តារាចម្រៀងផលិតកម្មរាម មាស សុខសោភា នៅមិនទាន់បានថតបទចម្រៀងប្រពៃណីខ្មែរ មួយបទណា សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរឡើយ បើទោះជាពេលនេះនាងឈជើងនៅផលិតកម្ម២ផ្សេងគ្នាក្ដី តែតាំងពីទៅជ្រកនៅទ្រនំថ្មីនោះមក សោភា ទើបចេញបានចម្រៀងតែ១បទប៉ុណ្ណោះ គឺបទ”ត្រឡប់” ខណៈដែលនៅផលិតកម្មផ្ទាល់ខ្លួន Camtrax នាងនៅស្ងាត់ស្ងៀម។

ដោយឡែកតារាចម្រៀងល្បីៗនៅផលិតកម្មផ្សេងទៀត ដូចជា អ្នកនាងឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងកញ្ញាតន់ ច័ន្ទសីម៉ា ជាដើម បានថតបទចម្រៀងចូលឆ្នាំខ្មែរ បានខ្លះហើយ តាំងពីមុនផ្ទុះកូវីដ-១៩ មកម្ល៉េះ។ ចំណែកមាស សុខសោភា មិនទាន់មានអ្វីថ្មីសម្រាប់ត្រៀមទប់ទល់ជាមួយតារាផ្សេងទៀតនោះឡើយ។

អ្វីដែលរឹតតែធ្វើឲ្យមហាជនទន្ទឹងរង់ចាំថា តើនៅឆ្នាំ២០២១នេះ មាស សុខសោភា នឹងអូសដៃស្វាមី លោកអ៊ឹត រ៉ាដា រៀបការនៅថ្ងៃណានោះ អាចប្រឈមការខកចិត្តជាថ្មីម្ដងទៀតជាមិនខាន ព្រោះថាពេលនេះ សោភា កំពុងតែស្ទាក់ស្ទើចិត្តមិនហ៊ានរៀបការទាំងប្រថុយ នៅចុងឆ្នាំ២០២១ នេះឡើយ ព្រោះតែកូវីដ-១៩ កំពុងផ្ទុះខ្លាំង។

ការរំសាយមង្គលការជាលើកទី២នេះ ទស្សនិកជនប្រាកដជាមិនអាចដាក់កំហុសទៅមាស សុខសោភា ដូចមុនថា នាងមិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដនោះទៀតឡើយ ព្រោះថា តាមពិត សោភា បានប្រកាសត្រៀមខ្លួនគ្រងឈុតកូនក្រមុំមែនទែន នៅឆ្នាំ២០២១ នេះទៅហើយ តែចៃដន្យអី កូវីដ មករារាំងថ្ងៃពិសេសរបស់នាង ធ្វើឲ្យសោភា បង្ខំចិត្តពន្យារពេលរៀបការជាថ្មីម្ដងទៀត។

មាស សុខសោភា ធ្លាប់ប្រកាសថា នាងនឹងរៀបការជាមួយលោកអ៊ឹត រ៉ាដា មិនឲ្យលើសពីឆ្នាំ២០០៩ ឡើយ ក្រោយពេលដែលអតីតតារាសាន់ដេ រូបនេះ បានបែកធ្លាយរូបថតឱបថើបស្វាមី ដោយស្រើបស្រាលកាលពីឆ្នាំ២០០៨។ ប៉ុន្តែពេលនេះ មានរយៈពេលជិត១២ឆ្នាំទៅហើយ សោភា នៅតែមិនអាចរៀបការបានដដែល ខណៈដែលតារារួមអាជីពជាមួយនាង មានដូចជា សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជាដើម រៀបការប្ដីរៀងៗខ្លួនអស់ទៅហើយ។

មាស សុខសោភា ធ្លាប់វាចាថា នាងមិនចង់និយាយរឿងរៀបការទុកជាមុនទេ ព្រោះចង់ឲ្យក្រុមអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល តែនៅឆ្នាំ២០២១ នេះ នាងនឹងធ្វើរឿងមួយឲ្យគេបានឃើញទាំងអស់គ្នា ដែលទស្សនិកជនយល់ថា នោះជាពិធីអាពាហ៍ពិពាហ៍របស់តារាចម្រៀងល្បីរូបនេះ ដែលមានទ្រង់ទ្រាយធំ។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយនាងធ្លាប់ប្រាប់ថា បានធ្វើពិធីរៀបការតាមបែបសាសនាគ្រឹស្តម្ដងរួចទៅហើយ នៅព្រះវិហារមួយ នៅកាណាដា កាលពីឆ្នាំ២០០៨។

បើទោះជាស្នេហាមិនទាន់មានខាន់ស្លាតាមប្រពៃណីខ្មែរមែន តែទស្សនិកជនជាច្រើនបានសរសើរនូវការរក្សាចំណងស្នេហា បាន១៤ឆ្នាំ របស់សុខសោភា នៅពេលនេះ ដោយគ្មានការប្រែប្រួល ខណៈដែលតារាខ្លះរៀបការហើយ លែងលះគ្នាយ៉ាងទាន់ហន់ ក៏មានដែរ។

ប៉ុន្តែសោភា ជាញឹកញាប់ គេឃើញនាងតែងតែចេញសារសរសើរស្វាមីថា ជាបុរសល្អដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីរូបនាង។ ចំណែកលោករ៉ាដា ជាស្វាមី តែងតែសម្របខ្លួនតាមនាងគ្រប់ពេល ហើយក្រោយចាប់ដៃគ្នាជាង១ទសវត្សមកនេះ សោភា និងស្វាមីមានជីវភាពធូរធា រស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើបម៉ាក Ladcruiserផងដែរ៕ ដោយ ៖ ហ៊ឹម វិចិត្រ