តារាចម្រៀងល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាស លោកខេមរៈ សិរីមន្ដ បានផ្ដល់សម្ភាសន៍តាមទូរស័ព្ទជាមួយ ”នគរធំ” កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ថា ពេលនេះ លោកនិងភរិយា ព្រមទាំងកូនទាំង៣ (ស្រី២) មានសុខភាពល្អ ១០០% គ្មានការប្រែប្រួល ឬមានអាការៈណាមួយគួរឲ្យសង្ស័យថា មានកូវីដ-១៩ ឡើយ។ នេះជាសារមួយឆ្លើយតបទៅអ្នកគាំទ្រតារាចម្រៀងរូបនេះ ខណៈដែលមុននេះ មានតារាចម្រៀងមួយចំនួននៅហង្សមាស បានតេស្ដឃើញកូវីដ-១៩ ជាបន្ដបន្ទាប់ ទើបធ្វើឲ្យក្រុមអ្នកគាំទ្រលោកសិរីមន្ដ បារម្ភពីសុខភាពរបស់ Idol ពួកគេ។
ខេមរៈ សិរីមន្ដ អះអាងថា លោកបានផ្អាកថតសម្ដែង MV តាំងពីមុនផ្ទុះព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០កុម្ភៈ មកម្ល៉េះ ហេតុនេះហើយលោកមិនបារម្ភថា ជំងឺមួយនេះអាចកើតឡើងចំពោះរូបលោកឡើយ។

ដោយឡែក ការថត MV បទ ដែលកំពុងតែផ្ទុះ ”ក្រមុំឥឡូវចាស់ៗម្ល៉េះ?” លោកថា បានធ្វើតាំងពីក្រោយបុណ្យចូលឆ្នាំចិន (១២-១៤ កុម្ភៈ ២០២១) ភ្លាមៗម្ល៉េះ អីចឹងមិនពាក់ព័ន្ធការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នោះឡើយ។
តារាចម្រៀងហង្សមាស រូបនេះ ក៏បានបន្ថែមថា សម្រាប់តារាសម្ដែងទាំងអស់ដែលថត MV បទចម្រៀងរបស់លោកកន្លងមក ក៏គ្មានតារាណាមានកូវីដទេ ព្រោះដូចជាសំណាងរបស់លោកដែរ ដែលការថតសម្ដែងនៅពេលនោះ មិនទាន់ផ្ទុះកូវីដ-១៩។

ទាក់ទងរឿងតារាចម្រៀងហង្សមាស បានធ្វើតេស្ដឃើញកូវីដ ជាបន្ដបន្ទាប់ តែលោកច្រៀងនៅហង្សមាស ដែរ តែបែរជាមិនទៅធ្វើសំណាកនោះ ត្រូវបានលោកខេមរៈ សិរីមន្ដ ប្រាប់ថា ក្រសួងសុខាភិបាល បានធ្វើតេស្ដលើអ្នកទាំងឡាយណាដែលមានប៉ះពាល់ព្រឹត្តការណ៍២០កុម្ភៈ ចំណែករូបលោក មិនមានពាក់ព័ន្ធព្រឹត្តិការណ៍នោះ ឬមិនបានប៉ះពាល់ជាមួយតារាណាដែលវិជ្ជមានកូវីដ នោះទេ។

សិរីមន្ត ថា ខាងក្រសួងសុខាភិបាល គាត់ធ្វើការច្បាស់លាស់ណាស់ អីចឹងបើលោកមានការសង្ស័យថា មានប៉ះពាល់ជាមួយតារាដែលមានកូវីដ នោះ ក្រសួង នឹងតម្រូវឲ្យលោកទៅធ្វើតេស្ដជាមិនខាន។

