ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបទីតាំងចែកចាយផលិតផលក្លែងម៉ាក NNP ឃាត់ខ្លួនស្ត្រី ម្ចាស់ទីតាំងម្នាក់។ ការចុះបង្ក្រាបនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលដឹកនាំដោយលោកថេង សំណាង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រីម៉ក់ ធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើស និងមានការចូលរួមពីមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋាន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះបូ រ៉ាណា ភេទស្រី យកទៅធ្វើការសាកសួរ និងបានរឹបអូសផលតផល ក្លែងម៉ាក NNP ប្រមាណជាច្រើនមុខទៀតក្នុងក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍ បញ្ជាក់ថា មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានណែនាំដល់ម្ចាស់ទីតាំងខាងលើ ឱ្យបញ្ឍប់សកម្ម ភាពក្លែងម៉ាកផលិតផល NNP យកទៅចែកចាយ។ ប៉ុន្តែម្ចាស់ទីតាំងមិនអនុវត្តតាម ហើយនៅតែបន្តចែកចាយ ទើបក្រុមហ៊ុន ដាណាទ្រី ប្តឹងទាមទារសំណង១០ម៉ឺនដុល្លារ និងឈានដល់បង្ក្រាបបែបនេះ។

ជាមួយនឹងការឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំង សមត្ថកិច្ចបានដកហូតផលិតផលក្លែងម៉ាករួមមាន សេរ៉ូមបន្តក់លាបមុខចំនួន៤ដប ឡេលាបខ្លួន ចំនួន២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ៥ដប និងឡេលាយគ្មានម៉ាក ចំនួន១០៣កំប៉ុង។

ចំពោះម្ចាស់ទីតាំងចែកចាយ ដែលឃាត់ខ្លួននោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា នឹងអប់រំណែនាំធ្វើកិច្ចសន្យា ឬត្រូវបញ្ជូនទៅតុលាការ យ៉ាងណានោះទេ ព្រោះកំពុងសាកសួរនៅឡើយ៕