ខេត្តមណ្ឌលគិរី ៖ គំនរឈើគ្រឿងផ្ទះអត់ច្បាប់ដែលក្រុមឈ្មួញលាក់ទុកត្រៀមបម្រុងដឹកចេញតាមរថយន្តកែច្នៃបន្តយកទៅចែកចាយ តាមបណ្តាដេប៉ូមួយចំនួនក្នុងខេត្តត្បូងឃ្មុំ និងមួយចំនួនទៀតក្នុងខេត្តព្រៃវែង មានរហូតដល់រាប់សិបម៉ែត្រគូបនោះ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេសចុះបង្ក្រាបប្រគល់ឱ្យជំនាញចាត់ការបន្ត។
ប្រតិបត្តិការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅដល់គោលដៅ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចអូរស្រែជឹង ក្នុងភូមិត្រពងធំ ឃុំស្រែឈូក ស្រុកកែវសីមា។

តាមប្រភពបានឱ្យដឹងថា ការចុះបង្ក្រាបនោះគឺបន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានរាយការណ៍ ហើយក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅដល់គោលដៅឃើញបទល្មើសជាក់ស្តែងតែម្តង ក៏បានប្រគល់ភារកិច្ចនោះឱ្យទៅកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមូលដ្ឋានស្រុកកែវសីមា អនុវត្តនីតិវិធីបន្តទៅតាមផ្លូវច្បាប់។
ក្រោយពីកម្លាំងចុះទៅបង្ក្រាបបានវត្ថុតាងទាំងនោះហើយ ក៏បានប្រគល់ភារកិច្ចបន្តឱ្យកម្លាំងមូលដ្ឋាន តែមិនទាន់ដឹងថា ការប្រគល់បន្តនោះ គឺប្រគល់ទៅឱ្យខាងបរិស្ថានគ្រប់គ្រង ឬក៏ឱ្យទៅខាងរដ្ឋបាលព្រៃឈើនោះទេ រីឯតួលេខពិតប្រាកដពីចំនួនឈើក៏ពុំទាន់ដឹងនៅឡើយដែរ។

មតិមហាជនភាគច្រើនបានលើកឡើងថា បទល្មើសព្រៃឈើទាំងឡាយ ទាំងតូច ទាំងធំដឹកជញ្ជូនឆ្លងកាត់ទីរួមស្រុកកែវសីមា ទាំងយប់ ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងក៏មិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានឬសមត្ថកិច្ចមូលដ្ឋានណាមួយចុះបង្ក្រាបដោយផ្ទាល់នោះដែរ លើក លែងតែមានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកបង្ក្រាប ទើបបានមកអែបអបយកស្នាដៃហើយរាយការណ៍ជូនទៅថ្នាក់លើ។

ជាក់ស្តែងនៅក្នុងទឹកដីឃុំស្រែឈូក ស្រុកកែវសីមា មានបទល្មើសកើតឡើងបន្តបន្ទាប់ខ្លាំងសម្បើមណាស់ ហើយមន្ត្រីអនុវត្តបង្ក្រាប បទល្មើស ធនធានធម្មជាតិទាំងអស់នោះ ហាក់ពុំសូវអើពើចុះបង្ក្រាបឡើយ តែចាប់ពីពេលនេះទៅគេសង្ឃឹមថាភាពអសកម្មរបស់មន្ត្រីទាំងនោះ នឹងមានការកែប្រែ៕