Monday, June 16, 2025
Homeព័ត៌មានជាតិដំឡើងរោងរួចរាល់ហើយ អាជ្ញាធរបញ្ជាឲ្យរុះវិញ រួចណែនាំម្ចាស់កម្មវិធី

ដំឡើងរោងរួចរាល់ហើយ អាជ្ញាធរបញ្ជាឲ្យរុះវិញ រួចណែនាំម្ចាស់កម្មវិធី

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងអនុវត្តតាមផែនការរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ សមត្ថកិច្ចក្រុងកំពង់ឆ្នាំង បានចុះទៅផ្អាកពិធីរៀបអាពាហ៍ពិពាហ៍មួយកន្លែង នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោកក៏បានដឹកនាំកម្លាំងចុះផ្អាកសកម្មភាពរៀបអាពាហ៍ពិពាហ៍មួយកន្លែង ឋិតនៅភូមិឃុំខាងលើ។ បន្ទាប់ពីចុះ ទៅពន្យល់ណែនាំដល់ម្ចាស់កម្មវិធីរួចមក ពួកគាត់ក៏បានសហការនឹងរើរុះរោង ដើម្បីផ្អាកកម្មវិធីភ្លាមៗផងដែរ។

ដោយឡែកលោកយិន សាវ៉េន បានផ្តាំផ្ញើណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិ សង្កាត់ និងស្ថាប័នមានសមត្ថកិច្ចឱ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗដែលមានមនុស្ស ចូលរួមច្រើនចាប់ពីពេលនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវអនុវត្តឱ្យ បានខ្ជាប់ខ្ជួនវិធានការ៣ការពារ៣ នឹងបីកុំឱ្យបានជាដាច់ខាត៕

RELATED ARTICLES