ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើលិខិតជូនអភិបាលខេត្ត ជាប់ព្រំដែនជាមួយថៃ ស្តីពីការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយណែនាំឲ្យយកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួយចំនួន ក្នុងនោះរួមទាំងការត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋ ក្នុងករណីមាន ការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ បន្ទាប់ពីបានពិនិត្យឃើញថា សភាពការណ៍នៅតាមបណ្តោយខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ បានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។

លិខិតរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជម្រាបមកអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ក្រោយពីព្រឹត្តការណ៍នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកម្លាំងយោធាថៃបានចូលបើកការបាញ់ប្រហារមកលើលេណដ្ឋានកងទ័ពកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិតយ៉ាងអាណោចអាធ័ម ស្ថិតនៅក្នុងភូមិតេជោមរកត ឃុំមរកត់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ និង ពិនិត្យឃើញថាសភាពការណ៍នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងមានភាពផុយស្រួយ ដែលអាចឈានដល់ការប្រឈមមុខដាក់គ្នាផ្នែកកម្លាំងប្រដាប់អាវុធ។ នាពេលថ្មីៗនេះ ភាគីថៃ បានបិទឬផ្លាស់ប្តូរពេលវេលាចេញចូលឆ្លងកាត់ព្រំដែន នៅតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនមួយចំនួន ជាឯកតោភាគី ដោយមិនបានជូនដំណឹងផ្លូវការជាមុន មកភាគីកម្ពុជា ដូចមាន ចែងក្នុងកិច្ចព្រមព្រៀងរវាងរដ្ឋា ភិបាលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ ស្ថានការណ៍នេះ អាចបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព អា យុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងខេត្តនិងខេត្តជាប់ព្រំដែន ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលតម្រូវឱ្យដាក់ចេញវិធានការចាំបាច់ បុរេសកម្ម បត់បែន និងឆាប់រហ័ស ដើម្បីការពារឧត្តមប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ។
ក្នុងន័យនេះ ដើម្បីត្រៀមលក្ខណសម្បត្តិគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតបនិងគ្រប់គ្រងសភាពការណ៍តានតឹងនាពេលបច្ចុប្បន្ន ក្នុងស្មារតីម្ចាស់ការនិងភាពប្រុងប្រយ័ត្នខ្ពស់ សំដៅថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម សណ្តាប់ ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងមានការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាល ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការចាំបាច់មួយចំនួន ដូចខាងក្រោម ៖
-ត្រូវធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលឈរជើងនៅតាមបណ្តោយព្រំដែន ឱ្យបន្តតាមដាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងកត់ត្រាឱ្យបានច្បាស់លាស់នូវសកម្មភាពឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលបរិស្ថានតំបន់ព្រំដែន បំពានមាត្រា៥ នៃ អនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌព្រំសីមាព្រំដែនគោក ដោយអនុវត្តតាមនីតិវិធីកំណត់ក្នុងចំណុច៧ នៃលិខិត លេខ ៣៥៩៩ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។
-ត្រូវធ្វើការណែនាំដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ រក្សាទំនាក់ទំនងជាមួយកងកម្លាំងនៃភាគីម្ខាងទៀត ក្នុងការដោះស្រាយបញ្ហានានា ដោយសន្តិវិធីនិងការអត់ធ្មត់ខ្ពស់បំផុត។ ចំពោះបញ្ហាដែលហួសពីសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្លួន ត្រូវគោរពស្នើសុំគោល ការណ៍ពិនិត្យសម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដំណោះស្រាយបានទាន់ពេលវេលា។
-ត្រូវសម្របសម្រួលនិងពិភាក្សាជាមួយអាជ្ញាធរខេត្ត និងកងកម្លាំងមានសមត្ថកិច្ចថៃ នៅក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន តាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនផ្លូវការ តាមស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ និងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តតាម ច្រកទ្វារព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះ ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវទប់ស្កាត់និងហាមដាច់ខាត មិនឱ្យមានការចេញចូលឆ្លងកាត់ព្រំដែន តាមច្រករបៀង ឬច្រកទ្វារពុំផ្លូវការ ដោយត្រូវមានវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើស។
-ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ រកស៊ីនិងរស់នៅក្នុងទឹកដីថៃ ព្រមទាំងត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋដែលកំពុងនៅប្រទេសថៃ ឱ្យវិលចូលក្នុងប្រទេសវិញ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់វុធ នៅតាម ខ្សែបន្ទាត់ព្រំដែន។ ទន្ទឹមនេះ សូមអប់រំណែនាំនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ កុំឱ្យឆ្លងដែនចូលទៅប្រទេសថៃ ជាបណ្តោះអាសន្ន ប្រសិនបើមិនចាំបាច់។
-ត្រូវត្រៀមវិធានការសម្រាប់ឆ្លើយតបនិងគ្រប់គ្រងស្ថានភាពអាសន្នដែលអាចកើតឡើងជាយថាហេតុ និងផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ តាមការចាំបាច់ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បូរណភាពទឹកដីសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
-ត្រូវត្រៀមរៀបចំនិងបម្រុងទុករួចជាមុន នូវផែនការជម្លៀសប្រជាពលរដ្ឋដែលត្រឡប់ចូលមកក្នុងប្រទេសវិញ និងអ្នករស់នៅតំបន់ព្រំដែន ក្នុងករណីមានការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ដែលអាចកើតឡើងជាយថាហេតុ ឬមានការបិទច្រកទ្វារព្រំដែន ក្នុងនោះត្រូវរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹក ជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី៘
-ត្រូវបែងចែកវេនជូនថ្នាក់ដឹកនាំ មន្ត្រីនិងកងកម្លាំងមានសមត្ថកិច្ចនៃរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីតាមដាន រាយការណ៍និងគ្រប់គ្រងសភាពការណ៍ព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបានជាប់ជាប្រចាំ។
-ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិនពិត ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ចំពោះការឃោសនាដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ពនិងនគរ បាលការពារព្រំដែន បញ្ឆេះកំហឹងនិងអរិភាពរវាងប្រជាជាតិ ទាំងពីរ ដែលបើកដៃឱ្យក្រុមជ្រុលនិយមបំភ្លៃសាធារណមតិ និងបំផ្លិចបំផ្លាញកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែន និងអធិបតេយ្យដ៏មានសារៈសំខាន់នេះ។
-ត្រូវបានហាមឃាត់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់ហេតុ ឬឯកសារនានាជាមួយភាគីថៃ រហូតដល់មានការណែនាំជាថ្មីពីក្រសួងមហាផ្ទៃ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែន ជាមួយប្រទេសថៃ ជ្រាបនិងចាត់ចែងអនុវត្តកិច្ចការខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