តន់ ច័ន្ទសីម៉ា របស់ Galaxy ពិតជាមានយីអ៊ុនល្អមែន ព្រោះថានៅពេលនេះនាងបានវ៉ាដាច់អស់តារាចម្រៀងផ្នែកយុវវ័យ ខណៈ បទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរ របស់នាង បានចេញហើយមានការគាំទ្រច្រើន។

អ្នកសិល្បៈមួយចំនួនបានលើកឡើងថា សីម៉ា ឈ្នះដោយមិនបាច់ប្រកួតតែម្ដង ព្រោះថាតារាចម្រៀងស្រីជាច្រើនដួងបានត្រៀមចេញបទចម្រៀងបុកជាមួយនាង សម្រាប់បុណ្យចូលឆ្នាំខ្មែរ តែពេលនេះពួកគេបានផ្អាកស្ទើរតែទាំងអស់គ្នាតែម្ដង ព្រោះតែកូវីដ-១៩ ផ្ទុះខ្លាំងពេក ហេតុនេះគេអាចសន្និដ្ឋានបានថា សម្រាប់តារាចម្រៀងស្រី នឹងអាចគ្មានតារាយកឈ្នះសីម៉ា បានទេ នៅដើមឆ្នាំ២០២១នេះ ព្រោះថាសូម្បីតែពេជ្រ សោភា ដែលអះអាងថា មាន៣០បទ ក្នុងដៃនោះ ក៏ទើបតែបញ្ចេញបានតែ២បទប៉ុណ្ណោះ ក៏ជាប់គាំងលែងហ៊ានចេញថត MV ព្រោះតែខ្លាចកូវីដ ធ្វើទុក្ខ។

តន់ ច័ន្ទសីម៉ា បានក្លាយទៅជាតួឯកស្រីរបស់ Galaxy បន្ទាប់ពីនាងមានឱកាសបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ទើបធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់នាងបោះពួយទៅមុខលឿន ហួសការំពឹងទុក។

អំឡុងពេលឡើងកូដនេះ ស្រីស្រស់ តន់ ច័ន្ទសីម៉ា កាន់តែឡើងកាលីពផងដែរ តាមរយៈការជិះរថយន្ដទំនើបម៉ាក Mclaren និងមានអង្គរក្សបើកជូនទៀតផង។ ជីវិតរបស់អតីតបេក្ខភាព “The Voice Cambodia” រដូវកាលទី២ រូបនេះ ហាក់ខុសគ្នាដូចមេឃនិងដី បើបើប្រៀបធៀបជីវិតនាងកាលពីប៉ុន្មានឆ្នាំមុន ដែលធ្លាប់ច្រៀងពេលរាត្រីនៅហាងផឹកស៊ី ជាច្រើនឆ្នាំ ដោយ១យប់ បានតម្លៃខ្លួនតែជាង១០ដុល្លារប៉ុណ្ណោះ តែពេលនេះ សីម៉ា ត្រូវផលិតកម្មកំណត់តម្លៃច្រៀង១កម្មវិធីធំ ស៊ីថ្លៃដល់ទៅ៥០០០ដុល្លារ។

ប៉ុន្ដែមហាជនមួយចំនួនថា ពេលនេះ សីម៉ា ត្រូវផលិតកម្មលើក និងអួតពីតម្លៃខ្លួននាងជ្រុល ព្រោះបើច្រៀងម្ដង៥០០០ដុល្លារមែន គឺមានន័យថា នាងខ្លាំងជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហើយបើថ្លៃយ៉ាងនេះ ច្បាស់ជាលែងហ៊ានមានអ្នកជួលជាមិនខានឡើយ។

ប៉ុន្តែសីម៉ា ថា តម្លៃនោះខាងផលិតកម្មជាអ្នកកំណត់ ហើយនាងមិនដែលតាំងខ្លួនថា ខ្លាំងឬល្បីជាងគេទេ គ្រាន់តែបទចម្រៀងដែលនាងចេញនាពេលកន្លងមក មានអ្នកទស្សនាច្រើន៕
