នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាព ក្នុងការប្រគល់- ទទួល“ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” ដែលជាជំនួយរបស់ក្រុមហ៊ុនចិន Guang Dong និងបិទវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់សម្រាប់ការងារ វាស់ស្ទង់បម្រើឱ្យវិស័យធនធាន ទឹកដល់មន្ត្រីនាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្តទាំង២៥។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងថាគោលបំណងសំខាន់ នៃការប្រគល់ឧបករណ៍ នាពេលនេះគឺដើម្បីបំពាក់នូវឧបករណ៍វាស់ស្ទង់បែបទំនើបសម្រាប់បម្រើឱ្យការងារវិស័យធនធានទឹក និង បង្កើនចំណេះជំនាញបន្ថែមទៀតដល់មន្ត្រីរបស់ក្រសួង និងមន្ត្រីដែលមកពីបណ្តាមន្ទីររាជធានី-ខេត្ត អំពី ការប្រើប្រាស់ដ្រូនសម្រាប់ហោះផ្តិតយករូបភាពបច្ចុប្បន្នភាពពីលើអាកាស ដែលជាបច្ចេកវិទ្យាទំនើបងាយ ស្រួលក្នុងការវាស់ស្ទង់ ក៏ដូចជាការកំណត់ព្រំអាងទឹក ហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹក បង្កើតបាន ជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់លាស់ជាមួយនឹងខ្សែកម្រិតកម្ពស់ដី ជាពិសេសអាចហោះមើល ទីតាំងមួយចំនួនដែលពិបាកក្នុងការធ្វើដំណើរទៅដល់។


ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា តាមរយ:វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់ពេញមួយថ្ងៃកាលពី ម្សិលមិញ ការប្រគល់-ទទួល “ដ្រូន Mavic 3E និងឧបករណ៍វាស់ស្ទង់បាតទន្លេ(Bathymetric)” នាព្រឹក នេះគឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបរិបទថ្មីនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ ឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានរម្លឹកទៅអតីតកាលនាពេលដែលមិនទាន់មានដ្រូន និងឧបករណ៍ បច្ចេកវិទ្យាទំនើបនេះថា មន្រ្តីបច្ចេកទេសក្រសួង និងបណ្តាមន្ទីរធនធានទឹក និងឧតុនិយមរាជធានី -ខេត្ត ទាំង២៥ ត្រូវកាន់ឧបករណ៍ក្តារម៉ែត្រចុះទៅវាស់វែងជាក់ស្តែងដោយដៃផ្ទាល់ ហើយពេលខ្លះមធ្យោបាយ ធ្វើដំណើរមិនអាចចូលទៅដល់ត្រូវធ្វើដំណើរថ្មើរជើងក្នុងចម្ងាយឆ្ងាយ និងចំណាយពេលវេលាយូរក្នុងការ ប្រមូលទិន្នន័យ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការធ្វើទំនើបកម្មវិស័យធនធានទឹកនឹងជួយបង្កើន នូវសមត្ថភាពមន្ត្រីជំនាញបន្ថែមទៀត ក្នុងការជួយគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការងារទន្លេ តាម រយ:ឧបករណ៍ទំនើបដែលបានចែកជូននេះ ដើម្បីយកទៅប្រើប្រាស់ក្នុងការបង្ហោះផ្តិតយករូបភាព បច្ចុប្បន្នភាពពីលើអាកាស យកមកផ្គុំបញ្ចូលគ្នាតាមរយៈការប្រើប្រាស់កម្មវិធី(Software) មួយចំនួន ទៀតដែលជាបច្ចេកវិទ្យាទំនើបងាយស្រួលចំណេញពេលវេលា វាស់ស្ទង់បាតទន្លេ ព្រមទាំងច្រាំង នៅផ្នែកខាងលើផ្ទៃទឹក កំណត់ទំហំព្រំអាងទឹក និងវិសាលភាពហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ អាចផលិតជាផែនទីដែលមានរូបភាពបច្ចុប្បន្នភាពច្បាស់ កម្រិតលម្អៀងតូចជាមួយនឹងខ្សែកម្រិតកម្ពស់ដី សម្រាប់ប្រើជាមូលដ្ឋាន និងទឡ្ហីករណ៍ច្បាស់លាស់ដោយឈរលើបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក្នុងការ គ្រប់គ្រង និងអភិរក្សនូវរាល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត និងធនធានទឹកទាំងអស់ដែលជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនចិន Guang Dong និងបានបង្ហាញនូវ ការជឿជាក់យ៉ាងមុតមាំថា ឧបករណ៍ និងចំណេះដឹងដែលទទួលបាននាពេលនេះ នឹងបានជួយបង្កើន នូវប្រសិទ្ធភាពការងារ ជាមួយនឹងការអនុវត្តឱ្យបានត្រឹមត្រូវ និងចំគោលដៅ ដើម្បីបម្រើផលប្រយោជន៍ ឱ្យវិស័យធនធានទឹក ដែលក្រសួងបានដាក់ជូន កាន់តែមានភាពរីកចម្រើន និងទទួលបានប្រសិទ្ធផល ខ្ពស់បន្ថែមទៀត។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់នាយកដ្ឋានជំនាញពាក់ព័ន្ធ និងបណ្តាមន្ទីររាជធានី-ខេត្តទាំង២៥ ត្រូវយកចិត្តទុកដាក់ថែរក្សានូវឧបករណ៍នេះ ដើម្បីបម្រើប្រយោជន៍សាធារណ:បានយូរអង្វែងផងដែរ៕



