ព្រាប សុវត្ថិ ត្រូវបានគេដឹងថា ឆ្នាំនេះមានអាយុ៤៧ឆ្នាំ (កើតឆ្នាំ១៩៧៣) ទៅហើយ តែរូបសម្រស់របស់តារាជើងចាស់ហង្សមាស រូបនេះ នៅតែក្មេងជាងវ័យនៅឡើយ។

ភរិយារបស់លោក អ្នកស្រីឡុង ស្រីមុំ តែងនិយាយសរសើរថា ស្វាមីរបស់អ្នកស្រីថា មើលពីជ្រុងខាងណាក៏នៅតែសង្ហាដែរ ហើយជាញឹកញាប់អ្នកស្រីតែងបង្ហាញអារម្មណ៍មានមោទនភាពខ្លាំងណាស់ ដែលបានធ្វើជាភរិយាតារាចម្រៀងរូបនេះ។

ដោយឡែក ចំណងស្នេហារយៈពេល២៣ឆ្នាំកន្លងមកនេះ គេមិនដែលឃើញព្រាប សុវត្ថិ និងភរិយាមានបញ្ហារកាំរកូសធ្ងន់ធ្ងរនោះទេ គឺមានតែប្ដីប្រពន្ធនេះបញ្ចេញរូបភាពផ្អែមល្ហែមដូចគូស្នេហ៍យុវវ័យ។

លោកនូ ស៊ិប អតីតតារាចម្រៀងហង្សមាស បានប្រាប់កាលពីពេលថ្មីៗនេះថា ព្រាប សុវត្ថិ គិតមកដល់ឆ្នាំ២០២០នេះ នៅតែមិនទាន់ធ្លាក់ចុះទេ ហើយក៏មិនទាន់មានតារាចម្រៀងណាអាចដណ្ដើមតំណែងរបស់លោកបានដែរ។

លោកនូ ស៊ិប បញ្ជាក់ថា ព្រាប សុវត្ថិ ជាអ្នកចម្រៀងដែលចូលស្ដង់ដាអន្ដរជាតិតែម្ដង ទាំងរូបរាងនិងទឹកដមសំឡេង។

ចំណែកលោកសាស្រា្ដចារ្យ សេង សំអាន ដែលជាមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់និយាយថា ព្រាប សុវត្ថិ អាចល្បីបានច្រើនឆ្នាំតទៅទៀត ព្រោះសំឡេងមិនទាន់បែក និងធ្លាក់ចុះឡើយ។

ថ្វីត្បិតតែព្រាប សុវត្ថិ ល្បីល្បាញបានជាង២ទសវត្ស នៅហង្សមាស មែន ប៉ុន្ដែពេលនេះ ហង្សមាស បានត្រៀមរលកថ្មីសម្រាប់ជំនួសតំណែងរបស់លោក ហើយក្នុងនោះមានម្ចាស់ពានជាច្រើនដួងដែលក្រុមហ៊ុនមួយនេះជ្រើសបាន ដូចជា នី រតនា, ថែល ថៃ , គ្រី ថៃពៅ និងចាន់ សុបញ្ញា ជាដើម។ ដោយឡែកព្រាប សុវត្ថិ វិញ ក៏បានត្រៀមជើងព្រួលរួចជាស្រេចផងដែរ នៅពេលដែលវ័យរបស់លោកកាន់តែជ្រេនេះ តាមរយៈការបណ្ដុះគ្រាប់ពូជកូនប្រុសទាំង៣ ឲ្យស្នងលោកនាពេលអនាគតនោះ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ។

ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថា ក្នុងចំណោមកូនទាំង៣របស់ព្រាប សុវត្ថិ នេះ មិនទាន់មានអ្នកណាម្នាក់ធ្វើព្យុះភ្លៀងនៅឡើយ ហើយពេលនេះពួកគេល្បីដោយសារចំហាយកេរ្ដិ៍ឈ្មោះរបស់ឪពុកពួកគេ៕