ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ម្នាក់ ត្រូវបានខ្សែភ្លើងឆក់ធ្លាក់ពីដំបូលផ្ទះល្វែង បណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចោលប្រពន្ធនិងកូន ឱ្យនៅកំព្រា។
ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅការដ្ឋានសាងសង់ផ្ទះល្វែង ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

បុរសរងគ្រោះ មានឈ្មោះហ៊ាម ស៊ីដាន អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធនិងកូន ចំនួន២នាក់ ក្នុងបន្ទុក និងមានស្រុកកំណើតនៅឯខេត្តតាកែវ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានក្រោកពីដេក ដើម្បីបំពេញការងារធម្មតា ហើយពេលកំពុងលើកដែក យកទៅផ្សារភ្ជាប់ដំបូល ស្រាប់តែឃើញបែកផ្កាភ្លើងផ្នែកខាងលើ បណ្តាលឱ្យជនរងគ្រោះដែលកំពុងនៅលើដំបូលនោះ ធ្លាក់ចុះមកក្រោម បោកក្បាលស្លាប់ភ្លាមៗនៅនឹងទីតាំងការដ្ឋានតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញកោសល្យវិច័យចុះមកពិនិត្យសពជនរងគ្រោះ ហើយបានបញ្ជាក់ថា សពបុរសខាងលើ ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ បណ្តាលឱ្យធ្លាក់ពីដំបូលប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកការដ្ឋានសំណង់ខាងលើ ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន រង់ចាំពិនិត្យឯកសារច្បាប់សាងសង់បន្ថែមទៀត៕