Thursday, August 7, 2025
Homeព័ត៌មានជាតិវិធានសមស្រប៣ កម្ពុជា អាចប្រើ បើថៃ បន្តឈ្លានពានដោយកម្លាំងប្រដាប់អាវុធ

វិធានសមស្រប៣ កម្ពុជា អាចប្រើ បើថៃ បន្តឈ្លានពានដោយកម្លាំងប្រដាប់អាវុធ

ភ្នំពេញ ៖ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម លោកសេក សុជាតិ បានលើកឡើងថា មានវិធានសមស្រប៣ ដែលកម្ពុជា អាចប្រើជាចាំបាច់ ប្រសិនបើថៃ ជាប្រទេសជិតខាង នៅតែបន្តឈ្លានពានដោយកម្លាំងប្រដាប់អាវុធ មកលើដែនអធិបតេយ្យរបស់កម្ពុជា ។

លោកសេក សុជាតិ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ថា “ជម្រើសជាក់ស្តែងសម្រាប់កម្ពុជា បើថៃ បន្តប្រើកម្លាំងប្រដាប់អាវុធរំលោភដែនកម្ពុជា វិធានសមស្របដែលអាចប្រើបាន ៖

១. ប្តឹងទៅ UNSC ដើម្បីស្នើឱ្យអនុវត្តវិធានសន្តិភាព ឬវិធានការបង្ខាំង (sanctions, arms embargo, etc.)។

២. ប្ដឹងថៃ ទៅតុលាការអន្តរជាតិ (ICJ) ដើម្បីទាមទារឱ្យមានសេចក្តីសម្រេច និងវិធានបណ្តោះអាសន្ន។

៣. ប្រើការទូតពហុភាគី ដូចជា ASEAN និងអង្គការអន្តរជាតិផ្សេងទៀត ដើម្បីបង្កើតសម្ពាធនយោបាយទៅលើប្រទេសថៃ“ ។

