ខេត្តបាត់ដំបង ៖ យុវជនម្នាក់ កំពុងជិះម៉ូតូដឹកស្រីស្នេហ៍ម្នាក់តាមផ្លូវដោយកំពុងឱបចង្កេះគ្នាយ៉ាងត្រជាក់ចិត្ត ស្រាប់តែលេចមុខយុវជនម្នាក់ ដែលសង្ស័យជាសង្សារចាស់ ផ្ទុះភ្លើងប្រចណ្ឌ ក៏ជិះម៉ូតូប្រដេញតាម រួចដកដាវកាប់ប្រហារទៅលើខាងប្រុស បណ្តាលឱ្យរងរបួសធ្ងន់ត្រង់ដៃ បន្ទាប់មកក៏ជិះគេចខ្លួនបាត់ស្រមោលភ្លាមៗ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចខាងលិចសាលាបូរ៉ា ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
យុវជនរងគ្រោះ ដែលត្រូវជនសង្ស័យកាប់រយះដៃ មានឈ្មោះស៊ាន សុវត្ថិនានុ អាយុ២៤ឆ្នាំ រស់នៅភូមិចំការសំរោង១ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង (រងរបួសត្រង់ដៃខាងឆ្វេង)។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ ជិះម៉ូតូដឹកនារីម្នាក់ ដោយឱបចង្កេះគ្នាយ៉ាងស្អិតល្មួត លុះពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូតាមមកទាន់ និងបានអែបមកជិត រួចដកដាវកាប់ប្រហារទៅលើជនរងគ្រោះជាអ្នកបើកម៉ូតូ បណ្តាលឱ្យរងរបួសដៃម្ខាង បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកសមត្ថកិច្ចក៏បានចុះទៅ សាកសួរ ជនរងគ្រោះដោយផ្ទាល់ដល់មន្ទីរពេទ្យដែរ តែជនរងគ្រោះហាក់មិនចង់ទម្លាយប្រាប់ពីមូលហេតុ ឱ្យសមត្ថកិច្ចបានដឹងនោះទេ៕