Saturday, September 13, 2025
Homeសង្គម និងជីវិតសប្បាយក្លាយជាទុក្ខ! ផឹកសុីរ៉ូមេនទិកពេក ធ្លាក់ទឹកស្លាប់

សប្បាយក្លាយជាទុក្ខ! ផឹកសុីរ៉ូមេនទិកពេក ធ្លាក់ទឹកស្លាប់

ភ្នំពេញ ៖ បុរសមួយក្រុម បានជួបជុំគ្នាផឹកស៊ីនៅលើខ្ចូសបណ្តែតទឹកក្នុងហាងមួយកន្លែងយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែក បុរស២នាក់បាននាំគ្នាទៅអង្គុយលេងនៅលើបង្កាន់ដៃខ្ចូស ស្រាប់តែអកុសល រលកបោកបក់មកខ្លាំង ធ្វើឱ្យខ្ចូសរង្គើ ធ្លាក់ជនរងគ្រោះ ២នាក់ចូលក្នុងទឹក បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាព្រលប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខ្ចូសបណ្តែតទឹក ក្នុងហាងផឹកស៊ី យីហោ ជំនោរស្ទឹងព្រែកត្នោត មានទីតាំង ស្ថិតក្នុងភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះទាំង២នាក់ ដែលធ្លាក់ចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម រួមមាន ទី១-ឈ្មោះជង់ តុងសាន អាយុ២៨ឆ្នាំ មុខរបរវិស្វករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិសាគរ(ក) ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទី២-ឈ្មោះជួង រដ្ឋា អាយុ២៨ឆ្នាំ មុខរបរវិស្វករសំណង់ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ជនរងគ្រោះទាំងពីតនាក់ ធ្វើការជាមួយគ្នា នៅក្រុមហ៊ុន ក្នុងតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះទាំងពីរនាក់ រួមជាមួយមិត្តភក្តិសរុបគ្នា៥នាក់ បានទៅជួលខ្ចូសបណ្តែតទឹកស្ទឹងព្រែកត្នោត នៅហាងជំនោរស្ទឹងព្រែកត្នោត អង្គុយហូបបាយផឹកស៊ី។

លុះដល់ វេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃដដែល មានមិត្តភក្តិម្នាក់បានទៅផ្ទះមុនបាត់ សល់គ្នា៤នាក់អង្គុយផឹកស៊ីបន្ត។ ចំណែកជនរងគ្រោះទាំងពីរនាក់ ក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏នាំគ្នាទៅអង្គុយលើបង្កាន់ដៃខ្ចូសលេង ស្រាប់តែភ្លាមនោះ ទឹករលកបានបោកបក់មក ក៏បណ្តាលឱ្យខ្ចូសយោលទៅមក ធ្វើឱ្យធ្លាក់ជនរងគ្រោះទាំងពីរនាក់ចូលក្នុងទឹកស្ទឹង ទាំងដែលអ្នកទាំងពីរមិនចេះហែលទឹកនោះទេ លុះភ្លាមនោះរកអ្នកជួយមិនទាន់ផង ណាមួយទឹកហូរខ្លាំងផង ទើបជនរងគ្រោះទាំង២នាក់ បានលិចចូលទឹកបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ទាំងសមត្ថកិច្ច ប្រជាពលរដ្ឋ រួមនឹងក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាចុះរាវរកនៅទីតាំងកើតហេតុខាងលើ រហូតដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ទើបរកឃើញសាកសពជនរងគ្រោះម្នាក់ ឈ្មោះជួង រដ្ឋា ស្រង់ឡើងគោក និងត្រូវបានសមត្ថកិច្ចពិនិត្យរួច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកសាកសពជនរងគ្រោះ ម្នាក់ទៀតឈ្មោះជុង តុងសាន ត្រូវបានក្រុមគ្រួសារ ជួលក្រុមអ្នកមុជទឹករាវរក រហូតប្រទះឃើញសាកសព នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ធ្វើឱ្យឪពុកម្តាយយំសោកបោកខ្លួន នឹកសង្វេគកូនប្រុសជាទីស្រលាញ់របស់ខ្លួន៕

RELATED ARTICLES