សហរដ្ឋអាមេរិក ៖ យោធាអាមេរិក បានចេញផ្សាយពេលវេលានៃការវាយប្រហាររបស់ខ្លួន ក្នុងប្រតិបត្តិការ «Midnight Hammer» ទៅលើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ចំនួន៣ រួមមាន ហ្វ័រដូវ (Fordow), ណាតាន់ស៍ (Natanz) និងអ៊ីសហ្វាហាន (Esfahan) ដោយនិយាយថា ខ្លួនបានប្រើប្រាស់គ្រាប់បែក GBU-57 ចំនួន ១៤ គ្រាប់ ហើយយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ដែលមានរហស្សនាមថា «ខ្មោចលើអាកាស» បានហោះចេញពីប្រទេសអ៊ីរ៉ង់ ដោយសុវត្ថិភាព មិនមានការប៉ះទង្គិចណាមួយឡើយ។

តាមប្រភព CNN បានរាយការណ៍នៅថ្ងៃទី២៣ ខែមិថុនា ឆ្នា២០២៥ ថា នៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ ដាន ខេន (Dan Kane) ប្រធានអគ្គសេនាធិការចម្រុះអាមេរិក បានធ្វើសន្និសីទសារព័ត៌មាន នៅមន្ទីរបញ្ចកោណ ដោយបង្ហាញពីពេលវេលានៃការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដែលបានកើត ឡើង ក្រោមឈ្មោះប្រតិបត្តិការ «Midnight Hammer» ដែលពាក់ព័ន្ធនឹងយន្តហោះជាង ១២៥គ្រឿង។ ប្រតិបត្តិការនេះ បានចាប់ផ្តើមពេញមួយយប់ថ្ងៃសុក្រ ទី២០ ខែមិថុនា ដល់ព្រឹកថ្ងៃសៅរ៍ ទី២១ មិថុនា (ម៉ោងនៅសហរដ្ឋអាមេរិក)។ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 រាប់រយគ្រឿង ត្រូវបានបញ្ជូនពីសហរដ្ឋ អាមេ រិក ដោយខ្លះឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈដែលក្រុមវាយប្រហារសំខាន់នៃ B-2 ចំនួនប្រាំពីរគ្រឿង បានធ្វើដំណើរទៅទិសខាងកើត ដោយស្ងាត់ស្ងៀម ជាមួយនឹងការទំនាក់ទំនងតិចតួចបំផុតសម្រាប់ការធ្វើដំណើររយៈពេល ១៨ម៉ោង។

នៅវេលាម៉ោង ៥:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី២១ ខែមិថុនា នាវាមុជទឹករបស់សហរដ្ឋអាមេរិកបានបាញ់មីសស៊ីលឆ្លងទ្វីប Tomahawk រាប់សិបគ្រាប់ វាយប្រហារហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នៃរោងចក្រនុយក្លេអ៊ែរ អ៊ីសហ្វាហាន (Isfahan) ក្នុងប្រទេសអ៊ីរ៉ង់។ទន្ទឹមនឹងនេះ យន្តហោះ B-2 ចូលរួមជាមួយក្រុមជំនួយពីបញ្ជាការដ្ឋានកណ្តាល ហើយចូលទៅក្នុងដែនអាកាសអ៊ីរ៉ង់ ។


ឧត្តមសេនីយ៍ ខេន បានបន្ថែមថា យន្តហោះចម្បាំងអាមេរិក បានបាញ់អាវុធប្រឆាំងល្បឿនលឿន ដើម្បីធានាបាននូវការឆ្លងកាត់ប្រកបដោយសុវត្ថិភាព នៃយន្តហោះទម្លាក់គ្រាប់បែក B-2 ហើយនៅម៉ោង ៦:៤០នាទីល្ងាច ថ្ងៃសៅរ៍ ទី២១ មិថុនា យន្តហោះទម្លាក់គ្រាប់បែក B-2 នាំមុខគេ បានទម្លាក់គ្រាប់បែក bunker-buster ពីរគ្រាប់ នៅលើទីតាំងនុយក្លេអ៊ែរ Ford មុនពេលទម្លាក់គ្រាប់បែកដែលនៅសល់ វាយប្រហារគោលដៅបន្ថែម។ គិតត្រឹមម៉ោង ៧:០៥នាទី យប់ថ្ងៃសៅរ៍ ទី២១ មិថុនា (ម៉ោងនៅសហរដ្ឋអាមេរិក) ឬប្រហែលម៉ោង ២:១០នាទីព្រឹក ថ្ងៃអាទិត្យ ទី២២ មិថុនា (ម៉ោងនៅអ៊ីរ៉ង់)។

