ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំង បង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា បច្ចុប្បន្ននេះ មានបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វ ផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺឈាមឈ្មោះ Qdenga។ ក្រសួងសុខាភិបាល សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាក់កាលសិក្សាសរុបទាំង៤ នៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារនិងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។ ក្នុងខណៈនេះ អង្គ ការសុខភាពពិភពលោក (WHO) ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាម កន្លងមក វ៉ាក់សាំងនេះ ដើរតួនាទីជាការចម្លងជំងឺគ្រុនឈាម លើកទី១ ហើយនៅពេលបុគ្គលនេះកើត ជំងឺគ្រុនឈាម ម្តងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាម លើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ជិកានៅក្នុងប្រទេសកម្ពុជា នៅឡើយ។ ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការយក ចិត្តទុកដាក់ក្នុងការថែទាំសុខភាព ដោយមធ្យោបាយសមស្រប ដែលមានការអនុញ្ញាតដោយក្រសួងសុខាភិ បាល។
ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល សូមអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ ឡាន-ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់៕