ថ្វីត្បិតតែពេលនេះ លោកខេមរៈ សិរីមន្ដ ថា លោកមានសុខភាពប្រក្រតី ហើយមិនមានគម្រោងទៅធ្វើតេស្ដរកកូវីដ ដោយសារតែមិនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយតារាដែលមានកូវីដ-១៩ ក្ដី ប៉ុន្ដែលោកថ្លែងថា ជំងឺកូវីដនេះ វាមិនស្គាល់អ្នកណានោះទេ បើយើងប្រហែស វានឹងកើត ហេតុនេះហើយលោកក៏មិនអាចដឹងថា អាចនឹងគេចផុតពីជំងឺដ៏កាចសាហាវនេះ បានរហូត ឬយ៉ាងណានោះទេ ព្រោះថា នៅពេលខាងមុខ មើលមិនឃើញ។
ប៉ុន្ដែលោកសិរីមន្ដ តាំងចិត្តថា ប្រសិនបើលោកមានសុខភាពប្រែប្រួលខុសធម្មតាណាមួយ ហើយកើតជាសញ្ញាណាសង្ស័យមានកូវីដ-១៩ នោះ លោកនឹងទៅធ្វើសំណាកភ្លាមតែម្ដង ដើម្បីការពារសុខភាពលោក និងក្រុមគ្រួសារ គឺមិនអាចបណ្ដោយបានជាដាច់ខាត។

សិរីមន្ត បន្ថែមថា អំឡុងពេលដែលកូវីដ-១៩ កំពុងផ្ទុះនេះ លោកបានផ្អាកការច្រៀងសម្ដែងនៅលើឆាកតន្រ្ដីនៅស្ទូឌីយោហង្សមាស មួយរយៈ ខណៈដែលគម្រោងចេញថត MV បទ ”ហួសសម័យ” នៅថ្ងៃទី១៤ ខែមីនា នោះ ក៏ត្រូវបានផ្អាកដោយគ្មានពេលកំណត់ដែរ គឺរង់ចាំរហូតដល់ស្ថានការណ៍វិលមកប្រកតីឡើងវិញ ទើបកំណត់សាជាថ្មីម្ដងទៀត។
តារាចម្រៀងឈានមុខគេនៅហង្សមាស រូបនេះ ក៏បានឲ្យដឹងថា លោកមានស្ទូឌីយោនៅផ្ទះផ្ទាល់ខ្លួន ហើយការងារមួយចំនួន លោកបានធ្វើការងារតាម Telegram ជាមួយហង្សមាស មិនចាំបាច់មិនចេញពីផ្ទះនោះទេ ។ ប៉ុន្ដែសម្រាប់ការថតរូបវិញ លោកថា អាចនឹងទៅក្រុមហ៊ុន ព្រោះថតម្នាក់ឯងមិនជួបជុំទ្រង់ទ្រាយធំទេ តែត្រូវការពារខ្លួនដោយពាក់ម៉ាសក៍ និងលាងដៃជាមួយអាល់កុល ជាប្រចាំផងដែរ។

បើទោះជាពេលនេះ លោកខេមរៈ សិរីមន្ដ បញ្ជាក់ថា សុខភាពលោកនៅល្អដូចធម្មតាក្ដី ប៉ុន្ដែតារាហង្សមាស ដល់ទៅ៤ដួង ហើយដែលតេស្ដឃើញកូវីដ ក្នុងនោះ មានដូចជា អ្នកនាងចាន់ កែវនិមល, សុគន្ធ និសា, វី ឌីណែត និងលោកណុប បាយ៉ារិទ្ធ ខណៈដែលអ្នកដឹកនាំសម្ដែង MV ប្រចាំហង្សមាស លោក Eco Vak Song និងប្អូនថៅកែហង្សមាសម្នាក់ទៀត ក៏មានកូវីដ និងកំពុងសម្រាកព្យាបាលដូចគ្នា។

លោកខេមរៈ សិរីមន្ដ បានផ្ញើសារទៅតារាដែលកំពុងព្យាបាលកូវីដ-១៩ និងប្រជាជនទាំងអស់ថា ”សូមឲ្យបងប្អូនដែលកំពុងតែព្យាបាលថែរក្សាសុខភាពឲ្យបានល្អ ព្រោះជំងឺនេះអាចព្យាបាលជាទេ។ ចំណែកបងប្អូនជនរួមជាតិ ត្រូវប្រកាន់ខ្ជាប់ ”៣កុំ ៣ការពារ” ហើយបើសិនជាគ្មានកិច្ចការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះអី៕ ដោយ ៖ ហ៊ឹម វិចិត្រ