ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតយក្ស ចំនួន ១គ្រឿង មានឈ្មោះ Regatta បានដឹកភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ជាង ៦០០នាក់ ស្មើនឹង២៧សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចព្រះរាជាណាចក្រកម្ពុជា រយៈពេល ១ថ្ងៃ មុននឹងចាកចេញទៅវិញ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នាវាទេសចរណ៍បរទេស ចំនួន១គ្រឿង មានឈ្មោះ Regatta សញ្ជាតិ Marshall Island មានបណ្តោយ ១៨០,៤៥ម៉ែត្រ ទទឹង២៥,៤៦ម៉ែត្រ ជម្រៅទឹក ៦,៨២ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន៦២៨នាក់ (ស្រី៣២៨នាក់) មាន២៧សញ្ជាតិ និងមាននាវិកសរុបចំនួន ៣៩៨នាក់ ស្រី៨៤នាក់ ស្មើនឹង ៣៩ សញ្ជាតិ។ នាវាទេសចរណ៍ Regatta បានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលសំចតនៅកំពង់ផែអន្តរជាតិ ស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក និងមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង៥ល្ងាច ថ្ងៃដដែល។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ Regatta មានសញ្ជាតិអាមេរិក ៣៨០នាក់ ក្រៅពីនោះមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត។ ក្នុងអំឡុងពេលនាវាទេសចរណ៍បរទេសចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្ញៀវទេសចរបរទេស បានធ្វើដំណើមកពីខេត្តសៀមរាប ចេញតាមនាវា មានចំនួន៤នាក់ (ស្រី២នាក់) ស្មើនឹង២សញ្ជាតិ។

ភ្ញៀវទេសចរបានធ្វើដំណើរទៅទស្សនាភូមិនេសាទ ទំនប់រលក សង្កាត់លេខ១ ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ ទៅកម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោង នាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន (វត្តសមាធិ) សង្កាត់រាម និងវត្តបិតត្រាំង សង្កាត់បិតត្រាំង ក្រុងកំពង់សោម។
គួរបញ្ជាក់ថា នៅក្នុងដំណើរចូលចតរបស់នាវាទេសចរណ៍បរទេសនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ មាន ការទទួលស្វាគមន៍ពីរដ្ឋបាលក្រុងព្រះសីហុន ខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាព ពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរ ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព៕