Friday, June 13, 2025
Homeព័ត៌មានជាតិកាកបាទក្រហមកម្ពុជា ឧបត្ថម្ភ១០០លាន ជីកអណ្តូងទឹក ជូនគ្រួសារសមរភូមិមុខ

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ១០០លាន ជីកអណ្តូងទឹក ជូនគ្រួសារសមរភូមិមុខ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាត ជូនគ្រួសារសម រភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

តាមប្រភពកាកបាទក្រហមកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថា ឆ្លើយតបសំណើរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដើម្បីជីកអណ្តូងទឹកស្អាត ជូនគ្រួសារយុទ្ធជនសមរភូមិមុខ និងប្រជាពលរដ្ឋនៅតាមព្រំដែន ដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

ដោយឡែក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដដែលនោះដែរ ឆ្លើយតបតាមសំណូមពររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភ ជាលើកទី២ នូវថវិកាចំនួន ៥០លានរៀលទៀត ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងអំណោយជាស្បៀង និងសម្ភារៈ ចំនួន ១០០០គ្រួសារទៀត។

អំណោយជាស្បៀង និងសម្ភារៈ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកទៅចែកជូនប្រជាពលរដ្ឋ ទាំង ១ពាន់គ្រួសារ នៅថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៥ ដែលក្នុងនោះមាន ស្រុកជាំក្សាន្ត ចំនួន ៤០៩គ្រួសារ, ស្រុកគូលែន ២៩៩គ្រួសារ និងស្រុកសង្គមថ្មី ២៩២គ្រួសារ ហើយក្នុងគ្រួសារនីមួយៗ ទទួលបាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងទឹកស៊ីអ៊ីវ ៦ដប។

សូមរំលឹកថា ការឧបត្ថម្ភលើកទី១ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ៥០លានរៀល និងស្បៀង-សម្ភារៈ ចំនួន ៥០០គ្រួសារ ជូនដល់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ រួចមកហើយ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នានៅតំបន់មុំបី កន្លងទៅ និងសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផ្សេងៗទៀត៕ ខៀវទុំ

RELATED ARTICLES