សរុបមក អាមេរិក បានទម្លាក់គ្រាប់បែកប្រភេទ GBU-57 “Mega Breaker” (MOP) ចំនួន ១៤គ្រាប់ ដែលមានទម្ងន់រហូតដល់ ៣០ ០០០ផោន (ប្រមាណ ១៣តោន) ដែលប្រភេទគ្រាប់ GBU – 57 ទម្ងន់ ១៣,៦តោន មានសមត្ថភាពទម្លោះចូលក្នុងដី ៦០ម៉ែត្រ និងថ្មភ្នំ ២០ម៉ែត្រ ទើបផ្ទុះជាក្រោយ បំផ្លញលេណដ្ឋាន ឬរូងក្រោមដី យ៉ាងមានប្រសិទ្ធភាព។

ឧត្តមសេនីយ៍ ខេន បានអះអាងថា បន្ទាប់ពីការទម្លាក់គ្រាប់បែកលើគោលដៅក្នុងប្រទេសអ៊ីរ៉ង់ ដោយជោគជ័យ យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានត្រឡប់មកផ្ទះវិញ ដោយមិនមានការបាញ់កាំជ្រួចពីអ៊ីរ៉ង់ លើយន្តហោះទាំងនៅក្នុងនិងក្រៅប្រទេសឡើយ។

លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់តាមទំព័របណ្តាញសង្គម របស់លោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ថា «យើងបានបញ្ចប់ការវាយប្រហារប្រកបដោយជោគជ័យរបស់យើង ទៅលើទីតាំងនុយក្លេអ៊ែរ ចំនួន៣ ក្នុងប្រទេសអ៊ីរ៉ង់ រួមមាន Fordow, Natanz និង Esfahan។ យន្តហោះទាំងអស់ឥឡូវស្ថិតនៅក្រៅលំហអាកាសអ៊ីរ៉ង់។ បន្ទុកពេញលេញនៃ BOMBS ត្រូវបានទម្លាក់នៅលើទីតាំង Fordow ។ យន្តហោះទាំង អស់ ធ្វើដំណើរទៅផ្ទះដោយសុវត្ថិភាព។សូមអបអរសាទរអ្នកចម្បាំងអាមេរិក ដ៏អស្ចារ្យរបស់យើង។ មិនមានយោធាផ្សេងទៀតនៅក្នុងពិភពលោកដែលអាចធ្វើបាននោះទេ។ ឥឡូវនេះ ជាពេលវេលាសម្រាប់សន្តិភាព! សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នក ចំពោះបញ្ហានេះ»។

ទោះបីជាយ៉ាងណា មេដឹកនាំអ៊ីរ៉ង់ បានអះអាងថា ពួកគេដឹងជាយូរមកហើយពីផែនការអាមេរិកទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដែលព័ត៌មានសម្ងាត់អាចជឿទុកចិត្តបាន អំពីពេលវេលានិងកាលបរិច្ឆេទពិតប្រាកដនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក ត្រូវបានទទួលពីប្រទេសជាមិត្តតាំង ពីក្នុងខែមីនា ឆ្នាំ២០២៥ ។

មេដឹកនាំអ៊ីរ៉ង់ បានថ្លែងថា “អ៊ុយរ៉ាញ៉ូម របស់យើង មានសុវត្ថិភាព យើងបានផ្លាស់ទីទៅទីតាំងដែលមានសុវត្ថិភាព មុនការវាយប្រហារទៅហើយ”៕




