បន្ទាប់ពីម្តាយតារាចម្រៀងវី ឌីណែត បានទទួលមរណភាពអំឡុងពេលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលបានចេញមុខបញ្ជាក់ពីមូលហេតុដោយសារស្លាប់កូវីដ-១៩ វាយលុកសួត ធ្វើឲ្យរលាកខ្លាំង។

ក្រសួងសុខាភិបាល បានប្រកាសជាផ្លូវកានៃការស្លាប់របស់ម្តាយវី ឌីណែត ជនជាតិខ្មែរ អាយុ៦២ឆ្នាំ រស់នៅសង្កាត់បឹងស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៥នាទីព្រឹក នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ-១៩ វាយលុកសួត ធ្វើឲ្យរលាកសួតនិងស្ទះសសៃឈាមបេះដូង។

ក្រសួងក៏បានបញ្ជាក់ដែថា ម្តាយរបស់វី ឌីណែត មានស្ថានភាពហត់ខ្លាំង គួបផ្សំនឹងមានជំងឺទឹកនោមផ្អែម លើសឈាមនិងជំងឺធាត់ផងដែរ។
គួរបញ្ជាក់ថា ម្តាយរបស់វី ឌីណែត បានចូលើសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកំចាត់រោគរបេង ហើយដោយសារស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)។

ក្រោយពេលដឹងថា ម្តាយបានទទួលមរណភាព កញ្ញាវី ឌីណែត បានបង្ហោះសារយ៉ាងក្រៀមក្រំថា “ខ្ញុំលែងមានម៉ាក់ហៅហើយ សូមម៉ាក់ទៅឲ្យបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមើលថែប៉ា និងអ្នកផ្ទះយើង កូននឹងរឹងមាំ

សូម្បីតែមុខជាលើកចុងក្រោយក៏មិនបានឃើញ ម៉ាក់ឈឺ ក៏កូនៗមិនអាចទៅមើលថែបាន ម៉ាក់ខូចហើយ ក៏មិនអាចឃើញ សូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនបាន សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុគតិភពផងចុះ
សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហើយ ម៉ាក់អើយ”។

ដោយឡែក លោកហួរ ឡាវី ត្រូវជាឪពុកវី ឌីណែត បានបង្ហោះសារថា “អូនអើយសូមអូនវិលត្រឡប់មកផ្ទះវិញមក ប្តីអង្គុយចាំមើលផ្លូវប្រពន្ធទាំងទឹកភ្នែក តស៊ូឡើងអូនសាធុ.សាធុសាធុ”៕