Friday, June 20, 2025
Homeតារាខ្មែរចន ច័ន្ទលក្ខិណា ប្ដីបង្ហាញក្តីស្រឡាញ់ ថ្ងៃខួបកំណើត

ចន ច័ន្ទលក្ខិណា ប្ដីបង្ហាញក្តីស្រឡាញ់ ថ្ងៃខួបកំណើត

ភ្នំពេញ ៖ គូស្នេហ៍ថ្មីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោកឧកញ៉ា ហេង ឡុង បានលើកនំខេក និងផ្កាមួយ បាច់ ជូនអ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃខួបកំណើតគម្រប់៤៥ឆ្នាំ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ហើយលោកឡុង ថែមទាំងអរគុណម្ចាស់ស្នេហាលោកដែលបានចាប់ដៃគ្នារហូតមកដល់ថ្ងៃនេះ ទោះជាលោកទទួល ស្គាល់ថា មានអ្នកខ្លះមិនជឿថាលោកនិងអ្នកនាងលក្ខិណា កាន់ដៃគ្នាដល់ថ្ងៃនេះក៏ដោយ។

 លោកហេង ឡុង ផ្ញើសារទៅអ្នកនាង ចន ច័ន្ទលក្ខិណា ថា «រីករាយថ្ងៃខួបកំណើតអូនសម្លាញ់! អរគុណសម្រាប់ការប្រឹងប្រែងតស៊ូនៅលើផ្លូវជីវិតជាមួយគ្នា ដែលមានមតិភាគខ្លះយល់ថា យើងមិនអាចនឹងដើររួមគ្នារហូតដល់ចំណុចបច្ចុប្បន្ននេះបាន»។

គួរបញ្ជាក់ថា អ្នកនាង ចន ច័ន្ទលក្ខិណា បានសាងស្នេហាជាមួយលោកហេង ឡុង កាលពីឆ្នាំ២០១៩ ដែលចំណងស្នេហាជិត៦ឆ្នាំនេះ អ្នកទាំងពីរនៅតែស្អិតល្មូតគ្នា តែមិនមានដំណឹងថា ពួកគេគ្រោងដឹកដៃគ្នាចូលរោងការឡើយ ។ អ្វីដែលអ្នកនាង ចន ច័ន្ទលក្ខិណា មានភាពកក់ក្ដៅខ្លាំងនោះ គឺស្វាមីតែងតែសម្របតាមនាងជានិច្ច ពិសេសស្រលាញ់កូនស្រីនាង ដូចកូនលោកបង្កើតដែរ ខណៈដែលអ្នកនាងក៏ស្រលាញ់កូនស្រីលោកឡុង ដូចគ្នា។

អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានតារារួមអាជីព ហៅនាងថាជា «ជំទាវ» តាំងពីលោកហេង ឡុង ឡើងជាឧកញ៉ា កាលពីចុងខែមេសា ឆ្នាំ២០២២ ។ អ្នកនាងបានកាត់បន្ថយអាជីពសិល្បៈច្រើន ដោយងាកទៅរកស៊ីបើកផលិតកម្ម, សារព័ត៌មាន និងហាងគុយទាវ ជាដើម ដែលមានលោកឡុង នៅពីក្រោយខ្នងគាំទ្រ ។ អ្វីដែលមានការកោតសរសើរលោកឡុង និងអតីតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា គឺលោកយុត្ថារា ឆានី រាប់អានគ្នាធម្មតា ពោលគឺគ្មានការកាច់កុង ឬយកគ្នាធ្វើជាសត្រូវឡើយ  ។

 មជ្ឈដ្ឋានមហាជនមើលឃើញថា ទោះជាអ្នកនាង ចន ច័ន្ទលក្ខិណា មិនសូវមានឥទ្ធិលពលខ្លាំងដូចមុន ក្រោយអស់អាណត្តិជាប្រធានសិល្បករខ្មែរ ប៉ុន្ដែចំណងស្នេហាជាមួយឧកញ៉ា ហេង ឡុង មិនធ្វើឲ្យនាងខកចិត្តបន្ដិចឡើយ ។ ផ្ទុយទៅវិញ អ្នកនាងលក្ខិណា ជិះរថយន្ដថ្លៃៗ ដូចជា Rolls Royce និង Range Rover Defender ជាដើម ហើយអ្នកនាងនិងស្វាមី កំពុងដំណើរការសាងសង់ផ្ទះលម្ហែ និងរីសត នៅឯស្រុកស្រែអំបិល ខេត្តកោះកុង ទៀតផង។ ប៉ុន្ដែអ្នកហែហាមអ្នកនាង ចន ច័ន្ទលក្ខិណា នៅតែចង់ឃើញអ្នកនាងរៀបការជាមួយលោកហេង ឡុង និងមានកូនជាតំណក់ឈាមដំបូងរួមគ្នារបស់ពួកគេ ដើម្បីឲ្យចំណងស្នេហា កាន់តែរឹងមាំ ព្រោះបើពន្យារពេលតទៅទៀត អាចពិបាកយកកូន ដោយសារឆ្នាំនេះ អ្នកនាងមានអាយុ៤៥ឆ្នាំទៅហើយ ។ ក្រៅពីអ្នកនាង ចន ច័ន្ទលក្ខិណា តារាបានប្ដីជាឧកញ៉ា មានដូចជា អ្នកនាង ស្រីតូច ចំណាន, លី យ៉ាណា, សួស វីសា និងហង្ស ម៉ារីនី ជាដើម ៕

RELATED ARTICLES