ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ ត្រូវបានប្រុសស្នេហ៍របស់ខ្លួន ណាត់ជួបក្នុងផ្ទះសំណាក់ លុះក្រោយពីរួមរ័កជាមួយគ្នារួចរាល់ ស្រាប់តែខាងប្រុសបែកគំនិតធ្វើសកម្មភាពរឹតកស្រីស្នេហ៍របស់ខ្លួន រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មកបានយកភួយមករុំខ្ចប់សព ដាក់ចោលនៅខាងមុខបន្ទប់ផ្ទះសំណាក់ ចំណែកជនសង្ស័យជាឃាតករ បានព្យាយាមគេចខ្លួនអស់រយៈពេល ៧ខែ ទើបត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការរតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ នៅត្រង់ចំណុចខាងមុខបន្ទប់លេខ៦ ក្នុងបរិវេណផ្ទះសំណាក់យីហោ យ៉ិនស៊ិនថ្មី មានទីតាំងស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់។ រហូតមកដល់វេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករបាន នៅចំណុចភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

សាកសពស្ត្រីរងគ្រោះដែលត្រូវប្រុសស្នេហ៍ណាត់រួមរ័ករួចរឹតកសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះជន ស្រីណូ ភេទស្រី អាយុ៣៩ឆ្នាំ មានកូនប្រុសអាយុ ៥ឆ្នាំម្នាក់ រស់នៅជាមួយជីដូន និងមានលំនៅក្នុងភូមិទួលក្រួស សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់។ ចំណែកជនសង្ស័យជាឃាតករ ដែលទើបនឹងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន មានឈ្មោះច្រឡឹង ហ៊ុន ភេទប្រុស កើតថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨៥ មានកន្លែងកំណើត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នមានលំនៅ ភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានដាក់ផែនការឱ្យលោកចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនករណីឃាតកម្ម ដោយសហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះច្រឡឹង ហ៊ុន កាលពីវេលាម៉ោង ៥ល្ងាច

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ២០ ច.ខ.២២ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ចេញដោយលោក តេង រតនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីឃាតកម្ម ប្រព្រឹត្តនៅបន្ទប់លេខ៦ ក្នុងផ្ទះសំណាក់យីហោ យ៉ិនស៊ិនថ្មី ស្ថិតនៅថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

ក្រោយឃាត់ខ្លួន ជនសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ផូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅ មានករណីឃាតកម្មដ៏សាហាវឃោរឃៅ មួយបានកើតឡើងនៅត្រង់ចំណុចខាងមុខបន្ទប់លេខ៦ ក្នុងបរិវេណផ្ទះសំណាក់យីហោ យ៉ិនស៊ិនថ្មី មានទីតាំងស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ដោយស្ត្រីម្នាក់ត្រូវបានប្រុសស្នេហ៍របស់ខ្លួន ណាត់ជួបក្នុងផ្ទះសំណាក់ លុះក្រោយពីរួមរ័កជាមួយគ្នារួចរាល់ ស្រាប់តែខាងប្រុសបែកគំនិតធ្វើសកម្មភាពរឹតកស្រីស្នេហ៍របស់ខ្លួន រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់មក ក៏យកភួយមករុំខ្ចប់សព ដាក់ចោលនៅខាងមុខបន្ទប់ផ្ទះសំណាក់ ចំណែកជនដៃដល់ជាឃាតករ បានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ថា ក្រោមការពិនិត្យស្រាវជ្រាវជាក់ស្តែងនៅជុំវិញកន្លែងកើតហេតុ ជាមួយគ្រូពេទ្យជំនាញ កាលពីវេលាម៉ោង ៩ និង២០នាទី រហូតដល់វេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ (ថ្ងៃកើតហេតុ) ទើបសមត្ថកិច្ច បានកំណត់អត្តសញ្ញាណសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះជន ស្រីណូ អាយុ៣៩ឆ្នាំ មានកម្ពស់១,៤៨ម៉ែត្រ សម្បុរខ្មៅស្រអែម ពាក់អាវដៃវែង ពណ៌ក្រហមមាន ផ្កាកូលាប ស្លៀកខោជើងវែង ពណ៌ក្រហមមានផ្កាកូលាប សពមានសភាពនៅទន់សន្លាក់ ផ្នែក-កមានស្នាមរឹតនឹងកន្សែងពោះគោ ពណ៌ផ្កាឈូក ១ជុំ ពេលស្រាយកន្សែង មានខ្សែនីឡុង ពណ៌ស រុំក២ជុំ ពេលកាត់ខ្សែនីឡុង មានស្នាមជាំទ្រុឌជារង្វង់ជុំ ទំហំ ០,៥សង់ទីម៉ែត្រ ចំហៀងកខាងស្តាំ មានស្នាមជាំទ្រុឌចំនួន ៣កន្លែង ចំណែកប្រដាប់ភេទសព មានទឹកកាមបុរសជាច្រើន។ តាមការពិនិត្យ សពអាចស្លាប់លើសពី ៤ម៉ោង។

លោកស្នងការរង បានបញ្ជាក់ថា តាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុ និងយោងតាមការពិនិត្យស្រាវជ្រាវជាក់ស្តែង សមត្ថកិច្ចជំនាញ សន្និដ្ឋានថា ស្ត្រីរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម (រឹតកសម្លាប់) ដោយជនដៃដល់មានបំណងប្លន់យកម៉ូតូរបស់ស្ត្រីរងគ្រោះ ព្រោះនៅ កន្លែងកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-8098 និងមានលិខិតទិញ-លក់ម៉ូតូ ពីឈ្មោះសាន់ សុភា ភេទប្រុស មានលំនៅភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ទៀតផង។
តាមសម្តីស្ត្រីឈ្មោះម៉ុល រ៉េត អាយុ៦២ឆ្នាំ ត្រូវជាម្តាយង្កើតរបស់ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះពិតជា កូនស្រីរបស់គាត់មែន ហើយមួយរយៈនេះ នាងពុំសូវចូលផ្ទះទេ កន្លះខែ ទៅ១ខែ ទើបឃើញមកអើតឈ្ងោកគាត់ជាម្តាយ និងកូនប្រុសនាង ១ភ្លែត និងសុំលុយគាត់ ៥-៦ម៉ឺនរៀល រួចក៏ចេញទៅវិញបាត់ទៅ មិនដឹងជាទៅណានោះទេ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានសមត្ថកិច្ចផ្តល់ដំណឹងមកថា ប្រទះឃើញសាកសពកូនស្រីគាត់ ត្រូវគេសម្លាប់នៅក្នុងផ្ទះសំណាក់បែបនេះតែម្តង៕