Monday, June 16, 2025
Homeសង្គម និងជីវិតគ្រូបារមីស៊ុន អ៊ូខុង ថាមិនជឿ កុំប្រមាថ អះអាងមានភ្នែក-ត្រចៀក-មាត់ទិព្វ

គ្រូបារមីស៊ុន អ៊ូខុង ថាមិនជឿ កុំប្រមាថ អះអាងមានភ្នែក-ត្រចៀក-មាត់ទិព្វ

ភ្នំពេញ ៖ ស្ត្រីវ័យកណ្តាលម្នាក់ បានអះអាងខ្លួនជាអ្នកស្នងបារមីលោកតា ស៊ុន អ៊ូខុង  (តួអង្គស្វា ក្នុងរឿងភាគចិន «ថាំងចេង ទៅចម្លងធម៌») មកប្រោសសត្វលោក តាមរយៈការធ្វើសមាធិ ប្រមើលពីវាសនា និស្ស័យរបស់មនុស្ស ទស្សន៍ទាយ ដោះអំពើអំព័ន្ធ ខ្មោចព្រាយបិសាចចូលខ្លួន និងមើលហុងស៊ុយ ព្យាបាលជំងឺ លើករាសី ដោយបាមីស៊ុន អ៊ូខុង មហាទេពស្មើមេឃ មានភ្នែកទិព្វ ត្រចៀកទិព្វ មាត់ទិព្វ ដូច្នេះ “បើមិនជឿ កុំប្រមាថ!” ។

គ្រូបារមីលោកតាស៊ុន អ៊ូខុង នេះមានឈ្មោះពិត ស៊ិន ស្រីម៉ៅ ទទួលទស្សន៍ទាយ ព្យាបាលជំងឺ មើលហុងស៊ុយ ដែលមានទីតាំងនៅផ្សារបឹងត្របែកផ្លាហ្សា និងតាមប្រព័ន្ធតេឡេក្រាម (Telegram) ផងដែរ។

“នគរធំ” បានទាក់ទងសុំធ្វើបទសម្ភាសន៍ជាមួយគ្រូបារមីលោកតាស៊ុន អ៊ូខុង ខាងលើ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ តែអ្នកស្រី ស៊ិន ស្រីម៉ៅ បានបញ្ជាក់ថា ពេលនេះគាត់សុំមិនទាន់ទទួលសម្ភាសទេ ចាំមើលមួយរយៈទៀតសិន ។

 ទោះយ៉ាងណា តាមរយៈវីដេអូ ដែលបង្ហោះនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន គ្រូបារមីលោកតា ស៊ុន អ៊ូខុង បានប្រកាសថា “ជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់គ្នា! លោកគ្រូ ឈ្មោះស៊ិន ស្រីម៉ៅ ស្នងបារមីលោកតាស៊ុន អ៊ូខុង ដែលមកប្រោសសត្វលោក ។ លោកតាមានភ្នែកទិព្វ ត្រចៀកទិព្វ មាត់ទិព្វ អាចមើលឃើញ ។ លោកតាទទួលមើលរាសី មើលហុងស៊ុយ មើលការលក់ដូរ រៀបចំគូស្រករ មើលទឹកដី មុនធ្វើផ្ទះ មើលទឹកដីជ័យភូមិ និងដោះអំពើងងឹត ។ បើសិនបងប្អូនមានជំងឺ ដូចខ្ញុំរៀបរាប់ខាងលើហ្នឹង សូមទំនាក់ទំនងតាមលេខតេឡេក្រាម ឬពុកម៉ែបងប្អូននៅឆ្ងាយ call វីដេអូ មើលតាមឡេក្រាម ក៏បាន ។ ពុកម៉ែ បងប្អូន ចង់មកដល់ទីតាំងរបស់លោកតាក៏បាន ។ ទីតាំងលោកតា នៅជាប់ផ្សារបឹងត្របែកផ្លាហ្សា“ ។

 គ្រូបារមីលោកតា ស៊ុន អ៊ូខុង ក៏បានប្រកាសទទួលទស្សន៍ទាយ មើលជំងឺផ្សេងៗតាមអនឡាញ (តេឡេក្រាម) ផងដែរ ដោយការតាំងសមាធិ ប្រើភ្នែកទិព្វ ត្រចៀកទិព្វ មាត់ទិព្វ ហើយគ្រូបារមីនេះ បានព្រមានថា “បើមិនជឿ កុំប្រមាថ!” ៕

RELATED ARTICLES