជាគ្រូហ្វឹកហ្វឺននៅសាលាពលទាហានភូមិភាគ៥ ដែលត្រូវជាគ្រូបង្វឹករបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ដោយសារតែឃើញជនរងគ្រោះ ផឹកស្រាច្រើន និងចេះតែដើរក្អួត និងវង្វេងវង្វាន់ ទើបខាងសាលា រួមនឹងគ្រូពេទ្យប្រចាំសាលា បានចេញលិខិតឱ្យជនរងគ្រោះទៅដេកព្យាបាលជម្ងឺនៅពេទ្យភូមិភាគ៥មួយរយៈសិន តែជនរងគ្រោះមិនព្រមទៅព្យាបាល បែរជាមកដេកស្លាប់បែបនេះទៅវិញ៕

RELATED ARTICLES