Thursday, January 29, 2026
Homeព័ត៌មានជាតិព្រាប សុវត្ថិ នាំភរិយាទៅអូស្ត្រាលី ខណៈខេមរៈ សិរីមន្ត បណ្តើរប្រពន្ធទៅសៀមរាប

ព្រាប សុវត្ថិ នាំភរិយាទៅអូស្ត្រាលី ខណៈខេមរៈ សិរីមន្ត បណ្តើរប្រពន្ធទៅសៀមរាប

ខណៈដែលព្រាប សុវត្ថិ កំពុងតែផ្អែមល្ហែមស្នេហ៍ជាមួយភរិយាអ្នកស្រីឡុង ស្រីមុំ លើទឹកដីអូស្ត្រាលី នោះ តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ក៏បានដឹកដៃប្រពន្ធកូន៣ អ្នកនាងកុយ ផល្លី សាសងស្នេហ៍សាងអនុស្សាវរីយ៍លើទឹកដីទឹកដីអង្គរខេត្តសៀមរាប និងទស្សនាប្រាសាទបាយ័នផងដែរ។

មហាជនបានលើកឡើងថា តារាទាំង២ ព្រាប  សុវត្ថិ និងខេមរៈ សិរីមន្ត ពិតជាមិនឱ្យចាញ់ឈ្នះគ្នាមែន ព្រោះពេលនេះមានកូន៣នាក់ដូចគ្នា ហើយសិរីមន្ត កំពុងដើរតាមគន្លងព្រាប សុវត្ថិ ហើយដែលពេលនេះព្យាយាមបង្ហាញភាពស្អិតល្មួតជាមួយប្រពន្ធឱ្យបានកាន់តែច្រើនថែមទៀត បន្ទាប់ពីប្រឹងលាក់ប្រពន្ធកូនអស់៩ឆ្នាំ ហើយត្រូវមហាជនរិះគន់នោះ។

យ៉ាងណា ខេមរៈ សិរីមន្ត មិនទាន់ហ៊ានធ្វើដូចព្រាប សុវត្តិ តាមរយៈការដឹកដៃប្រពន្ធរៀបការជាចំហឡើយ បើទោះជា សិរីមន្ត ធ្លាប់អះអាងថា គេបានរៀបការជាមួយអ្នកនាងផល្លី តាំងពីឆ្នាំ២០០៩មក ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ឃើញអតីតតារាសាន់ដេ ទម្លាយរូបថតក្រាបផ្ទឹមមួយសន្លឹកឱ្យគេឃើញដូចព្រាប សុវត្ថិ។

ព្រាប សុវត្ថិ បានចេញទៅច្រៀងសម្តែងនៅអូស្ត្រាលី ដោយគ្មានកូនប្រុសទាំង៣របស់លោករួមដំណើរទៀតឡើយ បន្ទាប់ពីវិលមកពីការសម្តែងនៅអាមេរិក កាលពីចុងខែឧសភា។ ប៉ុន្តែអ្នកស្រីឡុង ស្រីមុំ ភរិយាលោកព្រាប សុវត្ថិ បានជូនដំណើរប្តីទៅ ដោយតាមគម្រោងការសម្តែងលើកនេះ មានរយៈពេលខ្ទង់២ខែ ហើយលោកត្រូវច្រៀងនៅតាមរដ្ឋធំៗមួយចំនួនដូចជា ស៊ីដនី, អាត់ឌឺឡែត, ប៊្រីសបូន និង ម៉ែលប៊ន ជាដើម។ សម្រាប់តារាដែលរួមដំណើរជាមួយលោកព្រាប សុវត្ថិ វិញ មានកញ្ញាចំរើន សុភ័ក្រ, សោម ស្រីនាថ និងលោកពេជ្រ រដ្ឋា។

ដោយឡែកខេមរៈ សិរីមន្ត វិញ ឆ្នាំនេះមិនបានចេញទៅច្រៀងសម្តែងនៅក្រៅស្រុកទេ ព្រោះលោកទើបតែវិលមកកាន់ក្បាលមីក្រូឡើងឆាកវិញ កាលពីថ្ងៃទី៥ ខែឧសភា បន្ទាប់ពីបានកាន់ទុក្ខ១០០ថ្ងៃដល់ប្អូនស្រីកញ្ញាខេមរៈ ស្រីពៅ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែកមរា ឆ្នាំ២០១៩។

ខេមរៈ សិរីមន្ត ត្រូវបានថៅកែហង្សមាស ដំឡើងតំណែងធំឱ្យកាន់ជាគណៈកម្មការ X Factor Cambodia  រដូវកាលទី១ តែគេឃើញលោកប៊ុនថៃ នៅមិនទាន់បង្ហាញថ្វីមាត់គួរឱ្យចាប់អារម្មណ៍ដូចគណៈកម្មការ៣រូបផ្សេងទៀតទេ ព្រោះនិយាយទៅកាន់បេក្ខជននៅរដាក់រដុប។

ការដែលខេមរៈ សិរីមន្ត បានដឹក ដៃប្រពន្ធកូន៣អ្នកនាងកុយ ផល្លី ដើរលេងនៅប្រាសាទបាយ័ននៅពេលនេះ ចំពេលដែលមានទស្សនិកជនមួយចំនួននិយាយថា សិរីមន្ត ហាក់ចុះខ្សោយជាងមុនតាំងពីស្ពាយបង្វេចចេញពីសាន់ដេ មកចូលហង្សមាស។

អ្នកខ្លះលើកឡើងថា ការធ្លាក់ចុះរបស់សិរីមន្ត អាច មកពីតារារូបនេះលាក់ប្រពន្ធកូនដល់ទៅជិត១០ឆ្នាំ ធ្វើឱ្យមហាជនខ្លះលែងផ្តល់ទំនុកចិត្ត។ ដោយសារមិនសប្បាយចិត្តរឿងគេថា ចុះខ្សោយផង មិនចង់ឮគេថា លាក់ប្រពន្ធកូន៩ឆ្នាំផង ទើបពេលនេះចំពេលដែលព្រាប សុវត្ថិ បណ្តើរភរិយាទៅលេងអូស្ត្រាលីនោះ ខេមរៈ សិរីមន្ត ក៏បណ្តើរភរិយាទៅសាសងស្នេហ៍ដល់ប្រាសាទបាយ័ន ដែរ៕

RELATED ARTICLES