ភ្នំពេញ ៖ បន្ទាប់ពីមានករណីអន្ទិតកក្កដា សុភ័ណ្ឌ ដែលវិជ្ជមានកូវីដ-១៩ ទៅធ្វើជាអ្នកកំដរនៅក្នុងពិធីមង្គលការមួយ នៅឯភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មក ធ្វើឲ្យមានការបារម្ភពីការចម្លងជំងឺកាចសាហាវនេះក្នុងសហគមន៍ទ្រង់ទ្រាយធំមកនោះ មានការិះគន់វាយប្រហារពីមហាជនជាខ្លាំង ដោយបានស្នើឲ្យច្បាប់ ដាក់ទោសបុគ្គលម្នាក់នេះ កុំឲ្យរួចខ្លួន ដើម្បីកុំឲ្យជាគំរូអាក្រក់ដល់អ្នកដទៃ។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អន្ទិតកក្កដា សុភ័ណ្ឌ ដាច់ខាតត្រូវតែប្រឈមចំពោះមុខច្បាប់ ពីព្រោះច្បាប់ បង្កើតមកដើម្បីគ្រប់គ្រងមនុស្សមានចេតនាអាក្រក់ ម្យ៉ាងទៀត កាលៈទេសៈនេះ មិនអាចមានបុគ្គលព្រហើន និងមើលសា្រលជំងឺកូវីដ-១៩ បានទេ។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា “បើសិនអន្ទិតកក្កដា បានល្មើសក្នុងការធ្វើចត្តាឡីស័ក ពិតមែន គឺត្រូវអនុវត្តច្បាប់ ឲ្យបានតឹងរ៉ឹងបំផុត គឺដើម្បីកុំឲ្យមានអ្នកព្រហើនបែបនេះទៀត។ លេងសើចពេកហើយនាងអន្ទិតអើយ“។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា “ខ្ញុំឃើញព័ត៌ហ្នឹង ខ្ញុំមានការសោកស្ដាយមែនទែន ចំពោះព្រឹត្តិការណ៍ដែលចម្លងកូវដី-១៩ នៅក្នុងរោងការមួយ ដែលបង្កើតឡើងដោយអន្ទិត កក្កដា សុភ័ណ្ឌ។ វាពុំគួរមានរឿងហ្នឹងកើតឡើងទេ ព្រោះដឹងហើយថា អាជំងឺនេះ វាឆ្លងសាហាវណាស់ ហើយវាបានបង្កភាពស្មុគស្មាញទៅដល់សង្គមជាតិ ជាពិសេសបានបង្អាក់ដំណើរសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសតែម្ដង។ ករណីអន្ទិត កក្កដា សុភ័ណ្ឌ ប្អូនបានដឹងហើយថា ខ្លួនមានការសង្ស័យថាមានវីរុសកូវីដ-១៩ តែព្រហើនចាកចេញ ដើរហើរ ក៏ដូចជាមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ខ្ញុំមានតែទទូចឲ្យមានការអនុវត្តច្បាប់ឲ្យតឹងរ៉ឹងបំផុត ចំពោះជនណាដែលព្រហើន មិនគិតដល់សុខភាពរបស់ប្រជាពលរដ្ឋផ្សេង។ អីចឹងខ្ញុំមានតែអំពាវនាវដល់រាជរដ្ឋាភិបាលដាក់ទណ្ឌឲ្យខ្លាំង ទៅតាមច្បាប់ចែង ហើយដាក់ទោសទណ្ឌឲ្យខ្ពស់បំផុត មានន័យថា ច្បាប់ ចែងពីមធ្យមទៅខ្ពស់ អ៊ីចឹងយកអាខ្ពស់ហ្នឹង មកដាក់ទោស ដើម្បីកុំឲ្យជនដទៃទៀតយកគំរូអាក្រក់តាម“។

លោកពេជ្រ ស្រស់ បន្តថា “ដាច់ខាតត្រូវតែប្រឈមចំពោះមុខច្បាប់ ខ្ញុំមិនសុខចិត្តទេ ខ្ញុំមិនព្រមទេ ខ្ញុំនឹងតវ៉ាឲ្យដល់ចំណុចកំពូល និងចំណុចចុងក្រោយតែម្ដង ពីព្រោះច្បាប់បង្កើតមកដើម្បីគ្រប់គ្រងមនុស្សមានចេតនាអាក្រក់ ហើយបើមនុស្សមានចេតនាអាក្រក់ ប្រព្រឹត្តអាក្រក់ហើយ មិនដាក់ទោស អាហ្នឹងគឺបង្កើតច្បាប់មក នាំខាតពេលវេលាធ្វើអី! អ៊ីចឹងត្រូវតែដាក់ទោសឲ្យបានជាដាច់ខាត ពីព្រោះកាលៈទេសៈនេះ មិនអាចមានបុគ្គលព្រហើន និងមើលសា្រលមេរោគកូវីដ-១៩ ទេ អ៊ីចឹងត្រូវតែដាក់ទោសជាដាច់ខាត ព្រោះជាក់ស្ដែង យើងមើលការប្រកាសពីរដ្ឋបាលខេត្តតាកែវ មកថា អ្នកពាក់ព័ន្ធជាមួយកក្កដា សុភ័ណ្ឌ ហ្នឹង មានរហូតដល់ ៤០០នាក់ នេះជាតួលេខមួយដែលរដ្ឋអំណាច នៅខេត្តតាកែវ លោកបានបង្ហាញមក។
