Wednesday, June 18, 2025
Homeព័ត៌មានជាតិប្រកាសក្តែងៗសុទ្ធតែមានអាពិសេសៗតាមហ្វេសប៊ុក ឥឡូវសមត្ថកិច្ចឃាត់ខ្លួនហើយ

ប្រកាសក្តែងៗសុទ្ធតែមានអាពិសេសៗតាមហ្វេសប៊ុក ឥឡូវសមត្ថកិច្ចឃាត់ខ្លួនហើយ

ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ រស់នៅខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឆបោកតាមបណ្តាញសង្គម ដោយបានធ្វើការឆបោកប្រជាពលរដ្ឋ លក់លេខទូរស័ព្ទពិសេសៗ ដែលមានតម្លៃថ្លៃ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ក្រោមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ។

សូមបញ្ជាក់ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តរតនគិរី។

ជនសង្ស័យ ឈ្មោះហូ ង៉ុកណាម ហៅវីង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់អីវ៉ាន់តាមអនឡាញ មានលំនៅក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ក្រោយពីសាកសួរ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលនិយមទិញស៊ីមកាតទូរស័ព្ទ លេខពិសេស តាមអនឡាញ មេត្តាពិនិត្យលើប្រភពនៃទំនិញ និងម្ចាស់គណនី ទំព័រហ្វេសប៊ុកឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្តទិញ ចៀសវាងនូវការបោកប្រាស់ពីជនខិលខូច ដូចករណីខាងលើនេះ៕

RELATED ARTICLES