តារាសម្ដែងចាន់ ស្រីរ័ត្ន រកបានម្ចាស់បេះដូងហើយ តាមរយៈការភ្ជាប់ពាក្យជាផ្លូវការជាមួយអាណិកជនខ្មែរ មកពីអូស្រា្ដលី លោកនៅ ខេមរា ដែលពិធីនេះរៀបចំត្រូវថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា ឆ្នាំ២០២១តែម្ដង។
ទោះជានេះជាថ្ងៃពិសេសរបស់ស្រីរ័ត្ន មែន តែការជួបជុំមិនសូវមានទ្រង់ទ្រាយធំឡើយ ដោយសារតែទាំងសងខាងបារម្ភពីកូវីដ១៩ ហេតុនេះហើយមានភ្ញៀវតែអ្នកដែលជិតដិតបំផុតប៉ុណ្ណោះ ដែលចូលរួម តែក្នុងនោះក៏មានវត្តមានលោកជំទាវហ៊ុន ស៊ីណាត ប្អូនសម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចូលរួមផងដែរ

ចាន់ ស្រីរ័ត្ន បានប្រាប់ ”នគរធំ” តាមទូរស័ព្ទកាលពីថ្ងៃទី១០ ខែមីនា ថា នាងបានស្គាល់អនាគតស្វាមីរយៈពេល២ឆ្នាំ ទើបឈានមកភ្ជាប់ពាក្យកាលពីពេលថ្មីៗនេះ ហើយតាមគម្រោង នាងរៀបការនៅចុងឆ្នាំ២០២២ ខាងមុខនេះ។

ស្រីរ័ត្ន ថា បានស្គាល់លោកខេមរា តាមរយៈហ្វេសប៊ុក ហើយក៏មានទំនាក់ទំនងគ្នា២ឆ្នាំមកហើយ ដែលចំណុចពិសេសរបស់គូដណ្ដឹងនាង គឺលោកស្រលាញ់នាង និងក្រុមគ្រួសារ ដោយស្មោះស និងចេះគោរពចាស់ទុំ។

ស្រីរ័ត្ន បន្ថែមថា ចំពោះការរង់ចាំរៀបការរហូតដល់ចុងឆ្នាំ២០២២នោះ ដោយសារតែនាងគិតថា ពេលនោះ កូវីដ-១៩ អាចស្ងប់ស្ងាត់ អាចធ្វើពិធីរៀបការបានហើយ។ ប៉ុន្ដែក្រោយរៀបការរួច នាងនឹងអាចចេញចូលទៅមកអូស្រា្ដលី តាមប្ដី មិនទាន់ចង់រស់នៅជាអចិន្ត្រៃយ៍នោះទេ។

ទាក់ទងអាជីពសិល្បៈវិញ ចាន់ ស្រីរ័ត្ន បានឲ្យដឹងថា ដោយសារតែពេលនេះ កូវីដ-១៩ ផ្ទុះខ្លាំងពេក ហេតុនេះហើយនាងផ្អាកការថតសម្ដែងមួយរយៈសិន រង់ចាំឲ្យពេលវេលាសមស្របណាមួយ ទើបនាងទទួលការងារសិល្បៈដូចមុនឡើងវិញ។

ក្រៅពីអាជីពសម្ដែងនិងពិធីការិនី ចាន់ ស្រីរ័ត្ន ក៏ជាមន្រ្ដីបម្រើការនៅក្រសួងព័ត៌មាន ម្នាក់ផងដែរ។ នាងស្ថិតក្នុងចំណោមតារាដែលយកប្ដីជាអាណិជនខ្មែរ នៅអូស្រ្ដាលី មានដូចជា ដាញ់ ម៉ូនីកា, អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម៕