ភ្នំពេញ ៖ ពេជ្រ សូលីកា បានប្រកាសនៅថ្ងៃទី១៣ ខែកក្កដា ឆ្នា២០២៥ ថានាងផ្អាកច្រៀង ១ខែ ដើម្បីយកពេលវេលាទៅលម្ហែខួក្បាល ប៉ុន្ដែមិនប្រាប់ពីមូលហេតុលម្អិតទៅ Fan របស់ខ្លួនឡើយ ខណៈដែលមានការសង្ស័យថា ស្រីពេជ្រ ឈឺក្បាលរឿងគេម៉ៃថា នាងនេះហើយជាតារាស្រីដែលយក់ ថិតរដ្ឋា ចោទថា មើល ស្រាលលើខ្លួននោះ បើទោះជារដ្ឋា មិនបាននិយាយចំឈ្មោះនាងក្ដី ។

ប្រភពថា ប្រសិនបើសូលីកា ពិតជាតារាដែលមិនឲ្យតម្លៃយក់ ថិតរដ្ឋា ដូចគេសន្និដ្ឋានមែន នោះចាប់ពីពេលនេះតទៅ អ្នកទាំងពីរមិនអាចធ្វើការងារសិល្បៈជាមួយគ្នាទៀតបានទេ បន្ទាប់ពីពួកគេធ្លាប់ចាប់ដៃគ្នាច្រៀងសម្ដែងកម្មវិធីប្រគំតន្រ្ដី Solo Concert របស់សូលីកា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអន៣ ។


យ៉ាងណា ជុំវិញពេជ្រ សូលីកា បាត់ខ្លួនពីឆាកតន្រ្ដី ដល់ទៅ៣០ថ្ងៃ ចំពេលដែលរឿងនាងនិងយក់ ថិតរដ្ឋា កំពុងតែផ្ទុះនេះ គេមិនដឹងថា ស្រីពេជ្រ ត្រូវខាតបង់អស់លុយប៉ុន្មានឡើយ តែនាងថា សុំលុបចោល (Cancel) Event ទាំងអស់ មួយខែ ដែលមានន័យថា កម្មវិធីមួយចំនួន គេបានកក់នាងរួចអស់ទៅហើយ តែត្រូវសងលុយគេវិញ។ ប៉ុន្ដែនេះមិនមែនជាលើកទី១នោះទេ នៃការច្រៀងសុខៗ ស្រាប់តែប្រកាសថាឈប់នោះ ព្រោះកាលពីខែតុលា ឆ្នាំ២០២៤ នាងក៏ធ្លាប់បានចេញសារបែបនេះម្ដងហើយថា មិនទទួលច្រៀងសម្ដែង រហូតដល់ដើមឆ្នាំ២០២៥ តែដឹងអី នៅខែវិច្ឆិកា ឆ្នាំ២០២៤ គេឃើញនាងឡើងច្រៀងតាម Pub និងក្លឹបទាំងឡាយ ជាធម្មតាទៅវិញ ។