បន្ថែមលើសំណេរបណ្ដាញសង្គម ខាងលើនេះ លោកសេក សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ថា ជម្រើសទាំង៣ ដែលលោកបានលើកឡើងនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់រក្សាសណ្ដាប់ធ្នាប់ពិភពលោក ហើយក៏អាចពង្រឹងអនុវត្តច្បាប់ជាអន្តរជាតិផងដែរ ។ អ្វីដែលសំខាន់ ការប្រើប្រាស់ជម្រើសទាំង៣ គឺជាជម្រើសដ៏សមស្របសម្រាប់កម្ពុជា នៅក្នុងការរក្សាឯករាជ្យភាព ហើយនិងផ្ដល់ភាពត្រឹមត្រូវរបស់ពិភពលោក មកលើកម្ពុជា ផងដែរ ហើយក៏ឲ្យពិភពលោក បានស្គាល់កម្ពុជា កាន់តែច្បាស់ថា កម្ពុជា មិនមែនជាប្រទេសមួយដែលងាយរំលោភបំពានទេ ពីព្រោះកម្ពុជា គឺជាប្រទេសដែលមានឯករាជ្យភាព គឺជាប្រទេសដែលគោរពច្បាប់អន្តរជាតិ ជាប្រទេសដែលមិនរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងឡើយ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ទាក់ទងជាមួយនឹងហេតុផលដែលកម្ពុជា គួរតែដាក់បណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ថា UNSC ហ្នឹង ពីព្រោះយើងដឹងហើយថា UNSC គឺជាអង្គភាពមួយដែលមានតួនាទីធំនៅក្នុងការរក្សាសណ្ដាប់ធ្នាប់ពិភពលោក ជាពិសេសគឺធ្វើយ៉ាងម៉េចឲ្យពិភពលោក មានសន្តិភាព ហើយ UNSC គឺមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចាត់វិធានការទៅលើប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ ដែលមិនគោរពទៅតាមគោលការណ៍ច្បាប់ជាធរមាន នៅក្នុងនោះ មានដូចជាការចេញសេចក្ដីថ្លែងការណ៍ ដើម្បីដាក់សម្ពាធទៅលើប្រទេសណាដែលព្យាយាមនៅតែប្រព្រឹត្តអំពើខុសច្បាប់ដដែលៗ ។ ទី២ គឺមានវិធានសន្តិភាព មានន័យថា ជាអ្នកថែរក្សាសន្តិភាព ឲ្យបានស្ថិតស្ថេរ និងគង់វង្ស ហើយនិងវិធានបង្ខាំង ដូចជាការព្យួរបេក្ខភាពរបស់ប្រទេសណាមួយ ពីសមាជិកអង្គការសហប្រជាជាតិ បើសិនជារកឃើញថា មានកំហុសហើយមិនកែខ្លួន ។ ដូច្នេះមានតែ UNSC ទេ ដែលមានសិទ្ធិស្នើទៅអង្គការសហប្រជាជាតិ ដើម្បីឲ្យសមាជិកប្រទេសទាំងអស់ នៅជុំវិញពិភពលោក មានការបោះឆ្នោតគាំទ្រ ហើយបេក្ខភាពដែលត្រូវស្នើ គឺបើមានសំឡេងពីរភាគបី គឺអាចបញ្ឈប់ឬក៏អាចព្យួរបេក្ខភាពប្រទេសមួយនោះ ពីអង្គការសហប្រជាជាតិ បាន ហើយអង្គភាព UNSC របស់អង្គការសហប្រជាជាតិនេះ ក៏មានតួនាទីពិនិត្យមើលទៅលើការរំលោភលើដែនអធិបតេយ្យ ឬក៏ការគំរាមកំហែងផ្សេងៗទៅលើប្រទេសនិងប្រទេស នៅក្នុងទ្វីប ឬក៏នៅជុំវិញពិភពលោក តែម្ដង ។ ដូច្នេះហើយការប្ដឹងទៅ UNSC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការការពារសន្តិភាពកម្ពុជា ហើយនិងសន្តិភាពពិភពលោក ដែលកត្តានេះ វាបង្ហាញឲ្យបានឃើញច្បាស់លាស់ ថាកម្ពុជា គឺជាប្រទេសដែលមានការគោរពបទបញ្ជា ឬក៏ច្បាប់អន្តរជាតិ ហើយនិងមានការដឹកនាំស្របទៅតាមអ្វីដែលជាគោលការណ៍ផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមក ឬក៏ការគោរពគ្នាទៅវិញទៅមកតែម្ដង ពោលគឺកម្ពុជា គឺជាប្រទេសដែលគោរពច្បាប់ ហើយថៃ គឺជាប្រទេសដែលបំពានច្បាប់ ។ ដូច្នេះនៅក្នុងករណីនេះ បើប្រទេសទាំងអស់នៅជុំវិញពិភពលោក ក៏ពិបាកនឹងការពារថៃ ដែរ បើសិនជាថៃ នៅតែប្រព្រឹត្តអំពើរំលោភបំពានមកលើដែនអធិបតេយ្យនៃប្រទេសជាប់ខាងហ្នឹង“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ហើយទី២ ដែលយើងបាននិយាយថា ប្ដឹងទៅតុលាការអន្តរជាតិ ICJ ហ្នឹង ដែលវាមានហេតុផលមួយចំនួន ដែលយើងគួរតែពិចារណាដែរ ដោយសារតែការប្ដឹងទៅ ICJ ជាវិធីសាស្រ្តស្របច្បាប់មួយ កម្រិតអន្តរជាតិ ហើយកម្ពុជា ក៏ធ្លាប់មានបទពិសោធន៍នៅក្នុងការប្ដឹងប្រទេសថៃ ករណីរឿងប្រាសាទព្រះវិហារ នៅឆ្នាំ១៩៦២ ហើយនិងធ្វើការប្រកាសសាលក្រម សាជាថ្មីម្ដងទៀត នៅឆ្នាំ២០១៣ ។ ដូច្នេះចង់ មិនចង់ ប្រទេសថៃ គឺត្រូវតែទទួលស្គាល់យុត្តាធិការអន្តរជាតិមួយនេះ ហើយបើថៃ មានភ័ស្តុតាងថា អ្វីដែលគេកំពុងរំលោភបំពាន ជាទឹកដីរបស់គេមែន ហើយមានឯកសារផ្លូវច្បាប់ អ៊ីចឹងគេអាចទៅតតាំងច្បាប់នៅមុខតុលាការយុត្តិធម៌អន្តរជាតិបាន ហើយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នេះ អាចចេញសេចក្ដីសម្រេច និងអាចដាក់ចេញនូវវិធានការបណ្ដោះអាសន្ន ដើម្បីការពារ ឬដើម្បីរក្សានូវសុចរិតភាពភាគីជម្លោះនៃប្រទេសទាំងពីរបាន ហើយក្នុងករណីហ្នឹងដែរ វាការជាការបង្ហាញពីការប្រើប្រាស់សិទ្ធិរៀងៗខ្លួនរបស់ប្រទេសនីមួយៗ ក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយអាចប្រើប្រាស់យន្តការច្បាប់ គឺជាមូលដ្ឋាន ដើម្បីជំនួសឲ្យការប្រើប្រាស់ប្រដាប់អាវុធ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់អាយុជីវិតរបស់មនុស្សសត្វអីអ៊ីចឹងជាដើម“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ចំពោះយន្តការទី៣ ដែលយើងគួរតែប្រើ ក្នុងនាមជាប្រទេសមួយ នៅក្នុងចំណោមប្រទេសទាំងអស់ គឺការប្រើប្រាស់ទំនាក់ទំនងការទូត ពហុភាគី ដោយធ្វើការជាមួយនឹងសហគមន៍អាស៊ាន អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ហើយនិងប្រទេសជាមិត្ត ហើយនិងប្រទេសទូទៅទាំងអស់នៅជុំវិញពិភពលោក ហើយជាពិសេសគឺអង្គការសហប្រជាជាតិ ដែលមានតួនាទីសំខាន់នៅក្នុងការធ្វើសេចក្ដីសម្រេចចិត្ត ជាពិសេសគឺផ្ដោតទៅលើការដាក់សម្ពាធទៅលើនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទៅលើប្រទេសថៃ បើសិនជាពួកគាត់នៅតែបំពានគោលការណ៍ច្បាប់ជាអន្តរជាតិ ពីព្រោះប្រទេសទាំងអស់ និងសហគមន៍ ហើយនិងអង្គការសហប្រជាជាតិ ត្រូវរួមដៃគ្នាតែមួយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ពិភពលោក មិនអាចឲ្យប្រទេសណាមួយបំផ្លាញសន្តិភាពពិភពលោកនេះបានទេ ហើយការប្រើប្រាស់ទំនាក់ទំនងការទូតពហុភាគីនេះផងដែរ ក៏វាអាចចូលរួមជាមួយនឹងប្រទេសទាំងអស់នៅជុំវិញពិភពលោក ដើម្បីធានាថា ប្រទេសថៃ មិនអាចប្រើប្រាស់ឥទ្ធិពលឬក៏អាវុធដែលខ្លួនមាន ហើយអាចប្រើប្រាស់តាមតែអំពើចិត្តបាននោះទេ ហើយរាល់អាវុធដែលបានទិញពីប្រទេសទាំងអស់ហ្នឹង រួមទាំងអាវុធអាមេរិក ស៊ុយអែដ ផងដែរ ហើយនិងប្រទេសផ្សេងៗ គួរតែពិចារណា ហើយនិងដាក់ទណ្ឌកម្ម ឬក៏ឈប់ផ្គត់ផ្គង់ ហើយនិងធ្វើការថែទាំគ្រឿងបន្លាស់នៃយន្តហោះទាំងអស់ហ្នឹង បើមិនអ៊ីចឹងទេ ថ្ងៃក្រោយ កម្ពុជា នឹងក្លាយទៅជាប្រទេសរងគ្រោះ បើសិនជាមិនមានយន្តការណាមួយច្បាស់លាស់ ដាក់សម្ពាធទៅលើប្រទេសថៃ ឲ្យគោរពជារៀងរហូតនោះទេ“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្ថែមថា “ហើយការទូតនេះផងដែរ ក៏វាអាចជួយបង្កើតឲ្យមានចលនាផ្លូវការជាអន្តរជាតិ ដើម្បីឲ្យគេមើលឃើញអំពីភាពស្របច្បាប់របស់កម្ពុជា ដែលទទួលរងនូវឥទ្ធិពល ហើយនិងការរំលោភបំពានទាំងកំរោល គ្មានច្បាប់ទម្លាប់ របស់ប្រទេសថៃ ហើយចុងក្រោយ គឺទាក់ទងជាមួយនឹងការពង្រឹង និងការកំណត់អំពីភាពគោរពគ្នាទៅវិញទៅមក ហើយក៏អាចចូលរួមរក្សាសន្តិភាពជាមួយគ្នា ជួយគ្នាទៅវិញទៅមក ក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ និងជាប្រទេសដែលមានអធិបតេយ្យនៅក្នុងពិភពលោកហ្នឹង ឲ្យទាំងអស់គ្នាគោរពគ្នា គោរពច្បាប់ ហើយនិងរក្សាឲ្យបាននូវសេចក្ដីថ្លៃថ្នូរ ដើម្បីជាតិសាសន៍ ។ សរុបមកវិញ យើងអាចនិយាយដោយខ្លីថា ជម្រើសទាំង៣ ដែលខ្ញុំបានលើកឡើង គឺជាមូលដ្ឋានសំខាន់សម្រាប់រក្សាសណ្ដាប់ធ្នាប់ពិភពលោក ហើយក៏អាចពង្រឹងអនុវត្តច្បាប់ជាអន្តរជាតិផងដែរ។ ហើយទី២ គឺទាក់ទងជាមួយនឹងបញ្ហានេះ គឺវានឹងធ្វើឲ្យប្រទេសទាំងអស់ ស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាព ដើម្បីអាចរួមរស់និងអភិវឌ្ឍសេដ្ឋកិច្ចរបស់មនុស្សជាតិ ឲ្យបានល្អប្រសើរ ហើយនិងចុងក្រោយ គឺបង្ហាញអំពីភាពរឹងមាំនៃភាពត្រឹមត្រូវរបស់មនុស្សជាតិ ជាពិសេសគឺប្រទេសកម្ពុជា ដែលតែងតែទទួលរងនូវការយាយី និងរំលោភបំពានពីសំណាក់ប្រទេសជាប់ខាង ជិត៥០០-៦០០ឆ្នាំកន្លងមកនេះ ។ ដូច្នេះការប្រើប្រាស់ជម្រើសទាំង៣ គឺវាជាជម្រើសដ៏សមស្របសម្រាប់កម្ពុជា នៅក្នុងការរក្សាឯករាជ្យភាព ហើយនិងផ្ដល់ភាពត្រឹមត្រូវរបស់ពិភពលោក មកលើកម្ពុជា ផងដែរ ហើយក៏ឲ្យពិភពលោក បានស្គាល់កម្ពុជា កាន់តែច្បាស់ថា កម្ពុជា មិនមែនជាប្រទេសមួយដែលងាយរំលោភបំពានទេ ពីព្រោះកម្ពុជា គឺជាប្រទេសដែលមានឯករាជ្យភាព គឺជាប្រទេសដែលគោរពច្បាប់អន្តរជាតិ ជាប្រទេសដែលមិនរំលោភបំពានលើដែនអធិបតេយ្យរបស់ប្រទេសជិតខាង“ ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  (UNSC) គឺជាស្ថាប័នកំពូលមួយ ក្នុងចំណោមស្ថាប័នកំពូលទាំង៦ នៃអង្គការសហប្រជាជាតិ (អសប) ហើយស្ថាប័ននេះមានទំនួលខុសត្រូវលើការធានានូវសន្តិភាពនិងសន្តិសុខអន្តរជាតិ ផ្តល់អនុសាសន៍ឱ្យទទួលយកសមាជិកថ្មី នៃ អសប ទៅកាន់មហាសន្និបាត និងអនុម័តបម្លាស់ប្តូរណាមួយចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ។ អំណាចរបស់ស្ថាប័ននេះ រួមមាន ៖ ការបង្កើតប្រតិបត្តិការរក្សាសន្តិភាព ការដាក់ទណ្ឌកម្មអន្តរជាតិ និងការអនុញ្ញាតសកម្មភាពយោធា។ ក្រុមប្រឹក្សាសន្តិសុខ គឺជាស្ថាប័នតែមួយគត់របស់អង្គការសហប្រជាជាតិ ដែលមានសិទ្ធិអំណាចក្នុងការចេញសេចក្តីសម្រេចដែលមានចំណងលើរដ្ឋជាសមាជិក ។ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ ជាធម្មតា ត្រូវបានអនុវត្តដោយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលមានកងកម្លាំងយោធាស្ម័គ្រចិត្ត ផ្ដល់ដោយរដ្ឋជាសមាជិក និងទទួលបានមូលនិធិដោយឯករាជ្យ ផ្ដាច់ចេញពីថវិកាចម្បងរបស់អង្គការសហប្រជាជាតិ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ បេសកកម្មរក្សាសន្តិភាព មានចំនួន១២ ដែលមានបុគ្គលិកយោធា​ ជាង ៨៧០០០នាក់​ មកពីប្រទេសចំនួន១២១ ជាមួយនឹងថវិកាចំណាយសរុបប្រមាណ ៦.៣ពាន់លានដុល្លារ ។

ចំណែកតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាស្ថាប័នតុលាការអន្តរជាតិ ដ៏ធំមួយ ដែលជាស្ថាប័នចំណុះរបស់អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតដោយធម្មនុញ្ញរបស់ UN ក្នុងឆ្នាំ១៩៤៥ និងដើរតួនាទីជាស្ថាប័នតុលាការកាត់ក្ដី របស់ UN។

ICJ មានសមត្ថកិច្ចផ្លូវច្បាប់​លើការដោះស្រាយវិវាទរដ្ឋនិងរដ្ឋ និងផ្ដល់ការពិគ្រោះយោបល់។ យ៉ាងណាមិញ ដំណើរការយុត្តាធិការរបស់ខ្លួន គឺទាមទារការប្រកាសទទួលស្គាល់យុត្តាធិការរបស់តុលាការ និងកិច្ចព្រមព្រៀងពីភាគីវិវាទ​ ដើម្បីបញ្ជូនរឿងក្ដី ឱ្យតុលាការវិនិច្ឆ័យ។

ការដោះស្រាយវិវាទរបស់ ICJ មានដូចជា សវនាការមុខតុលាការផ្ទាល់​ រវាងតំណាងរបស់ភាគីជម្លោះ និងការចេញសាលដីកា ពីសំណាក់តុលាការ។ ក្នុងដំណើរការមុខតុលាការ ភាគីវិវាទដែលជារដ្ឋ តម្រូវឱ្យមានទីភ្នាក់ងារអ្នកតំណាង និងទីប្រឹក្សា​ឬមេធាវី។

ចំណែកអាស៊ាន មានគោលការណ៍ ចំនួន១៤ចំណុច រួមមាន​៖

១-គោរពឯករាជ្យ អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃរដ្ឋសមាជិកអាស៊ានណ ទាំងអស់។

