ក្រោយពីបានឃើញស្ត្រីនគរបាលចរាចរណ៍ ត្រូវមេហៅទៅធ្វើកិច្ចសន្យារឿងបង្ហោះរូបបំបៅដោះកូន ពេលកំពុងបំពេញភារកិច្ចការងារនោះ កញ្ញានី មុនីនាថ តារាសម្តែងល្បីឈ្មោះ បានបង្ហាញអារម្មណ៍អាណិតទៅលើស្ត្រីនគបាលរូបនោះ ហើយបានចោទសួរជាសំណួរថា “គួរលើកទឹកចិត្ត ឬធ្វើកិច្ចសន្យា ! តើគាត់ខុសដែរឬទេ ? តើយល់អារម្មណ៍មួយនេះទេ ?”។

កញ្ញានី មុនីនាថ បានបង្ហោះសារនៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ ថា ”គួរលើកទឹកចិត្ត ឬធ្វើកិច្ចសន្យា ! តើគាត់ខុសដែលឬទេ ? តើយល់អារម្មណ៍មួយនេះទេ ? ចំពោះខ្ញុំយល់ច្បាស់ណាស់ ហើយឡើងក្តុកក្តួលចិត្ត

ទោះខ្ញុំគ្មានកូន តែខ្ញុំយល់ពីទំហំទឹកចិត្តម្តាយ ដែលមានចំពោះកូន មិនថាក្នុងកាលៈទេសៈណា ដូចនេះគួរមានគុណធម៌ យោគយល់ លើកទឹកចិត្ត ដល់គាត់ផងចា តើគាត់បំបៅដោះកូនក្នុងខណៈកូនឃ្លានបៅ ខុសច្បាប់ដែរឬទេ ? បើកូនមិនប៉ៅទឹកដោះគោ ហើយកូនប៉ៅតែទឹកដោះម្តាយ ?

រូបភាពចាក់ដោតបេះដូងខ្លាំងណាស់ ក្រោកពីគេងមកឃើញរូបភាពអីចឹង គឺស្រមៃរូបភាពអាណិតម្តាយគ្រប់រូបណាស់”។

គួបញ្ជាក់ថា ស្ត្រីនគរបាលមា្នក់ មាន ឈ្មោះស៊ីថុង សុខា អត្តលេខ៧១៦៥៥ តួនាទីជាអធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ត្រូវបានស្នងការរង ហៅទៅធ្វើកិច្ចសន្យា បន្ទាប់ពីស្ត្រីនគរបាលរូបនេះ បានបង្ហោះសារនិងរូបភាពបំបៅដោះកូន ថា “ព្រោះតែពាក្យថាម៉ែ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនអស់ភាពខ្មាសអៀន (នេះហើយជីវិតពិត)”។

យ៉ាងណា នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ បានពន្យល់ថា ការបំបៅកូន គឺជាកាតព្វកិច្ចស្ត្រីគ្រប់រូប តែការបង្ហោះរូបភាព ត្រូវសុំប្រធានអង្គភាពជាមុនសិន៕
