ភ្នំពេញ ៖ តារាសម្ដែង សេង មង្គល បានបង្ហាញអារម្មណ៍ហួសចិត្ត ព្រោះតែនៅថ្ងៃលោកនិងក្រុមគ្រួសារកំពុងតែមានទុក្ខធំ ដោយសារលោកយាយរបស់លោកបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នា២០២៥ ស្រាប់តែមានអ្នកលេងហ្វេសបុក មួយចំនួន បានចូលទៅចុចរូបសញ្ញាសើចចំអកដាក់លោក ទើបធ្វើឲ្យលោកមានអារម្មណ៍ឈឺចាប់ ។

លោកសេង មង្គល បានសួរទៅអ្នកលេងហ្វេសបុក ដែលចូលទៅចុចរូបសើច ពេលលោកកំពុងកាន់ទុក្ខជីដូនទទួលមរណភាពនោះថា «សប្បាយចិត្តណាស់មែនទេ ពេលឃើញគ្រួសារគេកំពុងតែទឹកភ្នែក» ។
តាមប្រភពថា អ្នកដែលចូលទៅចុចរូបសញ្ញាសើច នៅពេលដែលលោកសេង មង្គល កំពុងសំពះមឈូសតម្កល់សពជីដូននោះ ព្រោះតែពួកគេខ្លះថា លោកមង្គល កំពុងតែសម្ដែងដើម្បីចង់បានអំណោយ ។ ប៉ុន្ដែធាតុពិត លោកមង្គល កំពុងតែទឹកភ្នែកមែន ព្រោះស្ដាយបាត់បង់ជីដូនជាទីស្រលាញ់ ហើយពេលនេះ លោកបានផ្អាកការងារសិល្បៈទាំងអស់ រួមទាំងការហ្វឹកហាត់បាល់ទាត់ រយៈពេលខ្លីផងដែរ ដើម្បីកាន់ទុក្ខ និងរៀបធំធ្វើបុណ្យតាមប្រពៃណីជីដូន នៅខេត្តពោធិ៍សាត់ ។

ប្រភពថា លោកមង្គល ខកចិត្តខ្លាំង ព្រោះតែមួយរយៈចុងក្រោយនេះ លោកពន្លឿនជាងសាងសង់ផ្ទះវីឡារបស់លោក ឲ្យបានរួចរាល់មុនកំណត់ ដើម្បីឲ្យជីដូនខ្លួនបានទៅរស់នៅផ្ទះថ្មី បានឃើញផ្ទះថ្មី ជាសមទ្ធិផលរបស់លោក តបទៅអ្នកមានគុណ ប៉ុន្ដែផ្ទះមិនទាន់រួចរាល់ផង លោកយាយបានលាចាកលោក ទាំងមិនទាន់បានទៅរស់នៅផ្ទះថ្មី ។

លោកសេង មង្គល រៀបរាប់ថា «ខ្ញុំបានពន្លឿនជាងផ្ទះ ធ្វើឲ្យឆាប់រួចរាល់ ដើម្បីជីដូនខ្ញុំ បានរស់នៅផ្ទះថ្មីជុំគ្នា ប៉ុន្ដែនៅតែមិនទាន់ដង្ហើមគាត់ អ្នកណាមិនឈឺ?» ។

សូមបញ្ជាក់ថា សេង មង្គល ដែលមានឈ្មោះដើម ហូរ ប៉ូសេង ត្រូវបានចាត់ទុកថាលោកជាកូនកតញ្ញូម្នាក់ ព្រោះប្រឹងធ្វើការងារសិល្បៈជាច្រើនឆ្នាំ សន្សំលុយធ្វើផ្ទះជូនម្ដាយ មិនប្ដូរឡានថ្មី និងយកប្រពន្ធនោះទេ ដោយសារតែលោកចង់ឲ្យក្រុមគ្រួសារបានរស់នៅដោយភាពកក់ក្ដៅនៅឯស្រុកកំណើត។

លោកមង្គល ថ្លែងមុនថ្ងៃជីដូនទទួលមរណភាពថា «បើទិញឡានទំនើបជិះ ស្រួលតែម្នាក់ឯង បើយកលុយទៅធ្វើផ្ទះ បានរស់នៅជុំគ្នា ។ ផ្ទះជូនជីដូន និងលោកឪពុក អ្នកម្ដាយ ឲ្យហើយ១០០% សិន ចាំគិតរឿងរៀបការតាមក្រោយ» ។

ក្រៅពីត្រូវអ្នកចូលទៅចុចរូបសើចចំអក នៅថ្ងៃជីដូនទទួលមរណភាពនោះ គេឃើញតារារួមអាជីពដែលស្និទ្ធ ស្នាលលោកសេង មង្គល បានផ្ញើសាររំលែកទុក្ខលោកនិងក្រុមគ្រួសារផងដែរ ដោយមានអ្នកខ្លះថែមទាំងផ្ញើបច្ច័យចូលបុណ្យទៀតផង ។ គេកត់សម្គាល់ថា នៅឆ្នាំ២០២៥ នេះលោកសេង មង្គល បានសម្រេចបំណងធំ២ គឺធ្វើផ្ទះជូនអ្នកមានគុណ និងបើកហាងកាហ្វេ ប៉ុន្ដែរឿងដែលលោកខូចចិត្តខ្លាំង បែរជាត្រូវបែកពីជីដូនជារៀងរហូត ដោយគ្មានថ្ងៃបានជួបវិញឡើយ ៕

