Wednesday, January 28, 2026
Homeព័ត៌មានជាតិដោយសារតែស្រលាញ់ នាងសុខចិត្តមករួមរស់ជាមួយ ទាំងមិនដែលទាមទាររៀបការដូចគេ មិនគួរណាប្តីមិនយល់ចិត្តនាងសោះ

ដោយសារតែស្រលាញ់ នាងសុខចិត្តមករួមរស់ជាមួយ ទាំងមិនដែលទាមទាររៀបការដូចគេ មិនគួរណាប្តីមិនយល់ចិត្តនាងសោះ

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់រស់នៅជួបតែរឿងឈ្លោះប្រកែកគ្នាមិនស្វាង ព្រោះតែបុរសជាប្តីមានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងពេក  ចេះតែចោទប្រកាន់ថា ប្រពន្ធមិនស្មោះត្រង់ លួចលាក់ក្បត់ចិត្តប្តីទៅមានសហាយជាមួយប្រុសនេះប្រុសនោះមិនឈប់ ទោះជាប្រពន្ធខំប្រឹងពន្យល់បកស្រាយយ៉ាងណាក៏មិនខ្ចីស្តាប់ លុះក្រោយពីផឹកស៊ីស្រវឹងជោកជាំត្រឡប់ចូលផ្ទះវិញ ក៏បង្ករឿងឈ្លោះចោទប្រពន្ធមានសហាយ រហូតផ្ទុះជាអំពើហិង្សាស្ទុះចូលទៅដាល់ប្រពន្ធចំក្តោងច្រមុះចំនួន២ដៃ បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធបាក់ក្តោងច្រមុះថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័ម។

ករណីអំពើហិង្សាប្តីវ៉ៃប្រពន្ធបណ្តាលឱ្យស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ១៨ ផ្លូវលេខ៤៨ ក្រុមទី១ ភូមិព្រៃសាលា  សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាប្តីដែលដាល់ប្រពន្ធ២ដៃបណ្តាលឱ្យស្លាប់និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផង់ សំណាង អាយុ២៣ឆ្នាំ មុខរបរជាកម្មករលើកអីវ៉ាន់ និងឆ្លៀតពេលទំនេររត់ម៉ូតូឌុប។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះនុយ វណ្ណារី អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅខេត្តតាកែវ ជាកូនកំព្រា។ ប្តីប្រពន្ធអ្នកទាំងពីរខាងលើសព្វថ្ងៃស្នាក់នៅជុំគ្នាក្នុងបន្ទប់ជួលក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធអ្នកទាំងពីរខាងលើនេះ កន្លងមកតែងឈ្លោះប្រកែកគ្នាជាប្រចាំស្ទើរគ្មានលស់ថ្ងៃឡើយ មូលហេតុដោយសារតែភាគីបុរសជាប្តីមានចិត្តប្រចណ្ឌប្រពន្ធហួសហេតុ ទើបចេះតែមានចិត្តសង្ស័យចោទប្រកាន់ប្រពន្ធទាំងបំពាន ដោយចោទថា ប្រពន្ធមានគំនិតមិនស្មោះត្រង់ជាមួយប្តីលួចលាក់មានប្រុសថ្មី ហើយទោះជាប្រពន្ធព្យាយាមពន្យល់ប្រាប់យ៉ាងណា ក៏បុរសជាប្តីនេះមិនជឿសម្តីប្រពន្ធសោះឡើយ ទើបធ្វើឱ្យមានរឿងឈ្លោះប្រកែកនិងវាយដំប្រពន្ធជាញឹកញាប់។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ គេឃើញបុរសជាប្តីស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំបានត្រឡប់មកដល់ផ្ទះវិញក៏កើតមានជម្លោះតឹងសរសៃកដាក់គ្នាលុះបន្តិចក្រោយមកក៏លាន់ឮសំឡេងស្ត្រីរងគ្រោះជាប្រពន្ធស្រែកហៅគេឯងឱ្យជួយ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាចូលទៅដល់ក៏ឃើញស្ត្រីរងគ្រោះដេកស្តូកស្តឹងនៅលើគ្រែលុះចូលទៅមើលទើបដឹងថា ស្ត្រីរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុនិងបានប្រទះឃើញថា ស្ត្រីរងគ្រោះពិតជាបានស្លាប់មែន រួចក៏បានឃាត់ខ្លួនបុរសជាប្តីនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តីបានឆ្លើយសារភាពថា ពួកគេទាំង២នាក់បានយកគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការឬសែនព្រេនអ្វីទាំងអស់ ពោលគឺស្រលាញ់គ្នាចិត្តនិងចិត្ត រួចក៏ព្រមព្រៀងរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធតែម្តង គិតមកដល់ពេលនេះមានរយៈពេល១ឆ្នាំហើយ តែមិនទាន់មានកូនជាមួយគ្នានៅឡើយ។

ជនដៃដល់ជាប្តីបានបន្តសារភាពថា ជារៀងរាល់ថ្ងៃ រូបគេរស់នៅជាមួយប្រពន្ធមិនសូវចុះសម្រុងនឹងគ្នានោះទេ ដោយសារតែរូបគេមានចិត្តប្រចណ្ឌប្រពន្ធ រីឯប្រពន្ធក៏ប្រចណ្ឌរូបគេជាប្តីវិញដែរ ទើបឈ្លោះគ្នានិងឈានដល់ប្រើហិង្សាជាញឹកញាប់។

ជនដៃដល់ខាងលើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ រូបគេទើបនឹងត្រឡប់មកពីផឹកស៊ីជាមួយមិត្តភក្តិ និងមានសភាពស្រវឹងស្រាជោកជាំផង លុះមកដល់ក៏កើតមានចិត្តប្រចណ្ឌមានគំនិតគិតពីប្រពន្ធក្នុងផ្លូវមិនល្អផង ក៏កើតជាជម្លោះរហូតក្លាយជាអំពើហិង្សា ដោយរូបគេមិនបានតាំងចិត្តសម្លាប់ប្រពន្ធនោះទេ គ្រាន់តែវាយស្រាយកំហឹងប៉ុណ្ណោះ  ដោយបានដាល់ប្រពន្ធចំនួន២ដៃចំក្តោងច្រមុះ ស្រាប់តែមិនដឹងយ៉ាងម៉េចប្រពន្ធក៏ដាច់ខ្យល់ស្លាប់តែម្តង ធ្វើឱ្យផ្អើលដល់អ្នកជិតខាងប្តឹងសមត្ថកិច្ចចាប់រូបគេជាប់។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សាកសពស្ត្រីរងគ្រោះជាប្រពន្ធត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទុកនៅវត្តតាំងកសាងខាងត្បូង រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តតាកែវ៕

RELATED ARTICLES