ភ្នំពេញ ៖ សុខ សោម៉ាវត្តី តែងតែប្រារពខួបកំណើតរបស់ខ្លួន ជាលក្ខណៈឯកជន ជារៀងរាល់ឆ្នាំ ដែលពេលខ្លះក្រុមគ្រួសារ មិត្តរួមអាជីព និងម្ចាស់ចិត្តលាក់មុខរបស់នាង ធ្វើឲ្យវត្តី មិនដែលបានខានឡើយ ។ ប៉ុន្ដែសម្រាប់ថ្ងៃខួបកំណើតឆ្នាំនេះ វត្តី បង្ហាញសញ្ញាស្រក់ទឹកភ្នែកមុនថ្ងៃខួបកំណើតមកដល់ ថាបេះដូងរបស់នាងខ្ទេចខ្ទាំអស់ទៅហើយ ព្រោះតែសង្រ្គាមឈ្លានពានរបស់ចោរសៀម មកលើកម្ពុជា ហេតុនេះហើយបំណងប្រាថ្នាដ៍ធំបំផុតសម្រាប់ថ្ងៃខួបកំណើតនាងឆ្នាំនេះ គឺមិនមែនចង់បានកាដូជាសម្ភារៈ ឬឲ្យគូស្នេហ៍ថ្មី រឹតតែស្រលាញ់នាងទ្វេដង ដូចគូស្នេហាដទៃទៀតចង់បាននោះឡើយ ប៉ុន្ដែនាងប្រាថ្នាសុំ «កម្ពុជា មានសន្ដិភាព» ។



ការអះអាងរបស់វត្ដី បែបនេះ ច្បាស់ណាស់ថា ខួបកំណើតរបស់នាង គម្រប់អាយុ៣៧ឆ្នាំ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខ នឹងមានមិនការរៀបចំដូចឆ្នាំមុនៗឡើយ ព្រោះតែនាងមិនចង់សប្បាយរីករាយនៅពេលដែលជាតិ កំពុងរងទុក្ខដោយភ្លើងសង្រ្គាម បងកឡើងដោយភាគីសៀម នេះ ។


សូមបញ្ជាក់ថា សុខ សោម៉ាវត្ដី ឆ្នាំមុនៗក្រៅពីទទួលបាននំខេកថ្ងៃខួបកំណើត Surprise ពីគូស្នេហ៍លាក់មុខ តាមព័តមានថា នាងក៏តែងតែធ្វើឲ្យថៅកែហាងថតរូបម្នាក់ ដែលគេសង្ស័យជាម្ចាស់ស្នេហាថ្មីរបស់នាងនោះ ភ្ញាក់ផ្អើលផងដែរ តាមរយៈនាងយកនំខេក ទៅជូនថៅកែ នៅថ្ងៃខួបកំណើតលោក។ ប៉ុន្ដែចំណងស្នេហាថ្មីរបស់វត្តី មិនទាន់បើកចំហ ១០០% ទេបើទោះជាប្រភពខ្លះថា វត្តី និងថៅកែ បានក្លាយជាគូណ្ដឹងគ្នា និងខ្លះថា ពួកគេបានដាក់ទុនរកស៊ីជាមួយគ្នាក្ដី ក៏តារាសម្តែង និងជាពិធីការិនីរូបនេះ មិនដែលចេញមុខបកស្រាយម្ដងណាឡើយ ។ តាមព័ត៌មានថា វត្តី បានស្និទ្ធស្នេហ៍ថៅកែ តាំងពីនាងចែកផ្លូវជាមួយលោក លី វ៉ាហេទ ពាក់កណ្ដាលឆ្នាំ២០២២ តែជិត៣ឆ្នាំទៅហើយ អត់មានដំណឹងអ្នកទាំងពីរគ្រោងរៀបការជាមួយគ្នាទេ ។ វត្តី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងគ្មានបំណងរៀបការលើកទី២ ឡើយ ព្រោះនាងធ្លាប់រៀបការប្ដីម្ដងរួចទៅហើយ ។ នាងថា បើមានស្នេហាថ្មី ចិត្តនាងចង់សាងស្នេហាដោយលាក់បាំងវិញម្ដង ។


មានការកត់សម្គាល់ថា សុខ សោម៉ាវត្តី ទោះជាឈានចូលវ័យ៣៧ឆ្នាំ ប៉ុន្ដែសម្រស់នាងនៅតែគួរឲ្យក្នក់ក្នាញ់ ហើយមិនខ្វះប្រុសតាមស្នេហាឡើយ ទាំងក្នុងនិងក្រៅស្រុក។ វត្តី ធ្លាប់បង្ហើបថា នាងត្រូវបានធានាឲ្យទៅរស់នៅក្រៅស្រុក ជាមួយកូនស្រី ប្រសិនបើនាងព្រមយកប្ដីអាណិកជន ។ ចំណែកនៅក្នុងស្រុកវិញ ក៏មានប្រុសអ្នកមានទ្រព្យ និងអំណាច តាមស្នេហាដែរ ប៉ុន្ដែនាងមិនរំភើបឡើយ ព្រោះខ្លួនធ្លាប់មានប្ដីជាកូនអ្នកធំដែរ ហើយបើនាងត្រូវការតំណែងជំទាវ តើចាំបាច់លែងប្ដីធ្វើអី ? ដោយសាតែមិនចាប់អារម្មណ៍រឿងប្រុសអ្នកធំ តាមស្នេហា ទើបសោម៉ាវត្តី បានជ្រើសរើសគូស្នេហាថ្មី ជាបុរសអ្នករកស៊ីបើកហាងថតរូប ហើយនាងបានប្ដូរចិត្តពីត្រូវគេថាស្រលាញ់តែប្រុសក្មេង មកជ្រើសប្រុសចាស់វិញម្ដង ។ អ្វីដែលគួរឲ្យកត់សម្គាល់ វត្តី តាំងពីធ្លាយរឿងមានស្នេហាជាមួយថៅកែមក អ្នកមេម៉ាយរូបស្រស់នេះ មិនសូវសកម្មក្នុងការសម្ដែងភាពយន្ដដូចមុនទៀតទេ ដោយអះអាងថា ខ្លាចថតរឿងច្រើនពេក នាំឲ្យទស្សនិកជនធុញទ្រាន់ ទើបពេលនេះគេឃើញនាងផ្ដោតតែលើអាជីព MC នៅបាយ័ន ជាងលេងរឿង ។ ទោះជាវត្តី ឆាចោលខួបកំណើតឆ្នាំនេះ ព្រោះមិនចង់សប្បាយទាំងប្រទេសកំពុងរងការឈ្លានពានពីចោរសៀម ប៉ុន្ដែគេជឿថា វត្តី នៅតែមាន Fan ជូនពរនាងដូចឆ្នាំមុនៗជាមិនខាន ពិសេសគឺឲ្យនាងឆាប់ការប្ដីថ្មី និងកុំឲ្យអភ័ព្វ ជួបស្នេហាខកបំណងម្ដងទៀត ៕

