ភ្នំពេញ ៖ បន្ទាប់ពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត មក រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានសម្រេចប្រគល់ភារកិច្ចថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងប្រគេនភារកិច្ចសម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទទួលភារកិច្ចជាសម្តេចព្រះសង្ឃនាយកស្តីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គត កាលពីម៉ោង ៥ៈ៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរួមគ្នារវាងក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតម្កល់ទុកក្នុងវត្តឧណ្ណា លោម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសព្រះរាជមហាកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះសព តាមប្រពៃណីខ្មែរ រហូតដល់ថ្ងៃថ្វាយព្រះភ្លើង។

ចំណែករាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំ លេខ ០១ សរ ណន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ។ គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្តាលនៃដងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅថ្ងៃដដែលនោះដែរ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្តេច ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យថ្វាយព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