Thursday, January 29, 2026
Homeព័ត៌មានជាតិខេមរៈ សិរីមន្ត ផ្គាប់ចិត្តភរិយា ខ្លាចមិនស្រស់ស្អាត

ខេមរៈ សិរីមន្ត ផ្គាប់ចិត្តភរិយា ខ្លាចមិនស្រស់ស្អាត

រយៈពេលចុងក្រោយនេះ តារាចម្រៀងខេមរៈ សិរីមន្ត ពិតជាធ្វើឱ្យគេចាប់អារម្មណ៍ទៅលើជីវិតឯកជនកាន់តែខ្លាំងជាងអាជីពចម្រៀងទៅទៀត តាមរយៈការបង្ហាញភាពស្អិតល្មួតជាមួយភរិយាកូន៣ អ្នកនាងកុយ ផល្លី ក្រោយពីអតីតតារាសាន់ដេរូបនេះធ្លាប់លាក់រឿងប្រពន្ធកូនជិត៩ឆ្នាំកន្លងមក។

ខេមរៈ សិរីមន្ត បានបណ្តើរប្រពន្ធទៅចូលរួមមង្គលការតារាចម្រៀងឱក សុគន្ធកញ្ញា កាលពីថ្ងៃទី១៦ ខែឧសភា និងថ្មីនេះៗពួកគេបណ្តើរគ្នាទៅសាសងស្នេហ៍នៅប្រាសាទបាយ័ន និងទៅដល់ប្រាសាទព្រះវិហារ ទៀតផង។

យ៉ាងណាការកៀកគ្នាប៉ុណ្ណឹងនៅមិនទាន់ស្កប់ចិត្តអ្នកនាងផល្លី ឡើយ ព្រោះអ្នកនាងច្រណែនស្វាមីថែរាងបានសង្ហា ហើយទាមទារទៅហាត់ប្រាណជាមួយដែរ ទើបថ្មីៗនេះ សិរីមន្ត ព្រមឱ្យប្រពន្ធទៅហាត់ប្រាណជាមួយគ្នាតែម្តងទៅ។

តារាចម្រៀងហង្សមាស រូបនេះថ្លែងថា “ភរិយាខ្ញុំនិយាយថា បងឯងរាងស្អាតអីតែឯង ជួយបង្រៀនប្រពន្ធឱ្យរាងស្អាតផង”។

អ្នកគាំទ្រតារាចម្រៀងខេមរៈ សិរីមន្ត បានបង្ហាញការជូនពរផងច្រណែនផងចំពោះស្នេហារបស់តារាល្បីរូបនេះ ដែលកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃនោះ។

ប៉ុន្តែមានអ្នកខ្លះទៀតចង់ឱ្យសិរីមន្ត មានចិត្តក្លាហានដឹកដៃប្រពន្ធរៀបការជាចំហតាមប្រពៃណីខ្មែរ ព្រោះការប្រកាសថា បានរៀបការម្តងហើយកាលពីឆ្នាំ២០០៩នោះ ពួកគេនៅមិនទាន់ជឿជាក់ឡើយ បើទោះជាមុននេះ សិរីមន្ត បានបង្ហាញរូបភាពឱបគ្នាជាមួយប្រពន្ធក្នុងឈុតអាពាហ៍ពិពាហ៍នៅមុខ Tour Effel ក្តី។

ដោយឡែក អ្នកខ្លះទៀតបានលើកឡើងថា ចង់ឃើញខេមរៈ សិរីមន្ត ដឹកដៃប្រពន្ធថតខារ៉ាអូខេដូចព្រាប សុវត្ថិ បានធ្វើដែរនោះ ទើបអាចនិយាយថា សិរីមន្ត ពិតជាហ៊ានផ្គាប់ចិត្តប្រពន្ធគ្រប់បែបយ៉ាងមែន។

ខេមរៈ សិរីមន្ត ទើបតែព្រមទទួលស្គាល់រឿងមានប្រពន្ធកូននៅឆ្នាំ២០១៨ ក្រោយពីរូបគេបានព្យាយាមលាក់រឿងនេះជាមួយមហាជន និងអ្នកកាសែតជិត១០ឆ្នាំមក។ ពេលនេះ ខេមរៈ សិរីមន្ត មានកូន៣នាក់ដូចព្រាប សុវត្ថិ ដែរ គឺកូនប្រុសច្បងឈ្មោះខេមរៈ មន្តស្នេហ៍ អាយុជាង៦ឆ្នាំ, កូនទី២ស្រីឈ្មោះខេមរៈ ស្ត្រី អាយុជាង៣ឆ្នាំ និងកូន ស្រីទី៣ ឈ្មោះខេមរៈ មន្តរាជនីយ៍ អាយុជាង៩ខែ។

តាមព័ត៌មានថា សិរីមន្ត ចង់បាន កូនថែមទៀត ដើម្បីរឹតចំណង ស្នេហ៍ឱ្យកាន់តែរឹងមាំ។

គួរកត់សម្គាល់ថា មុនខេមរៈ សិរីមន្ត ដឹកដៃប្រពន្ធទៅហាត់ប្រាណយករាងស្អាតនេះ អតីតតារាសាន់ដេ ក៏ត្រូវបានហង្សមាស ប្រគល់ឱ្យកាន់តំណែងធំជាគណៈកម្មការកម្មវិធី X Factor Cambodia សម្រាប់រដូវកាលទី១នេះផងដែរ បន្ទាប់ពីសិរីមន្ត ទើបវិលមកកាន់ក្បាលមីក្រូវិញនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ក្រោយកាន់ទុក្ខប្អូនស្រីខេមរៈ ស្រីពៅ ដែលទទួលមរណភាព កាលពី ថ្ងៃទី២៥ ខែមករា។

ដើម្បីឱ្យទីផ្សារចម្រៀងមានការប្រែប្រួល ខេមរៈ សិរីមន្ត ក៏បានងាកទៅចាប់ដៃច្រៀងឆ្លងឆ្លើយជាមួយពេជ្រ សោភា ជាលើកដំបូង តាមរយៈបទ “ប្រពន្ធបងមិនល្អមែនទេ ?”។ នេះគឺជាការចាប់ដៃគូថ្មីរបស់ សិរីមន្ត បន្ទាប់ពីតារាចម្រៀងរូបនេះធ្លាប់ចាប់ដៃជាមួយ តារាស្រី៣នាក់មកហើយ គឺខេមរៈ ស្រីពៅ, ឱក សុគន្ធកញ្ញា និងសុខ ពិសី។

តាមព័ត៌មានថា ក្រោយចុះកុងត្រាជាមួយហង្សមាស៥ឆ្នាំនោះ ពេលនេះសិរីមន្ត នឹងត្រូវផលិតកម្មនេះរៀបចំឱ្យចាប់ដៃជាមួយតារាស្រីជាច្រើនដួងទៀត ក្នុងនោះក៏មានជាមួយអតីតតារាសាន់ដេ សុខ ស្រីនាង ផងដែរ៕

RELATED ARTICLES