ពិធីការិនីឌួង ហ្សូរីដា ដែលជាទូតសុច្ឆន្ទៈដំរីអរាវត្ដា នោះ បានចាប់ដៃជាមួយឌីជេ ហេរ៉ូ ធ្វើពិធីការិនីក្នុងកម្មវិធីរាត្រីសប្បុរសធម៌ ប្រមូលមូលនិធិជួយដល់ការអភិរក្សដំរីដែលរៀបចំនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ កាលពីថ្ងៃល្ងាចទី២៤ ខែកក្កដា ឆ្នាំ២០២០។

កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន, ឯកឧត្តមហ៊ុយ សារ៉ាវុធ តំណាងឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្ដីក្រសួងពត៌មាន, លោកស្រីក្លេខៃ ចិន្ដា ប្រធានសមាគមអៃរាវត្តា និងសប្បុរសជនជាច្រើនទៀត។
លោកស្រីក្លេខៃ ចិន្ដា ប្រធានសមាគមអៃរាវត្តា បានឲ្យដឹងថា នេះជាលើកទី៣ហើយ ដែលសមាគមនេះរៀបចំកម្មវិធីសប្បុរសធម៌ឡើង ដែលលើកទី១ ធ្វើនៅស្ថានទូតបារាំង និងលើកទី២ ធ្វើនៅសណ្ឋាគាឡឺរ៉ូយ៉ាល់។

មូលនិធិដែលប្រមូលបានពីសប្បុរសជនដំរីអៃរាវត្តា បានយកទៅបើកប្រាក់ខែឲ្យហ្មដំរី ព្យាបាលដំរី និងទិញចំណីឲ្យដំរី។ អៃរាវត្តា ក៏រងផលប៉ះពាល់ដល់ហិរញ្ញវត្ថុដោយសារតែកូវីដ-១៩ដែរ ព្រោះតែចំណូលមួយផ្នែកបានមកពីភ្ញៀវទេសចចរណ៍ ដែលមកកម្សាន្ដ ដល់ទីតាំងអភិរក្សផ្ទាល់ដល់ខេត្តរតនគិរី។យើងក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែជួយជាថវិកាឧបត្ថម្ភដល់សមគមដំរីអៃរាវត្តា ដូចជា ៖

សម្ដេចម៉ែ ព្រះអង្គបានធ្វើព្រះរាជប្រទានថវិកា២ម៉ឺនដុល្លារ ក្នុងឱកាសក្រុមប្រឹក្សាពិបាលចូលគាល់ព្រះអង្គ កាលពីឆ្នាំ២០១៨,
ឯកឧត្តមខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្ដីក្រសួងពត៌មាន និងជាប្រធានកិត្តិយសសហគមអៃរាវត្ថា និងតែងតែផ្ដល់ថវិការដល់សមាគម,
ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ឧបត្ថម្ភ២ម៉ឺនដុល្លារ ក្នុង១ឆ្នាំ,
ឯកឧតុ្តមកែប ជុតិមា ឧបត្ថម្ភថវិកា និងលើកទឹកចិត្ត,
ឯកឧត្តមហ៊ុន ម៉ានី តែងតែចាត់អ្នកតំណាងចូលរួមកម្មវិធី,
ឯកឧត្តមប៉ាន សូរស័ក្ដ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានលើកទឹកចិត្ត និងគាំទ្រគម្រោងសមាគមអៃរាវត្តា,
លោកជំទាវសៅ ស្រីពៅ អនុរដ្ឋលេខាធិការក្រសួងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,
សមាគមនានា មានដូចជា សមាគមចម្លាក់ប្រាក់កំពង់លួង,
លោកចាន់ រដ្ឋា អគ្គនាយកលីឌីញ,
លោកស្រីហាឡ អានីន នាយិកា “Miss Planet International” ,
ក្រុមការងារ ដូចជា ពិធីករហេរ៉ូ កញ្ញាឌួង ហ្សូរីដា ក្រុមល្បុកតោ ក្រុមបង្ហាញម៉ូដ ក្រុមបដិសណ្ឋារកិច្ច និងជំនួយការទូទៅ។

ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា លោកនៅតែបន្ដជួយគាំទ្រសមាគមដំរីអៃរាវត្តា តទៅឆ្នាំក្រោយៗទៀត។

ដោយឡែក កញ្ញាឌួង ហ្សូរីដា ថា នឹងដឹកនាំក្រុមសិល្បករចូលរួមកម្មវិធីសប្បុរសធម៌នេះទៅទៀត ហើយតារាៗទាំងនោះពេញចិត្តធ្វើការងារនេះ ដោយមិនយកប្រាក់នោះទេ ជាក់ស្ដែង ដូចជាក្រុមតារាបង្ហាញម៉ូដទាំង៩ដួង ដែលបានបង្ហាញម៉ូដ និងរៀបចំឡើងដោយអ្នកច្នៃម៉ូដ កញ្ញាឌួង ស្រីណុច Danama Tailor នៅរាត្រីនេះ។

កម្មវិធីនេះក៏មានការដេញថ្លៃផ្ទាំងគំនូរ ស្ដីពីដំរី និងចម្លាក់ស្ពាន់ធ្វើពីដំរី ដើម្បីប្រមូលថវិកាយកទៅជួយដល់សមាគមដំរីអៃរាវត្តា រួមទាំងការបំពាក់គ្រឿងឥស្សរយសដល់ម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរ។

ចំណែកតារាបង្ហាញម៉ូដទាំង៩ដួងនោះ ពួកគេបានបង្ហាញម៉ូដសម្លៀកបំពាក់យ៉ាងស្រស់ស្អាតដែលរ៉ូបខ្លះច្នៃជាម៉ូដរូបដំរី ដោយហាងកាត់ដេដាណាម៉ា ៕