គួរកត់សម្គាល់ថា ពេជ្រ សូលីកា អាចរកលុយបានរាប់ម៉ឺនដុល្លារ ក្នុង១ខែៗ នារដូវក្ដៅ ព្រោះតាមព័តមានថា ក្រោយល្បី ២បទ កាលពីឆ្នាំ២០២៤ គឺ «បើអូនជួបគេ» និងបទ «ថែការចងចាំ» នោះស្រីពេជ្រ បានឡើងតម្លៃខ្លួន ច្រៀង ១កម្មវិធី មិនក្រោម ៣ពាន់ដុល្លារនោះទេ ហើយពេញ១ឆ្នាំដដែលនោះ នាងថាចេញច្រៀងបានដល់ទៅ ៩៩កម្មវិធី មានន័យថា អាចរកប្រាក់ចំណូលបានដល់ទៅជិត ៣០ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ។ ប៉ុន្តែអាជីពសិល្បៈ គ្មានអ្វីទៀងទាត់ទេ ពោលគឺបើស្រីពេជ្រ ល្បីបានតែ ២បទនោះ ហើយស្ងាត់ទៅវិញ គឺមិនអាចប្រជែងឬរក្សាទីចម្រៀងបានទេ។ អ្វីដែលកាន់តែពិសេសនោះ មហាជនឲ្យតម្លៃតារា ទៅតាមអត្តចរិត ប្រសិនបើតារានោះល្បីភ្លាម វ៉ៃឫកភ្លែត អត់ចេះគោរពរៀមច្បង មើលស្រាលតារាវ័យចំណាស់ថាអត់ល្បីដូចខ្លួននោះ ទស្សនិកជននឹងកាត់សេចក្ដីទៅតាមនោះជាមិនខាន ។ ប៉ុន្ដែសម្រាប់សូលីកា ពេលខ្លះនាងរីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ ជូនកាលនៅក្រៅឆាក ស្រងូតស្រងាត់ម្នាក់ឯង ព្រោះតែក្នុងពេលតែមួយ នាងជួបវិបត្តិផ្លូវចិត្តធំ២ គឺអ្នកស្រីស៊ិន ស្រីនាង ម្ដាយនាង ត្រូវជាប់គុក ១២ឆ្នាំ ករណីឃាតកម្មលើគូស្នេហាភេទដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានន័យថា ទាល់តែឆ្នាំ២០៣២ ទើបនាងអាចជួបជុំម្ដាយវិញ ខណៈដែលកាលពីឆ្នាំ២០២២ នាងក៏ត្រូវចែកផ្លូវជាមួយគូដណ្ដឹង លោកគឹម ហាន នាំឲ្យនាងធ្លាក់ខ្លួនមេម៉ាយកូន១ទាំងវ័យក្មេង ។ បញ្ហាទាំងពីរខាងលើនេះ ស្រីពេជ្រ អាចឈរច្រៀងលើឆាកតន្រ្ដីបាន គឺជាការបង្ហាញនូវភាពរឹងមាំរបស់នាងហើយ ព្រោះនាងតាំងចិត្តថា ត្រូវប្រឹងរកលុយចិញ្ចឹមកូនផង ប្អូនផង ។


សូមបញ្ជាក់ថា ពេជ្រ សូលីកា ក្រោយប្រើជីវិតមេម៉ាយ ជាង២ឆ្នាំនេះ នាងបានបង្ហាញមុខគូស្នេហ៍ថ្មី កាលពីដើមខែមិថុនា ដោយបណ្ដើរប្រុសម្នាក់ ទៅចូលរួមមង្គលការទេព បូព្រឹក្ស ដោយបើកចំហ។ ការបញ្ចេញមុខអនាគតស្វាមីថ្មីនេះ បន្ទាប់ពីស្រីពេជ្រ ធ្លាប់ថ្ងូរអត់ភួយសាច់ កាលពីចុងឆ្នាំ២០២៤ ហើយពេលនោះ ស្រាប់តែមានប្រុសម្នាក់ យកឧទ្ធម្ភាគចក្រ (Private Jet) ដឹកនាងដើរកម្សាន្ដសប្បាយអស់ដៃ ។ មានការជំរុញពី Fan ឲ្យនាងបង្ហាញមុខម្ចាស់យន្ដហោះឯកជននោះ ថាជាសេដ្ឋីរូបណាឲ្យគេស្គាល់មុខផង ទើបជិត ៧ខែក្រោយមក បាននាងព្រមបង្ហាញមុខកំពូលស្នេហា ។ ប៉ុន្ដែស្រីពេជ្រ បែរជាថា កុំឲ្យគេច្រឡំពីទំនាក់ទំនងរវាងនាងនិងប្រុសនោះទៅវិញ ព្រោះបាម្ភខ្លាចខូចក្រេឌីត បើទោះជាថ្មីៗនេះ គេឃើញនាងអង្គុយកំដរប្រុសនោះ ផឹកស្រានិងច្រៀងលេងនៅកណ្ដាលរាត្រី តែពីរនាក់ក៏ដោយ៕

