Tuesday, June 24, 2025
Homeព័ត៌មានជាតិក្រសួងអប់រំ ណែនាំលើកកម្ពស់សំណេរអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ

ក្រសួងអប់រំ ណែនាំលើកកម្ពស់សំណេរអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាថ្មីៗនេះ បានចេញសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់និងថែរក្សាអក្សរ និងភាសាជាតិ ឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀត។

សេចក្តីណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារ ណៈ ទាំងក្បួនសរសេរអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់និងថែរក្សាអក្សរ និងភាសា ជាតិ ឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀតនោះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធ ដូចខាងក្រោម ៖

១- សិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវយកចិត្តទុកដាក់និងខិតខំរៀនភាសាខ្មែរ ទាំងលើការអាន និងការសរសេរ ឱ្យបានត្រឹមត្រូវ តាមអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ។

២- សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិ យាយ ទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុងបណ្តាញទំនាក់ទំនងសង្គម ឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយឬការចែករំលែកព័ត៌មាន និងការកម្សាន្តណាមួយក្តី។

៣- គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវត្រួតពិនិត្យ និងកែលម្អគ្រប់សំណេរទាំងឡាយដែលប្រើប្រាស់ ដាក់តាំងនិងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សារបស់ខ្លួន ជាពិសេសអក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ។

៤- គ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញនិងលើកទឹកចិត្ត សិស្សនិងនិស្សិត ឱ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ និងផុលផុស។

៥- គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវជំរុញឱ្យមានការប្រឡងប្រជែងអាននិងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។

៦- គ្រប់អង្គភាពអប់រំ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសាលារៀន ត្រូវពង្រឹងនិងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់អក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ នៅក្នុងលិខិតរដ្ឋបាល ឬលិខិតបទដ្ឋានគតិយុត្តទាំងឡាយ។

៧- មាតាបិតានិងអាណាព្យាបាលសិស្ស ត្រូវជួយជំរុញ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅ ក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរ ឱ្យបានត្រឹមត្រូវ។

៨- មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្ស ឱ្យប្រកាន់ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃ ជំនួសតួអក្សរខ្មែរ ។

ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មហា ជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជួយណែនាំ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយ គ្រប់ទម្រង់ នៅតាមទីសាធារណៈ ឬតាមបណ្តាញទំនាក់ទំនងសង្គមនានា។

ក្រសួងសង្ឃឹមថា គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិ ស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធទាំងអស់ នឹងចូលរួមសហការផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕

RELATED ARTICLES