ស្ត្រីវ័យចំណាស់ម្នាក់ដែលទើបមកពីសហរដ្ឋអាមេរិក ហើយត្រូវធ្វើចត្តាឡីស័កនៅវិទ្យាល័យ១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤ថ្ងៃ ត្រូវបានគេទម្លាយថា ត្រូវមូសខាំសុសពេញខ្លួន ដែលអាចនាំឲ្យកើតជំងឺផ្សេងៗ។

យោងហ្វេសប៊ុកមួយ មានឈ្មោះ “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គ.ធ” បានបង្ហោះសារថា “កន្លែងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ100ខ្នង ទឹកថ្លា ធ្វើឲ្យមនុស្សមិនមានជម្ងឺ ក្លាយទៅជាមានជម្ងឺព្រោះតែមូសខាំ។ លោកស្រីទើបចុះពីយន្តហោះនៅថ្ងៃទី05 ខែមីនា ឆ្នាំ2021 ហើយឱ្យក្លាយទៅជាបែបនេះ។ គាត់មកពីអាមេរីក”។

ចំពោះករណីនេះ យើងមិនទាន់ទទួលកាបំភ្លឺពីក្រសួងសុខាភិបាល បាននៅឡើយទេ។ យ៉ាងណា អ្នកសារព័ត៌មានយើងនឹងទទួលការស្រាយបំភ្លឺគ្រប់ពេល។
យ៉ាងណា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារដាច់ណាត់មួយឲ្យមន្ត្រីទាំងអស់រៀបចំសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំអទែរកុងទីណង់តាល់) ឲ្យក្លាយជាមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល ហើយយកអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ មកសម្រាកនៅទីនេះ។

សម្តេចបានបញ្ជាក់ថា អ្នកដែលមានជំងឺស្រាល ចូលទៅសម្រាកនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ គឺមានសភាពធ្ងន់ធ្ងរតែម្តង។

ភ្លាមៗនោះ ឯកឧត្តមហ៊ុន ម៉ាណែត បានចេញប្រតិបត្តិការដឹកនាំមន្ត្រីរៀបចំសណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំអទែរកុងទីណង់តាល់) ឲ្យក្លាយជាមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល បានដោយជោគជ័យ ដោយប្រើពេល៣៣ម៉ោង៕