Wednesday, January 28, 2026
Homeព័ត៌មានជាតិទូរស័ព្ទផ្តាំប្តីមើលថែកូន ជិតកន្លះខែទើបដឹងដំណឹងគាត់

ទូរស័ព្ទផ្តាំប្តីមើលថែកូន ជិតកន្លះខែទើបដឹងដំណឹងគាត់

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ ក៏ស្រាប់តែមានគំនិតខ្លីទូរស័ព្ទផ្តាំឱ្យប្តីជួយមើលថែកូន ចំណែកខ្លួនទៅស្លាប់ហើយ បន្ទាប់មកក៏បិទទូរស័ព្ទចោលធ្វើឱ្យប្តីទាក់ទងមិនបានតាមរកក៏មិនឃើញ អស់រយៈពេលជិតកន្លះខែ ស្រាប់តែចុងក្រោយក៏មានគេប្រទះឃើញសាកសពស្ត្រីជាប្រពន្ធអណ្តែតនៅក្នុងស្រះទឹកស្ថិតក្នុងសភាពហើមប៉ោងទៅហើយ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកខាងកើតភូមិ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះស៊ន គា ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរកម្មករអនាម័យ ស្រុកកំណើតនៅភូមិជំទប់មាន់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានប្តី និងមានកូន៥នាក់ក្នុងបន្ទុក (ប្រុស៣ ស្រី២)។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានអ្នកប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចខាងលើ ក្រោយមកពេលសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ក៏បានទទួលយកទូរស័ព្ទជនរងគ្រោះដែលប្រជាពលរដ្ឋបានរើសពីក្បែរមាត់ស្រះ មកប្រគល់ឱ្យសមត្ថកិច្ច។ ភ្លាមនោះសមត្ថកិច្ចបានឆែកលេខទាក់ទងរកសាច់ញាតិជនរងគ្រោះក៏បានទាក់ទងជួបប្តីជនរងគ្រោះ រួចក៏ផ្តល់ដំណឹងថា ប្រពន្ធរបស់គាត់បានលង់ទឹកស្លាប់ហើយឱ្យចុះមកកន្លែងកើតហេតុដើម្បីពិនិត្យមើល។

ប្រភពដដែលបន្តថា លុះពេលបុរសជាប្តីជនរងគ្រោះមកដល់កន្លែងកើតហេតុ ក៏បានរៀបរាប់ប្រាប់ឱ្យសមត្ថកិច្ចដឹងថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ប្រពន្ធគាត់ (ជនរងគ្រាះ) បានតេទៅប្រាប់គាត់ថា “ខ្ញុំទៅស្លាប់ហើយ ឯងមើលកូនផង” ពេលនោះគាត់ក៏បានសួរថាឯងទៅស្លាប់ឯណា ហើយប្រពន្ធគាត់ក៏បិទទូរស័ព្ទបាត់ទៅ លុះពេលគាត់ព្យាយាមទូរស័ព្ទទៅរកប្រពន្ធវិញ តែអត់ចូលសោះ ហើយគាត់ក៏ដើររកហើយបានសួរគេឯងគ្រប់គ្នាដែរ តែមិនមានអ្នកណាដឹងទេ។ រហូតមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ទើបទទួលដំណឹងពីសមត្ថកិច្ចថា ប្រពន្ធស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញក៏បានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពពុំមានស្លាកស្នាមអ្វីទេ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន (អាចនឹងលោតទឹកសម្លាប់ខ្លួន)។

បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពជូនទៅក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បិរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES