Sunday, June 15, 2025
Homeតារាខ្មែរនាយក្រឹម ថាកុំភ្លេច ៣កុំ ៣ការពារ ទោះជាបានចាក់វ៉ាក់សាំងកូវីដ-១៩

នាយក្រឹម ថាកុំភ្លេច ៣កុំ ៣ការពារ ទោះជាបានចាក់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ នាយក្រឹម កំពូលតារាកំប្លែងល្បី ប្រចាំប្រទេសកម្ពុជា ខណះដែលលោកបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប្រកាសអំពាវនាវបន្ថែមលើអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការណែនាំរបស់ក្រសួងសុខាភិបាលថា សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ កុំភ្លេចអនុវត្តវិធានការ «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន ទោះបីជាបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយក៏ដោយ។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា “ខ្ញុំបាទបានចាក់វ៉ាក់សាំង លើកទី២ហើយ។ ទោះបីបានចាក់លើកទី១ ឬលើកទី២ ក៏ដោយ ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់នូវប្រសាសន៍របស់រាជរដ្ឋាភិបាលយើងជានិច្ច «៣កុំ ៣ការពារ» (អរគុណសន្តិភាព!)“។

ជាមួយនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ក៏បានជូនពរដល់អ្នកសិល្បៈ ក៏ដូចជាប្រជាជនកម្ពុជា មួយចំនួនដែលកំពុងមានវិជ្ជមានកូវីដ-១៩ និងកំពុងសម្រាកព្យាបាល សូមឲ្យឆាប់ជាសះស្បើយ ដើម្បីឆាប់បានមកជួបជុំគ្រួសារវិញ។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ថា «៣កុំ ៣ការពារ» ប្រៀបដូចជាទឹកថ្នាំ «ទឹក៣ រម្ងាស់យកទឹក១» អ៊ីចឹង គឺវាមានន័យជ្រាលជ្រៅណាស់ សម្រាប់មកអនុវត្ត ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ជាពិសេស លោកចង់ស្នើឲ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ស្នើទៅក្រុមហ៊ុនបម្រើសេវាប្រព័ន្ធទូរស័ព្ទ ជួយបញ្ចូលពាក្យ «៣កុំ ៣ការពារ» នេះ បន្ថែមលើពាក្យថា “យើងចូលរូមប្រឆាំងនឹងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល“។

នាយក្រឹម បានមានប្រសាសន៍ថា “បាទ! ជាការពិតណាស់ ហើយខ្ញុំបាទក៏សូមបញ្ជាក់ថែមពីលើតាមប្រសាសន៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ បានផ្ដល់អនុសាសន៍ ក៏ដូចជាបានមានប្រសាសន៍ថា «៣កុំ ៣ការពារ» ហ្នឹង គឺទោះបីជាយើងចាក់វ៉ាក់សាំង ក៏ដោយ អ្នកមិនទាន់ចាក់ក៏ដោយ ត្រូវតែការពារ ត្រូវតែអនុវត្តុតាមច្បាប់ហ្នឹង ហើយជាពិសេស ដែលខ្ញុំបានបង្ហោះសារ ថ្វីត្បិតតែចាក់លើកទី២ ក៏ដោយ យើងត្រូវគោរពតាមអនុសាសន៍របស់សម្ដេច «៣កុំ ៣ការពារ» ដដែល។

ទី១ យើងចង់បញ្ជាក់ថា មេរោគបំប្លែង ដែលលោកជំទាវអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងក្បោះក្បាយ ក៏ដូចជាផ្ញើសារជូនដល់ប្រជាពលរដ្ឋយើងហ្នឹង គឺដឹងហើយថា មេរោគបំប្លែងនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់។ អ៊ីចឹងហើយ យើងខ្លាចមេរោគហ្នឹងជាងគេ អ៊ីចឹងហើយ យើងត្រូវតែផ្ដាំហើយផ្ដាំទៀត តាមសុខាភិបាល លោកបានផ្ដែផ្ដាំ យើងសុទ្ធតែមើលមិនឃើញទាំងអស់គ្នា ថ្វីត្បិតតែយើងចាក់មែនហើយក៏ដោយ តែយើងត្រូវតែប្រុងប្រយ័ត្ន។

បានន័យថា ជាការពិតណាស់ បើយើងអនុវត្តទៅតាមហ្នឹងបានគ្រប់គ្នា សង្ឃឹមថា ជំងឺហ្នឹង នឹងអាចកាត់បន្ថយបន្តិចម្ដងៗ រហូតដល់អស់តែម្ដង។ ដូច្នេះ «៣កុំ ៣ការពារ» សំខាន់ណាស់ សំខាន់ជាងគេបំផុត ហើយនេះគឺជាពាក្យសម្ដីរបស់សម្ដេចតេជោ លោកបានមានប្រសាសន៍ សឹងថា ទឹក៣ យកទឹក១ អ៊ីចឹង គឺសុខាភិបាល ចម្រាញ់ទឹក៣ យកទឹក១ អ៊ីចឹង គឺវាអស់ន័យប៉ុណ្ណឹងហើយ «៣កុំ ៣ការពារ» ហ្នឹង គឺហាក់បីដូចជាចម្រាញ់ទឹក៣ យកទឹក១ អ៊ីចឹង។

អានេះជាលក្ខណៈមួយបន្ថែម ដូចខ្ញុំបាននិយាយពីដើមមិញថា ក្រែងលោមេរោគបំប្លែងថ្មី ព្រោះយើងកូវីដធម្មតា អ៊ីចឹងថ្នាំវាមានប្រសិទ្ធភាពហើយក្នុងពិភពលោកនេះ យើងអត់អាចវាយតម្លៃបានទេ ព្រោះថា វ៉ាក់សាំង់ការពារជំងឺកូវីដ ហើយ តែអាមេរោគបំប្លែងថ្មីនោះ ក្រែងលោមានអាមេរោគបំប្លែងថ្មីនោះ វាមកប៉ះពាល់ដល់យើង។ អ៊ីចឹងហើយ ទោះយើងចាក់វ៉ាក់សាំងហើយ លើកទី១ ក៏ដោយ លើកទី២ ក៏ដោយ ត្រូវតែការពារទៅ ល្អជាងដែលយើងធ្វេសប្រហែស។

ចំណុចនេះ ចំពោះព័ត៌មានថា កងទ័ពបានចាក់វ៉ាក់សាំងហើយ តែនៅតែមានការឆ្លងកូវីដ-១៩ នោះ ខ្ញុំជឿជាក់ថា ប្រហែលជាគាត់ធ្វេសប្រហែសមិនដឹង ឬគាត់គិតថា បានចាក់ហើយ វាមិនអី ព្រោះមិនថាតែកម្ពុជា យើងទេ ប្រទេសដទៃទៀតហ្នឹង ក៏មានបញ្ហាដូចយើងដែរ ក៏ប៉ុន្តែអ្នកចាក់វ៉ាក់សាំងហើយ ទោះបីជាកើតមែន មិនងាយអាចព្យាបាលដូចដើមវិញទេ វាមិនអាចដូចដើមខ្លាំង ហើយមួយទៀត ដូសថ្នាំរបស់យើងហ្នឹង វាមិនទាន់ជ្រាបដល់ ហើយយើងអត់ប្រុងប្រយ័ត្នទៀត អាហ្នឹងវាអាចប៉ះពាល់ដែរ“។

នាយក្រឹម បន្តថា “បាទ! ខ្ញុំបាទតែងតែផ្សព្វផ្សាយតាមរយៈកំប្លែងរបស់ខ្ញុំផង អីផង ហើយខ្ញុំបានសុំពាក្យមួយ តាមតេឡេហ្វូនធម្មតាស្ដាប់ យើងឮថា «យើងរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល» បើសិនជាបន្ថែម «៣កុំ ៣ការពារ» ហ្នឹងទៀត អាចជ្រាបដល់ប្រជាពលរដ្ឋភាគច្រើន ព្រោះប្រជាពលរដ្ឋយើង ទោះបីជាឲ្យគាត់អាន គាត់អានហួសហើយ អក្សរនោះ។ អ៊ីចឹងយើងចៀសវាងតាមដានគាត់ ធ្វើម៉េចឲ្យគាត់យល់ មានតែតាមទូរស័ព្ទហ្នឹងហើយ មនុស្សម្នាក់ៗ ចៀសមិនផុតពីការស្ដាប់ទេ។

នេះជាសំណូមពររបស់ខ្ញុំ ដល់ក្រសួងសុខាភិបាល ឬដល់រាជរដ្ឋាភិបាល សុំឲ្យទូរស័ព្ទនីមួយៗហ្នឹង គឺពេលតេចេញទៅ សុំឲ្យឮពាក្យ «៣កុំ ៣ការពារ» ហ្នឹង ដោយសារយើងស្ដាប់អត្ថន័យ «៣កុំ ៣ការពារ» ហ្នឹងដូចខ្ញុំនិយាយពីដើមហ្នឹង គឺដូចសម្ដេច លោកបានចម្រាញ់ ក្រសួងសុខាភិបាល ណែនាំហ្នឹង ទឹក៣ ទឹក១ ហើយ។ ពាក្យទប់ស្កាត់ ការពារ ទប់ស្កាត់ៗហើយ ក៏ប៉ុន្តែអ្វីដែលប្រុងប្រយ័ត្ន ប្រជាពលរដ្ឋយើង គំនិតគាត់ផ្សេង ប្រជាពលរដ្ឋខ្លះ គាត់យល់ផ្សេងអ៊ីចឹងទៅ។ អ៊ីចឹងបើយើងដាក់ «៣កុំ ៣ការពារ» ហ្នឹងម៉េចខ្លះ? បើគាត់ស្ដាប់អាហ្នឹង ប្រហែលជាគាត់សួរបងប្អូនគាត់ហើយ ម៉េចគេថាអ៊ីចឹង »៣កុំ ៣ការពារ» ? អ៊ីចឹងអ្នកក្នុងគ្រួសារនីមួយៗ គាត់យល់ ហើយគាត់អាចបញ្ជាក់ប្រាប់បានហើយ គឺវាអាចផ្សាយគ្របដណ្ដប់ទូទាំងប្រទេស“។

លោកអ៊ូ ប៉ុណ្ណារ៉ាត់ បន្ថែមថា “ចំពោះអ្វីដែលខ្ញុំសូមជូនពរដល់ប្អូនៗនិងកូនក្មួយសិល្បៈ ក៏ដូចជាប្រជាជនយើងមួយចំនួន ដែលកំពុងមានវិជ្ជមានវីរុសកូវីដ-១៩ ដែលឥឡូវកំពុងព្យាបាល ដោយមានការយកចិត្តទុកដាក់ពីលោកវេជ្ជបណ្ឌិត ថែទាំរាល់ថ្ងែនេះនោះ គ្រាន់តែខ្ញុំសោកស្ដាយ ដែលសិល្បករយើងមានជួបបញ្ហាអ៊ីចឹងទៅ បន្ទាប់មកទៀត កូនចៅខ្ញុំ កំប្លែងហ្នឹង ត្រូវបានម្ដាយស្លាប់ បាត់បង់ជីវិត ជាការសោកស្ដាយបំផុត សើ្ទរតែរកពាក្យអីនិយាយមិនបាន អួលដើមកពេក។

អីចឹងសិល្បករ សិល្បការិនីទាំងអស់ មេត្តាយល់ ហើយគោរពជាប់នឹងខ្លួនយើងជានិច្ច ព្រោះយើងជាជំហានមួយសិល្បៈ ដែលធ្វើឲ្យប្រជាជនសប្បាយ ធ្វើឲ្យប្រជាជនគេយល់ ធ្វើឲ្យប្រជាជនគេសប្បាយចិត្ត ចង់ធ្វើយំក៏បាន ចង់ធ្វើសើចក៏បាន ចង់ធ្វើស្អីក៏បាន សិល្បៈ អ៊ីចឹងយើងធ្វើប៉ុណ្ណឹងមិនបាន គឺហាក់បីដូចជាខ្សោយពេក។ អ៊ីចឹងហើយ យើងទាំងអស់គ្នា សិល្បករ សិល្បការិនីទាំងអស់ គ្រប់ជំនាញ គ្រប់ទម្រង់ សូមមេត្តាជួយគិតទាំងអស់គ្នា ហើយជួយពិចារណាទាំងអស់គ្នា ហើយជួយការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ នេះ ដល់បងប្អូនសិល្បករ ក៏ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែរ“៕ កុលបុត្រ

RELATED ARTICLES