អីចឹងរកឃើញ ៤០០នាក់ហ្នឹង យើងអត់ដឹងថា តើ ៤០០នាក់ហ្នឹងទៅចម្លង ទៅប៉ះពាល់អ្នកណាទៀតទេ? វាច្រើនធំធេងមែនទែន។ មនុស្សម្នាក់ អាចចម្លងបាន ៤០០នាក់ យើងអាចនិយាយបានថា អាចធ្វើឲ្យមនុស្សដទៃច្រើននាក់ទៀត ឆ្លងពីខ្លួន អាហ្នឹងគឺជាហានិភ័យខ្ពស់។ អ៊ីចឹងមានតែដាក់ទោសទេ ទើបធ្វើឲ្យអ្នកខាងក្រោយ រាងចាលបាន“។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ គឺ២ថ្ងៃ ក្រោយពីបានទៅចុឡរួមពិធីមង្គលការមួយនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ អន្ទិតកក្កដា សុភ័ណ្ឌ បានប្រកាសថា ខ្លួនមានវិជ្ជមានវីរុសកូវីដ-១៩។
អន្ទិត កក្កដា សុភ័ណ្ឌ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនថា «ខ្ញុំកក្កដា សុភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។
អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ…។
ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹងពង្រឹងស្មារតីឲ្យបានល្អ រង់ចាំការព្យាបាល។
សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តឲ្យអ្នកទាំងអស់គ្នាជេរខ្ញុំ…។

សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខឲ្យ.. សូមមេត្តាទៅពិនិត្យសុខភាពដែលនៅជិត និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំឲ្យស្តាយក្រោយដូចខ្ញុំ…»។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អន្ទិតកក្កដា សុភ័ណ្ឌ បាននិយាយទាំងទឹកភ្នែកថា ខ្លួនពិតជាមានការសោកស្តាយ ព្រោះបើខ្លួនដឹងថា កើតកូវីដ-១៩ ខ្លួននឹងមិនទៅចូលរួមពិធីមង្គលការនៅខេត្តតាកែវ កាលពីថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២១ នោះទេ ដូច្នេះសូមអ្នកទាំងឡាយ ឈប់រិះគន់វាយប្រហារ បន្ទោសទៀតទៅ។
កក្កដា សុភ័ណ្ឌ បានឲ្យដឹងថា ខ្លួនបានទៅចូលរួមពិធីមង្គលការមិត្តភក្តិជិតដិតដែលស្គាល់

តាំងពីនៅរៀន ហើយដោយសារនៅទីនោះ ជាកន្លែងដែលខ្លួនបានបួសរៀនផងដែរ និងមិនដឹងថាខ្លួនមានកូវីដ-១៩ ទើបទៅចូលរួម ហើយនៅពេលនោះ ខ្លួនមានអាការដូចផ្តាសាយ ស្មានថាជាផ្តាសាយធម្មតា លុះវិលត្រឡប់ពីខេត្តតាកែវ ក៏បានទៅធ្វើតេស្តនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ទើបលទ្ធផលចេញមកថា មានវិជ្ជមានវីរុសកូវីដ-១៩ និងមានការសោកស្តាយណាស់ ដែលនាំទុក្ខឲ្យគេឯងជាពិសេសមិត្តភក្តិដែលជាសាមីដើមការនោះតែម្តង។
ពាក់ព័ន្ធករណីខាងលើនេះដែរ យោងតាមការបញ្ជាក់ពីរដ្ឋបាលស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាលស្រុក នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំងការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យនិងបិទទីតាំងផ្ទះសម្អាងការ ណាក់ ដាណេ និងផ្សារអង្គសិង្ហ ដែលមានជាប់ពាក់ព័ន្ធមង្គលការនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នោះ ជាបណ្ដោះអាសន្ន ក្រោយពេលដែលអ្នកកំដរកូនកំលោះ អន្ទិតកក្កដា សុភ័ណ្ឌ បានប្រកាសនៅលើគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ថាខ្លួនបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ក្រោយមានអាការមិនស្រួលខ្លួន ខុសប្លែកពីធម្មតា ហើយទៅធ្វើតេស្ត ក៏ទទួលបានលទ្ធផលបែបនេះតែម្តង។

