ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័ យចំនួន៣នាក់ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន យ៉ាងសកម្ម បាននាំគ្នាសម្ងំប្រើប្រាស់ថ្នាំញៀននៅក្នុងបរិវេណសាលារៀនមួយកន្លែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់កម្លាំងជំនាញអាវុធហត្ថ ចុះបង្ក្រាបភ្លាមៗ ដោយឃាត់ខ្លួនបានចំនួន២នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ការបង្ក្រាបមុខសញ្ញាប្រើប្រាស់ថ្នាំញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងរបងសាលារៀនអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះសុខ រក្សា ភេទប្រុស អាយុ២៤ឆ្នាំ (ម្ចាស់ផ្ទះ និងធ្លាប់ជាប់មណ្ឌលកែប្រែ ចំនួន៤លើក) និងទី២-ឈ្មោះហាន ភារឹទ្ធ ហៅច្រឹង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ធ្លាប់ជាប់ពន្ធនាគារ ១លើក និងមណ្ឌកែប្រែ ចំនួន១លើក)។ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះសុខ ជីតា ភេទប្រុស (រត់គេចខ្លួន)។
ចំពោះវត្ថុតាងដកហូត រួមមាន បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន១ បារីអេឡិចត្រូនិក ១ និងឧប ករណ៍ប្រើប្រាស់មួយចំនួន។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