ខេត្តបាត់ដំបង ៖ បុរសជាអ្នកបើករថយន្តដឹកទឹកកកលក់ម្នាក់ រួមនឹងកម្មករទឹកកក២នាក់ កំពុងរួមដំណើរជាមួយគ្នាសុខៗ ក៏ត្រូវជនសង្ស័យ២នាក់បើករថយន្តមកកាក់ពីមុខ ហើយចុះមកសួរនាំថា ហេតុអ្វីបើករថយន្តប៉ះរថយន្តគេហើយមិនព្រមឈប់ លុះជនរងគ្រោះមិនទាន់ បានឆ្លើយថាម៉េចផង ក៏ត្រូវជនសង្ស័យជាខ្មាន់កាំភ្លើងចិត្តឆៅ ដកកាំភ្លើងបាញ់ជនរងគ្រោះ១គ្រាប់ បណ្តាលឱ្យធ្លាយក្បាលស្លាប់យ៉ាងអាណោចអធ័ម។
ករណីឃាតកម្មដ៏ឃោរឃៅខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចវាលអន្ទង់ស ស្ថិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់។
បុរសរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងចិត្តកំណាចបាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះពេជ្រ ពិសា ហៅពី អាយុ២៥ឆ្នាំ មុខរបរបើករថយន្តដឹកទឹកកកលក់ មានលំនៅក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ ចំណែកជនរងគ្រោះទាំង២នាក់ ទៀតដែលរួមដំណើរជាមួយ រួមមាន ទី១-ឈ្មោះហេង ចិត្រា ហៅឡិច អាយុ២០ឆ្នាំ មុខរបរកម្មករទឹកកក (មិនមានរបួស) និងទី២-ឈ្មោះប៊ូ ចន្ធី ហៅប៉ោង អាយុ២៧ឆ្នាំ មុខរបរកម្មករទឹកកក (មិនមានរបួស)។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិឃុំជាមួយជនរងគ្រោះខាងលើ។ អ្នកទាំង៣ ជិះរថយន្តដឹកទឹកកក ពាក់ស្លាកលេខ បាត់ដំបង 3A-3095។ ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើងទាំង២នាក់ ជិះរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ មិនចាំពណ៌ និងស្លាកលេខ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងបើករថយន្តនៅតាមផ្លូវក្នុងទិសដៅ ពីបាត់ដំបង ទៅកាន់កំពីងពួយ ស្រាប់តែក្រុមជនដៃដល់ បានបើករថយន្តដេញតាមរថយន្តជនរងគ្រោះ ហើយមកឈប់ពាំងពីមុខ។ បន្ទាប់មកជនមិនស្គាល់មុខ ២នាក់បានចុះពីរថយន្តសួរនាំជនរងគ្រោះថា “ហេតុអ្វីបានបើករថយន្តប៉ះរថយន្តអញហើយមិនឈប់?”។ ពេលនោះជនរងគ្រោះជាអ្នកបើករថយន្ត ដឹកទឹកកក បានឆ្លើយតបថា “ខ្ញុំអត់ដឹងទេ…” ស្រាប់តែភ្លាមនោះ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លី បាញ់១គ្រាប់ចំក្បាលអ្នកបើកបររថយន្តដឹកទឹកកក រួចខ្មាន់កាំភ្លើងទាំង២នាក់ ឡើងរថយន្តបើកត្រឡប់មកក្រោយវិញបាត់ស្រមោលទាំងយប់ភ្លាមៗដែរ៕