យោងតាមមន្ទីរសុខាភិបាលខេត្តតាកែវ បានរកឃើញអ្នកប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ (កក្កដា សុភ័ណ្ឌ) ប្រហែលជា ៣០នាក់ និងដោយប្រយោល ប្រហែលជា ៤០០នាក់។ បច្ចុប្បន្ននេះ អ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោល ទាំងអស់នោះ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាក និងដាក់ឲ្យនៅដោយឡែក (ចត្តាឡីស័ក)។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ យោងតាមរបាយការណ៍របស់លោកកេត ម៉ៅ អភិបាលស្រុកសំរោង បានបញ្ជាក់ថា អ្នកប៉ះពាល់ជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩ (កក្កដា សុភ័ណ្ឌ) ក្នុងពិធីមង្គលការនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នោះ អ្នកប៉ះពាល់ផ្ទាល់ មានចំនួន ២៥នាក់ ក្នុងនោះមានទាំងឪពុកម្តាយកូនកំលោះកូនក្រមុំ កូនកំលោះកូនក្រមុំ អ្នកំដរកូនកំលោះកូនក្រមុំ ជាងថតរូប និងអ្នកភ្លេងផងដែរ ដែលក្នុងនោះនៅស្រុកសំរោង មានចំនួន ១២នាក់ ស្រុកបាទី មានចំនួន ១២នាក់ និងស្រុកត្រាំកក់ មានចំនួន០១នាក់។ ចំណែកអ្នកប៉ះពាល់ប្រយោល មានចំនួន ៣៥៥នាក់។ ភូមិដែលប៉ះពាល់ មានចំនួន ៥ភូមិ ក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយឡែកភូមិដែលរៀបមង្គលការ គឺភុមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានប្រជាពលរដ្ឋរស់នៅចំនួន ២០២គ្រួសារ មានប្រជាពលរដ្ឋសរុប ៨៩៥នាក់។

បន្ទាប់ពីកើតហេតុការណ៍អ្នកវិជ្ជមានកូវីដ-១៩ ចូលរួមពិធីមង្គលការ ខាងលើនេះ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកអ៊ូច ភា អភិបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្ន នូវដំណើរការគ្រឹះស្ថានសាធារណ:របស់រដ្ឋនិងឯកជន ក្នុងស្រុកសំរោង និងស្រុកបាទី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។
ពាក់ព័ន្ធករណីអន្ទិតកក្កដា សុភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ-១៩ ទៅចូលរួមពិធីមង្គលការនៅខេត្តតាកែវនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បើករណីបុគ្គលកក្កដា សុភ័ណ្ឌ ខ្លួនកំពុងតែធ្វើចត្តាឡីស័ក បែរជាលួចចេញទៅចូលរួមពិធីមង្គលការ ច្បាប់ពាក់ព័ន្ធចត្តាឡីស័ក មានហើយ ដូច្នេះច្បាប់ នឹងអនុវត្តលើបុគ្គលនេះ ដោយមិនមានការលើកលែងឡើយ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅទីស្តីក្រសួងសុខាភិបាល លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់កូវីដ-១៩ ត្រូវបានធ្វើឡើង ដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ហើយច្បាប់នេះ នឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឲ្យឆ្លងដល់អ្នកដទៃ ដូចបទល្មើសឧក្រិដ្ឋ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការធ្វើច្បាប់កូវីដ-១៩ ត្រូវបានធ្វើការស្រាវជ្រាវពីបទពិសោធន៍នៃបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក។ ច្បាប់នេះ ធ្វើឡើង ដើម្បីបំពេញស្ថានភាពបច្ចុប្បន្ននេះ និងនៅពេលអនាគត។ ក្នុងរយៈពេលជាង ១ឆ្នាំនេះ កម្ពុជា បានគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋ ទទួលបានការកោតសរសើរ។ ពោលគឺផ្អែកតាមព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ ធ្វើឲ្យកម្ពុជា ត្រូវមានច្បាប់មួយ ពីព្រោះថា ជំងឺកូវីដ-១៩ ជាជំងឺកាចសាហាវ ដែលកម្ពុជា មិនដែលធ្លាប់ជួប ហើយជំងឺនេះ បានធ្វើឲ្យឆ្លង ជាង ២០លាននាក់ និងស្លាប់ រាប់លាន នៅលើសកលលោក ។

លោករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តថា ប្រទេសកម្ពុជា បានរៀបចំច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន រួចហើយដែរ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់រួចហើយ កាលពីពេលកន្លងមកនេះ។ ប៉ុន្តែឆ្លងកាត់អស់រយៈពេលប្រមាណជាង ១ឆ្នាំមកនេះ ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នេះ បានធ្វើឲ្យកម្ពុជា ទាញបានជាសមត្ថកម្មចំនួន២ គឺ ១. ការឆ្លងជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងជីវិតមនុស្សពិតប្រាកដ។ ២. ការបិទសេដ្ឋកិច្ចជាតិ ធ្វើឲ្យប៉ះពាល់ជីវភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ច្បាប់កូវីដ-១៩ នេះ មិនមែនធ្វើសម្រាប់តែទប់ស្កាត់រីករាលដាលជំងឺកូវីដ-១៩ នៅពេលបច្ចុប្បន្ននោះទេ ប៉ុន្តែក៏ជាត្រៀមលក្ខខណៈទុកជាមុន នៅពេលអនាគត បើសិនមានជំងឺកើតឡើងជាយថាហេតុ។ ការរៀបចំច្បាប់នេះ បានរៀបចំជាយូរមកហើយ និងស្រាវជ្រាវពីច្បាប់ផ្សេងៗជាយូរមកហើយ ក៏នៅតាមបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ច្បាប់ដែលកម្ពុជា ធ្វើនេះ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសុខភាពសាធារណៈ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្ថែមថា ច្បាប់កូវីដ-១៩ នេះ ដាក់ទោសចំពោះអ្នកដែលមិនគោរពវិធានការក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយដែលអាចផ្តាច់ជីវិតប្រជាពលរដ្ឋកម្ពុជា និងបង្កមហន្តរាយការដល់សង្គមជាតិ។ ច្បាប់នេះ បង្កើតមានមូលដ្ឋានក្នុងការផ្តល់មូលដ្ឋានដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានសុខាភិបាលចាំបាច់ ក្នុងទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀត នៅពេលអនាគត។ ដើម្បីឲ្យច្បាប់មានប្រសិទ្ធភាព គឺច្បាប់ បានដាក់ទោសទណ្ឌចំពោះអ្នកបំពានផងដែរ។ ច្បាប់នេះ បានចែងពីបទល្មើសចំនួន៥ ក្នុងករណីអ្នកដែលបំពានលើវិធានការដែលរដ្ឋាភិបាល បានដាក់ចេញ ។
លោកកើត រិទ្ធ បញ្ជាក់ថា បទល្មើសដែលដាក់ចេញ មាន ៖
១. បទល្មើសគេចពីការធ្វើចត្តាឡីស័ក នឹងត្រូវផ្តន្ទាទោសដាក់ទោសពន្ធនាគារ ពី ៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី ១លានរៀល ទៅ ៥លានរៀល។
២. បទល្មើសអំពើគេចពីកន្លែងព្យាបាល ត្រូវដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ៥លានរៀល ទៅ ២០លានរៀល និងអាចបន្ថែមទោសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ (ទោសឧក្រិដ្ឋ) បើអំពើនេះ ឆ្លងដល់អ្នកដទៃ ឬផ្តាច់ជីវិតអ្នកដទៃ។
៣. បទល្មើសចម្លងដោយចេតនានៃជំងឺកូវីដ-១៩ ដល់អ្នកដទៃ ដាក់ទោសពី ៥ឆ្នាំ ដល់ ១០ឆ្នាំ ហើយបង្កើនពី ១០ឆ្នាំ ដល់ ២០ឆ្នាំ ករណីអំពើនេះមានរៀបចំឡើង ឬមានអង្គការចាត់តាំង។
៤. ការមិនគោរពវិធានការរដ្ឋបាល ពិន័យ ១លានរៀល ដល់ ៥លានរៀល ហើយបើសិនមិនគោរព បណ្តាលឲ្យមានជំងឺដល់អ្នកដល់ដទៃ ដាក់ទោសពន្ធនាគារ ពី៦ខែ ដល់ ៣ឆ្នាំ។
៥. ការរារាំង ឬឧបសគ្គដល់ការអនុវត្តវិធានការ ដាក់ទោស ៦ខែ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ដល់ ១០លានរៀន ហើយទោសនេះអាចបង្កើនដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល បើសិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ…៕