Monday, June 16, 2025
Homeសង្គម និងជីវិតដំរីញីជាប់ភក់ សង្គ្រោះបាន១០ថ្ងៃ ងាប់

ដំរីញីជាប់ភក់ សង្គ្រោះបាន១០ថ្ងៃ ងាប់

ខេត្តមណ្ឌលគិរី ៖ ជារឿងគួរឱ្យសោកសៅមួយ ខណៈដែលទទួលបានដំណឹងថា សត្វដំរីញី ១ក្បាល ដែលជាប់កប់ក្នុងល្បាក់ភក់ បណ្តាលឱ្យរងរបួសជើង និងត្រូវបានក្រុមការងារដែនជម្រកសត្វព្រៃ ភ្នំព្រេច ជួយសង្គ្រោះបានដោយជោគជ័យ និងព្យាយាមព្យាបាលសង្គ្រោះ អស់រយៈពេល១០ថ្ងៃរួចមក បែរជាបាត់បង់ជីវិត កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញសត្វដំរីព្រៃញី ១ក្បាល បានជាប់ក្នុងល្បាប់ភក់ ចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃ ភ្នំព្រេច។ ភ្លាមៗនោះ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី រួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បានព្យាយាមធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញី ១ក្បាលនោះ ដែលជាប់ផុងក្នុងភក់ អស់រយៈពេលបីថ្ងៃ នៅកន្លែងកើតហេតុ។

បន្ទាប់មក ក្រុមការងារបានដឹកដំរីព្រៃញី មួយក្បាលនោះ មកបន្តព្យាបាលនៅទីស្នាក់ការកណ្តាល នៃដែនជម្រកសត្វព្រៃ លំផាត់ ។ ប៉ុន្តែដោយសារតែសុខភាពសត្វដំរីព្រៃញីមួយក្បាលនេះ មានសភាពខ្សោយ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ដំរីញី ១ក្បាលនេះ ក៏បានងាប់ គួរឱ្យសោកស្តាយបំផុត។

បើតាមការបញ្ជាក់ពីមន្ត្រីបរិស្ថានខេត្ត នៅវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារនឹងរៀបចំជីករណ្តៅកប់សពសត្វដំរី នៅទីស្នាក់ការដែនជម្រកសត្វព្រៃ លំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕

RELATED ARTICLES