ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអុតស្វា ករណីទី៤។
ក្រសួងសុខាភិបាល បញ្ជាក់ថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺ អុតស្វា ដែលបានរកឃើញ ចំនួន៤ករណី។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីការរកឃើញករណីជំងឺអុតស្វា ករណីទី៤ មានខ្លឹមសារថា «ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ ត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វា ដែលបានរកឃើញចំនួន ៤ករណី។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា ដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម ៖
១-របៀបចម្លង ៖
– វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នកជំងឺអុតស្វា និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពួក កន្សែង ឬសម្ភារ ស្លាបព្រា ចាន កែវទឹក៘
– វីរុសអុតស្វា ឆ្លងពីម្តាយទៅកូន តាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល ការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយ មានជំងឺអុតស្វា។
២- វិធានការបង្ការការចម្លងជំងឺអុតស្វា ៖
– អនុវត្តការរួមភេទដែលមានសុវត្ថិភាព ដោយប្រើប្រាស់ស្រោមអនាម័យ រាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។
– ចៀសសវាងប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។
– ចៀសវាងការប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូក ខ្នើយ ឬកន្សែងពោះគោ ឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលអ្នកមានជំងឺអុតស្វា ប្រើប្រាស់។
– ចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអុតស្វា។
– អនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ឬជែលលាងដៃ ឬអាល់កុលលាងដៃ។
– បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជំងឺអុតស្វា ត្រូវតែដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ក្រមរជ្រុះអស់ និងទទួលលទ្ធផលអវិជ្ជមានវីរុសអុតស្វា។
– បុគ្គលដែលផ្តល់ការថែទាំអ្នកជំងឺអុតស្វា ត្រូវតែប្រើប្រាស់វិធានការការពារខ្លួនឱ្យបានសមស្រប។
– បុគ្គលមានរោគសញ្ញា ដូចជា កន្ទួលរមាស់ ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង ទោះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអុតស្វា ឬមិនមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា ត្រូវទៅពិគ្រោះយោបល់ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ពិគ្រោះ ឬធ្វើតេស្តរកជំងឺអុតស្វា ឬទូរស័ព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ»៕