គេកត់សម្គាល់ឃើញថា នៅចុងឆ្នាំកក្កដា និងដើមខែសីហា នេះ គឺរយៈពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ ដែលមានតារាស្រី៣ដួងយំបង្ហូរទឹកភ្នែកព្រមគ្នាតែម្ដង ព្រោះតែពួកគេបាត់បង់ម្ដាយជាទីស្រលាញ់ ដែលព្រាត់គ្មានថ្ងៃនឹងអាចជួបសារជាថ្មីវិញបានឡើយ។
តារស្រីទាំង៣ដួង មានដូចខាងក្រោមនេះ ៖

១. អោក សុម៉ាវត្តី ៖ អោក សុម៉ាវត្តី និងបងប្អូនត្រកូលអោករបស់នាង មានអោក សុម៉ាលីតា , អោក សុម៉ារីម៉ា និងអោក សុម៉ាដាលីស បានយំព្រមគ្នាតែម្ដង ព្រោះតែម្ដាយរបស់ពួកគេ អ្នកស្រីទីវ សោភ័ណ្ឌ អាយុ៥៩ឆ្នាំ បានទទួលមរណៈភាពកាលពីថ្ងៃទី២៤ ខែកក្កដា ដោយរោគគាពាធ។

សុម៉ាវត្តី បានរៀបចំធ្វើបុណ្យគម្រប់ខួប៧ថ្ងៃ ជូនម្ដាយរបស់នាង ហើយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ខណៈដែលបងស្រីរបស់នាង អោក សុម៉ារីម៉ា កំពុងរស់នៅជាមួយប្ដីនិងកូនៗ នៅអាមេរិក មិនអាចមកទាន់ពិធីបុណ្យសពម្ដាយឡើយ។

២. ប៉ែន សុផានី ៖ អ្នកនាងប៉ែន សុផានី ដែលកំពុងមានសេខក្ដីសុខ ក្រោយបានជួបគូស្នេហ៍ថ្មីមន្រ្ដីប៉ូលិសផ្កាយ២ លោកដាប់ ជូន នោះ បែរជាជួបទុក្ខធំយំបង្ហូរទឹកភ្នែកឡើងជោគថ្ពាល់ ព្រោះតែម្ដាយរបស់នាង អ្នកស្រីជា សុវណ្ណារី ដែលមានជំងឺមហារីកស្បូន រយៈពេល១០ឆ្នាំទៅហើយនោះ បានទទួលមរណៈភាពកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ខណៈដែលកន្លងមកនាងធ្លាប់នាំម្ដាយទៅព្យាបាលនៅមន្ទីពេទ្យថៃ និងវៀតណាមដែរ ប៉ុន្ដែនៅតែមិនជាសះស្បើយឡើយ។

៣. ទឹម រដ្ឋា ៖ តារាសម្ដែងរូបនេះបានយំខ្សឹបខ្សួលអួលដើមក ព្រោះតែម្ដាយរបស់នាង អ្នកស្រីប៉ែន រ៉ានី បានទទួលមរណៈភាពកាលពីវេលារំលងអាធ្រាត្រថ្ងៃទី៣១ ខែកក្កដា ឈានចូលថ្ងៃទី១ ខែសីហា ដោយជំងឺគាំងបេះដូង។

រដ្ឋា និងប្អូនស្រីនាង ទឹម វត្តី មានការតក់ស្លុតរន្ធត់ចិត្តខ្លាំងណាស់ ព្រោះម្ដាយនាងមិនដែលមានជំងឺអ្វីធ្ងន់ធ្ងរទេ តែនៅសុខៗស្រាប់តែគាំងបេះដូងស្លាប់ទាំងកំពុងគេងលក់នៅពេលរាត្រី។

គេឃើញមានតារារួមអាជីពជាច្រើននាក់បានផ្ញើសាររំលែកទុក្ខតារាទាំង៣ អោក សុម៉ាវត្តី , ប៉ែន សុផានី និងទឹម រដ្ឋា ជាបន្ដបន្ទាប់ផងដែរ៕