២-ចូលរួមបប្តេជ្ញាចិត្តនឹងការទទួលខុសត្រូវរួមគ្នាក្នុងករណីលើកកម្ពស់សន្តិភាព សន្តិសុខនិងវិបុលភាពក្នុងតំបន់។

៣-បដិសេធនូវអំពើឈ្លានពាន និងការគំរាមកំហែង ការប្រើប្រាស់កម្លាំង ឬសកម្មភាពទាំងឡាយណាក្នុងលក្ខណៈដែលមិនសមស្របតាមច្បាប់អន្តរជាតិ។

៤-ប្រកាន់យកដំណោះស្រាយជម្លោះ ដោយសនិ្តវិធី។

៥-មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋសមាជិកអាស៊ាន។

៦-គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងការរដឹកនាំអត្ថិភាពជាតិរបស់ខ្លួន​ ដោយពុំមានការជ្រៀតជ្រែតពីខាងក្រៅ ការធ្វើវិទ្ធង្សនា និងការបង្ខិតបង្ខំ។

៧-លើកកម្ពស់ការពិគ្រោះយោបល់ លើបញ្ហាធ្ងន់ធ្ងរទាំងឡាយណា ដែលមានឥទ្ធិពលប៉ះពាល់ដល់ផលប្រយោជន៍របស់អាស៊ាន។

៨-ប្រកាន់នូវនីតិរដ្ឋ​ អភិបាលកិច្ចល្អ គោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យដោយរដ្ឋធម្មនុញ្ញ។

៩-គោរពសេរីភាពជាមូលដ្ឋាន លើកស្ទួយនិងការពារសិទ្ធិមនុស្ស និងលើកកម្ពស់យុតិ្តធម៌សង្គម។

១០-លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិនានា ដែលរដ្ឋសមាជិកអាស៊ាន ទាំងអស់យល់ព្រម។

១១-មិនចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួន ឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃៗទៀត ដែលពុំមែនជារដ្ឋគំរាមកំហែងដល់អធិបតេយ្យ បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ចនិងនយោបាយរបស់រដ្ឋប្រជាជនអាស៊ាន។

១២-គោរពវប្បធម៌ (Cultures) ផ្សេងៗគ្នា ភាសា (Languages)និងសាសនា(Religions)របស់ប្រជាជនអាស៊ាន ដោយសង្កត់ធ្ងន់ទៅលើតម្លៃរួមក្នុងស្មារតីភាពឯករាជ្យក្នុងពហុភាព ភាពជាស្នូលរបស់អាស៊ានក្នុងទំនាក់ទំនងនយោបាយសេដ្ឋកិច្ចសង្គម និងវប្បធម៌ក្រៅតំបន់ដោយរក្សាការចូលរួមដ៏សកម្មការ​ សម្លឹងមើលឆ្ពោះទៅខាងក្រៅ ភាពរួមបញ្ចូលគ្នា និងភាពមិនរើសអើង។

១៣-ប្រកាន់ខ្ជាប់នូវវិធានការពាណិជ្ជកម្មពហុភាគី និងរបបផ្អែកលើមូលដ្ឋានច្បាប់របស់អាស៊ាន ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងកាត់បន្ថយជាវិជ្ជមាន ឆ្ពោះទៅលុបបំបាត់របាំងទាំងស្រុង សម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចទីផ្សារ។

១៤-អ្នករាជការ មានរបបឈប់សម្រាកច្បាស់លាស់ និងអនុគ្រោះដល់អ្នកមានជំងឺដើម្បីបានឈប់សម្រាក ព្យាបាល ដោយមិនកាត់ចាត់តាំងការសួរសុខទុក្ខ ជួយឧបត្ថម្ភអ្នកជំងឺ ដើម្បីជាការលើកទឹកចិត្ត ៕ កុលបុត្រ

RELATED ARTICLES