Wednesday, January 28, 2026
Homeព័ត៌មានជាតិស្រីស្អាតណាត់ញ៉ាំពោត ប្រុសញាំហើយឆ្លេឆ្លា

ស្រីស្អាតណាត់ញ៉ាំពោត ប្រុសញាំហើយឆ្លេឆ្លា

ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវបានយុវតីរូបស្រស់ម្នាក់ណាត់ជួបទៅញ៉ាំពោតនៅរមណីយដ្ឋានកៀនស្វាយ បន្ទាប់មកក៏នាំមិត្តភក្តិប្រុសស្រី២នាក់ទៅជាមួយដែរ លុះទៅដល់ក៏ប្រើល្បិចខ្ចីម៉ូតូយុវជនរងគ្រោះជិះចេញទៅបាត់ មិនឃើញយកមកប្រគល់ឱ្យវិញ ទើបយុវជនជាម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនយុវតីជើងល្អខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆបោកម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅចំណុចរមណីយដ្ឋានកៀនស្វាយក្រៅ ស្ថិតក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះហាន់ សូត អាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យឆបោកយកទៅ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GT-5416។

ចំណែកជនសង្ស័យមានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះហង្ស សុខចេង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរអ្នករាំអ័កកាដង់ មានលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។​ ទី២-មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣៦ឆ្នាំ មិនស្គាល់លំនៅ (គេចខ្លួន)។ និងទី៣- មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣២ឆ្នាំ (គេចខ្លួន)។

តាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យ (ស្រីៗ២នាក់) បានបបួលជនរងគ្រោះមកលេងវត្តកៀនស្វាយក្រៅ។ ពេលមកដល់ កៀនស្វាយផ្លាហ្សាក៏នាំគ្នាអង្គុយហូបពោតស្ងោរ រួចជនសង្ស័យទី២ បានតេទូរស័ព្ទហៅជនសង្ស័យទី៣ឱ្យមកលេងដែរ ពេលជនសង្ស័យទី៣មកដល់ក៏នាំគ្នាជិះម៉ូតូជនរងគ្រោះ (ជិះទាំង៤នាក់) ទៅអង្គុយលេងផ្ទះទឹកនៅរមណីយដ្ឋាន វត្តកៀនស្វាយក្រៅ។

លុះពេលទៅដល់ ជនសង្ស័យស្រីៗ២នាក់ បាននាំគ្នាទៅទិញម្ហូប ចំណែកជនរងគ្រោះនិងជនសង្ស័យទី៣ នៅចាំរោងនិងម៉ូតូ។ បន្ទាប់មក ជនសង្ស័យទី៣បានខ្ចីម៉ូតូជនរងគ្រោះថា ទៅឌុបមេមកលេងដែរ រួចក៏ទៅបាត់រហូត។ ដោយចាំយូរពេក ជនរងគ្រោះនិងជនសង្ស័យស្រីៗ២នាក់ ក៏បានតេទូរស័ព្ទទៅជនសង្ស័យទី៣ ហើយជនសង្ស័យទី៣ថា ឱ្យមកយកម៉ូតូនៅគល់ស្ពានច្បារអំពៅ។

លុះពេលមកដល់ច្បារអំពៅថាឱ្យទៅយកនៅរង្វង់មូលតាខ្មៅ ពេលទៅដល់តាខ្មៅប្រាប់ថា ឱ្យទៅយកនៅមុខបន្ទាយអង្គរក្ស ពេលទៅដល់មុខបន្ទាយជនសង្ស័យជាស្ត្រីទី២ បានឱ្យជនរងគ្រោះនិងជនសង្ស័យឈ្មោះហង្ស សុខចេង ចុះពីលើកង់បីដោយប្រាប់ថា ខ្លួនទៅយកម៉ូតូឱ្យរួចជនសង្ស័យទី២ក៏ទៅបាត់។

ដោយចាំយូរពេកនិងទាក់ទងទូរស័ព្ទលែងបាន ទើបជនរងគ្រោះក៏បានតេហៅបងប្អូនឱ្យមកយកនិងឃាត់ខ្លួនជនសង្ស័យឈ្មោះហង្ស សុខចេង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហង្ស សុខចេង បានព្យាយាមឆ្លើយថា មិនដឹងអ្វីទាំងអស់ ហើយក៏មិនស្គាល់ជនសង្ស័យទាំងពីរនាក់នោះដែរ គឺស្គាល់តាមទូរស័ព្ទនិងធ្លាប់ទៅហូបមីហឹរនៅផ្សារសុវណ្ណា ម្តងជាមួយជនរងគ្រោះ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៩។

ជនសង្ស័យឈ្មោះ ហង្ស សុខចេង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES