Sunday, August 10, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន បង្កក់កូនប្រុសស្ងាត់ៗ

ហ៊ិន ច័ន្ទនីរ័ត្ន បង្កក់កូនប្រុសស្ងាត់ៗ

ភ្នំពេញ ៖ តារាកូនមួយ ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញអារម្មណ៍រីករាយ នៅថ្ងៃចេញខែ (បង្កក់) កូនប្រុស កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដោយនាងបង្ហាញរូបភាពផ្អែមល្ហែមជាមួយស្វាមីផងដែរ ដែលមើលទៅនីរ័ត្ន ពិតជាមានក្ដីសុខបំផុតក្នុងជីវិត ។ ប៉ុន្ដែមិនមានការជប់លៀងទ្រង់ទ្រាយធំឡើយ ព្រោះតាមព័ត៌មានថា នាងមិនចង់ធ្វើពិធីសប្បាយៗ ហៅតារាមកជួបជុំគ្នា អំឡុងពេលដែលសង្រ្គាមនៅតាមតំបន់ព្រំដែន មិនទាន់បញ្ចប់ទាំង ស្រុង។

នៅថ្ងៃកូនប្រុសកើតគម្រប់មួយខែនេះ ច័ន្ទនីរ័ត្ន ប៉ងប្រាថ្នាធំដូចម្ដាយទូទៅដែរ គឺចង់ឲ្យកូនមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាក្មេងគោរពចាស់ទុំ ស្ដាប់បង្គាប់ ជាកូនល្អ ក្មេងល្អក្នុងសង្គម ។ Fan របស់ច័ន្ទនីរ័ត្ន ជាពិសេសនារីៗ បានបង្ហាញនូវការច្រណែនថា នីរ័ត្ន ជានារីមានសំណាង មានស្វាមីល្អ និងបានបំពេញបំណងធំជូនប្ដី តាមរយៈការបង្កើតបានកូនដំបូង ជាកូនប្រុស ដូចក្ដីប្រាថ្នាស្វាមី។ ប៉ុន្ដែខ្លះក៏បានស្ដាយថា គេលែងបានឃើញការសម្ដែងភាពយន្ដ និង MV របស់នីរ័ត្ន ទៀតហើយបន្ទាប់ពីមានកូនមួយនេះ អាជីពសិល្បៈរបស់នាង ត្រូវបញ្ចប់ទាំងស្រុងតែម្ដង។

  សូមបញ្ជាក់ថា ហ៊ិន ច័ន្ទនីរ័ត្ន បានសម្រាលកូនប្រុសដំបូង កាលពីថ្ងៃទី៨ ខែកក្កដា  ឆ្នាំ២០២៥ ដោយដាក់ឈ្មោះ ឌី ពេជ្ររ័ត្នបញ្ញាបុត្រ ។ ប្រភពបានឲ្យដឹងថា បើគ្មានសង្រ្គាមនៅតាមតំបន់ព្រំដែន ដែលសៀមឈ្លានពានទេនោះ នៅថ្ងៃចេញខែកូនប្រុសនេះ នីរ័ត្ន នឹងធ្វើពិធីជប់លៀងធំ បង្កក់កូនជាមិនខាន ។ តាមព័តមានថា រឿងសំខាន់ដែលច័ន្ទនីរ័ត្ន ត្រូវធ្វើនាពេលនេះ គឺនាងត្រូវសម្រកគីឡូ ជាបន្ទាន់ ដើម្បីឲ្យរាងវិលមកស្វែលវិញ។ ប៉ុន្ដែនាងមិនទាន់កំណត់ពីពេលវេលានៃការវិលមករកអាជីពពិធីការិនី (MC) នៅបាយ័ន វិញទេ ។

  ហ៊ិន ច័ន្ទនីរ័ត្ន អតីត Freshie លេខ១ ឆ្នាំ២០០៧ បានរៀបការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ជាមួយបុរស ពោះម៉ាយកូនមួយ លោកឌី ពេជ្រ ត្រូវជាក្មួយសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាកូនប្រុសលោកឌី ចូច ដែលជាប្អូនជីដូនមួយសម្ដេចហ៊ុន សែន ។ ក្រោយក្លាយជាប្រពន្ធលោកឌី ពេជ្រ ពិធីការិនី ច័ន្ទនីរ័ត្ន ទៅណា មកណាមានតារាជាច្រើនហៅនាងថា «ជំទាវ» បើទោះជានាងមិនបានសម្ញែងកងអង្គរក្សតាមការពារហែហមដូចប្រពន្ធមន្រ្ដីធំផ្សេងៗទៀតក៏ដោយ។ ចំណែកស្វាមីរបស់នីរ័ត្ន តែងតែសម្របខ្លួនតាមនាងជានិច្ចដែរ ដូចជាពេលខ្លះ លោកថតរូបជាមួយប្រពន្ធ ឃោសនាលក់ផលិតផលតាម Online ជាដើម ។

អ្នកសិល្បៈរួមអាជីព ចាត់ទុកច័ន្ទនីរ័ត្ន ដល់ត្រើយសុខសាន្ដហើយ ដែលពេលនេះអាជីពជាពិធីការិនី គ្រាន់តែជាការនៅបន្ដដោយសារនៅស្រលាញ់ប៉ុណ្ណោះ ។ គេថាមិនយូរទេ នាងនឹងដកខ្លួនទាំងស្រុងពីអាជីពសិល្បៈតែម្ដង បើសិនជាស្វាមីជំរុញឲ្យនាងទៅធ្វើជំនួញ។ប៉ុន្ដែពេលនេះ លោកពេជ្រ មិនដែលបង្ហាញការហួងហែង ប្រចណ្ឌប្រពន្ធ រឿងលេងសិល្បៈនោះឡើយ ។

  ប្រភពក្រុមហ៊ុន Agency បង្ហើបថា ហ៊ិន ច័ន្ទនីរ័ត្ន នឹងវិលមកធ្វើជា MC វិញ នៅចុងឆ្នាំ២០២៥ ខាងមុខនេះ ព្រោះជាធម្មតា ក្រោយសម្រាលកូនរួច ៣ខែ គឺល្មមរឹងដៃរឹងជើងហើយ ។ ប៉ុន្ដែនីរ័ត្ន អាចពន្យារពេលវិលវិញ ប្រសិនបើការសម្រកទម្ងន់របស់នាង មិនបានលទ្ធផលដូចអ្វីដែលនាងចង់បាន ព្រោះនាងមិនចង់ចេញមកវិញ គេបង្អាប់ថា មានកូនមួយសោះ សម្រស់ធ្លាក់ចុះនោះឡើយ ៕

RELATED ARTICLES