Friday, July 18, 2025
Homeតារាខ្មែរនាយពាង ស្លាប់ដោយជំងឺបេះដូង

នាយពាង ស្លាប់ដោយជំងឺបេះដូង

ភ្នំពេញ ៖ តារាកំប្លែង លោកសេម ចិត្រា ហៅនាយពាង បានទទួលមរណភាព ក្នុងអាយុ៥៩ឆ្នាំ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយជំងឺបេះដូង ។ អ្នកសិល្បកររួមអាជីពជាច្រើន បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់សិល្បករជើងចាស់រូបនេះ ដោយបានចេញសាររំលែកទុក្ខដល់ក្រុមគ្រួសារលោក ជាបន្ដបន្ទាប់ ។

 តារាសម្ដែងនិងពិធីករ លោកប៉ែន ចំរ៉ុង បានចេញសារថា «តក់ស្លុតណាស់ លឿនពេកហើយ បងពាង អើយ! ហេតុអ្វីបងលាចាកលោកលឿនម៉្លេះ? សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភពផងចុះ» ។

 អ្នកនាងខាត់ សុឃីម បានបានចេញសារថា «មិត្តម្នាក់ទៀតហើយ បងពាង អើយ!  ហេតុអ្វីបងលាចាកលោកលឿនម៉្លេះ? សូមវិញ្ញាណក្ខន្ធបងប្រុស ទៅកាន់សុខគតិភពផងចុះ»។

 តាមប្រភពអ្នកនាងខាត់ សុឃីម ថា លោកសេម ចិត្រា ហៅនាងពាង មានជំងឺបេះដូង និងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាប់នៅមន្ទីពេទ្យកាល់ម៉ែត ។ ក្រុមគ្រូពេទ្យប្រឹងប្រែងជួយសង្រ្គោះជីវិតនាយពាង ៤០នាទី នៅតែជួយមិនបាន ទើបក្រុមគ្រួសារអស់សង្ឃឹម ហើយទីបំផុត លោកចិត្រា ផុតដង្ហើមនៅវេលាម៉ោង ២រសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងវ័យ៥៩ឆ្នាំ ។

 លោកសេម ចិត្រា ហៅនាយពាង និងអ្នកនាងអម្ពរ ទេវី

គួររំលឹកថា តារាសម្ដែងនិងកំប្លែង នាយពាង ដែលចូលចិត្តលេងជាតួព្រះសង្ឃ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ និងបានចាប់អាជីពសិល្បៈ នៅទសវត្សរ៍ឆ្នាំ១៩៩០ ។នាយពាង កើតនៅឆ្នាំ១៩៦៦ មានស្នាដៃច្រើនក្នុងវិស័យសិល្បៈ ដោយធ្លាប់សម្ដែងរឿងជាច្រើន ដូចជា «ខ្មោចកំបុតក្បាល», «ព្រាយហាយសូ» និងរឿង «រ៉ាយុ លងប៉ះសក់»  ព្រំទាំងភាពយន្ដចំនួនទៀត ។ មរណភាពរបស់នាយពាង គឺក្រោយតែបីថ្ងៃប៉ុណ្ណោះ ពីមរណភាពរបស់តារាសម្ដែងលោកផៃ វាសនា ដែលទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ៕

លោកសេម ចិត្រា និងអ្នកនាងកែវ​ កល្យាណ

RELATED ARTICLES