តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលស្ពាយបង្វេចចេញពីសាន់ដេ ចូលហង្សមាស ៣ឆ្នាំទៅហើយនោះ ប៉ុន្តែពេលនេះអ្នកចម្រៀងកូន៣រូបនេះ នៅតែមិនទាន់បញ្ចេញស្នាដៃក្នុងភាពយន្ដខ្នាតធំ ឬរឿងភាគរបស់ហង្សមាស ឡើយ ខណៈដែលតារាចម្រៀងប្រុសៗរបស់ផលិតកម្មនេះ មានដូចជា ព្រាប សុវត្ថិ , ណុប បាយ៉ារិទ្ធ , ឆន សុវណ្ណារាជ , នី រតនា , ហ្សូណូ , គ្រី ថៃពៅ និងថែល ថៃ ជាដើម ពួកគេសុទ្ធតែបានថតកុនឲ្យហង្សមាស រៀងៗខ្លួន។

ដោយឡែក លោកសិរីមន្ត នៅតែមិនទាន់បង្ហាញស្នាដៃថ្មី តាមរយៈការថតភាពយន្ដនៅផលិតកម្មមួយនេះឡើយ ខណៈដែលកាលនៅទ្រនំចាស់ សាន់ដេ សិរីមន្ដ ធ្លាប់ថតរឿងក្នុងតំណែងតួឯកជាបន្ដបន្ទាប់។

គេចាំបានថា អំឡុងពេលសិរីមន្ដ ចូលហង្សមាស ភ្លាម លេចឮព័ត៌មានថា អ្នកចម្រៀងរូបនេះនឹងចាប់ដៃជាមួយប្អូនថ្លៃថៅកែហង្សមាស ឱក សុគន្ធកញ្ញា ថតភាពយន្ដខ្នាតធំ ប៉ុន្ដែដោយសារសុគន្ធកញ្ញា រៀបការ ហើយយកកូនភ្លាម ទើបពួកគេខកខានការសាងស្នាដៃរួមគ្នា។

ខេមរៈ សិរីមន្ដ ត្រូវបានមហាជនមើលឃើញអ្នកចម្រៀងរូបនេះ នៅតែមិនទាន់ល្បីល្បាញដូចកាលនៅសាន់ដេ ឡើយ ព្រោះបទចម្រៀងរបស់គេមិនទាន់ផ្ទុះខ្លាំងដូចមុនទេ។
ប៉ុន្ដែសិរីមន្ដ អះអាងថា មិនអាចប្រៀបធៀបការច្រៀងរបស់គេនៅសាន់ដេ និងហង្សមាស បានទេ ព្រោះបើសិនជានៅសាន់ដេ គេមាន១០០០បទ អីចឹងនៅហង្សមាស ទើបបាន១០បទទេ។

លោកអ៊ឹង សុខលាភ អ្នកគ្រប់គ្រងផលិតកម្មហង្សមាស ទូរស័ព្ទចូលតែមិនលើកឡើយ ទើបមិនអាចសុំភ្លឺរឿងកេរ្ដិ៍ឈ្មោះរបស់សិរីមន្ដ នៅពេលនេះបានឡើយ។
ថ្វីត្បិតតែខេមរៈ សិរីមន្ដ មិនទាន់ផ្ទុះខ្លាំងដូចកាលនៅសាន់ដេ មែន ប៉ុន្ដែជាញឹកញាប់ គេឃើញលោកសិរីមន្ត បង្ហាញភាពផ្អែមល្ហែមជាមួយភរិយាអ្នកនាងកុយ ផល្លី ដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។

ចំណងស្នេហ៍ជាង១០ឆ្នាំនេះ សិរីមន្ដ ទទួលបានចំណងដៃកូន៣នាក់ គឺកូនប្រុសទី១. ឈ្មោះខេមរៈ មន្ដស្នេហ៍ អាយុជិត៧ឆ្នាំ, កូនស្រីទី២. ឈ្មោះខេមរៈ ស្រ្ដី អាយុជាង៣ឆ្នាំ និងកូនស្រីទី៣. ឈ្មោះថុន ខេមរៈមន្ដរាជនីយ អាយុជាង១ឆ្នាំ ៕