នីស (បារាំង) ៖ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគី ជាមួយលោកអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធា នាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួប លោកប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានសម្តែងក្តីសោមនស្សរីករាយដែលបានទទួលសម្តេចហ៊ុន ម៉ាណែត និងគណៈប្រតិភូ ជាថ្មីម្តងទៀត នៅប្រទេសបារាំង និងបានគូសបញ្ជាក់ថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះ។ លោកប្រធានាធិបតី បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យបានជោគជ័យ។

ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានអរគុណលោកប្រធានាធិបតី ដែលបានទទួលស្វាគមន៍សម្តេច និងគណៈប្រតិភូ យ៉ាងកក់ក្តៅ និងសម្តែងក្តីរីករាយដែលបានជួបលោកប្រធានាធិបតី ជាថ្មីទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានាធិបតី ដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦។ ចំពោះទំនាក់ ទំនងទ្វេភាគី សម្តេចហ៊ុន ម៉ាណែត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងបារាំង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា “ដៃគូយុទ្ធសាស្ត្រ”។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ម៉ាក្រុង បានពិភាក្សាអំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្តានុពលមួយចំនួន រវាងប្រទេសទាំងពីរ ក្នុងនោះរួមមាន វិស័យពាណិ ជ្ជកម្ម និងសេដ្ឋកិច្ច ការពារជាតិនិងសន្តិសុខ ថាមពល និងវប្បធម៌ ជាដើម។ លោកប្រធានាធិបតី នឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកប្រធានាធិបតីបារាំង បានសង្កត់ធ្ងន់ថា ពិភពលោក បានទទួល ស្គាល់នូវជំនាញនិងស្នាដៃរបស់កម្ពុជា ក្នុងវិស័យបោសសម្អាតមីន។ រដ្ឋាភិបាលបារាំង នឹងបន្តគាំទ្រវិស័យការពារជាតិ នៅកម្ពុជា។

ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតីបារាំង បានពិភាក្សាអំពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងវិស័យអាទិភាពមួយចំនួន ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រ ជាជាតិ។

ជុំវិញជំនួបជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង(Emanuel Macron) នេះដែរ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ថា «បារាំង ជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរ កំពុងធ្វើការជាមួយគ្នា ដើម្បីឈានទៅការដំឡើងកម្រិតនៃទំនាក់ទំនងការទូត ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។ អរគុណមិត្តបារាំង ដែលបានគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ ខ្ញុំនឹងរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម ប្រធា នាធិបតីបារាំង Emanuel Macron នៅកម្ពុជា នៅពេលនោះផងដែរ»៕ ខៀវទុំ