ភ្នំពេញ៖ ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសម្នាក់អាយុ៧៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩។ នេះជាករណីស្លាប់ទី៤ នៅប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនោះ បានប្រាប់ដឹងថា បុរសរូបនេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារ បានចូលនិវត្តន៍ មានលំនៅដ្ឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ហើយបុរសរូបនេះត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនោះ បញ្ជាក់ទៀតថា បុរសជាអ្នកជំងឺបានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសល ក្រុមគ្រូពេទ្យមិន អាចជួយសង្គ្រោះបាន ដោយសារស្ថានភាពធ្ងន់ធ្ងរពេក។

គួរបញ្ជាក់ថា នៅកម្ពុជា មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន៤នាក់ហើយ ទី១. បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១, ទី២. ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ (ភរិយាលោកហួរ ឡាវី ម្តាយកញ្ញាវី ឌីណែត) បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១, ទី៣. បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ និងចុងក្រោយនេះ បុរសវ័យ៧៥ឆ្នាំ អតីតវេជ្ជបណ្ឌិតជំនាញផ្នែកកុមារ ស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៕