សហរដ្ឋអាមេរិក ៖ សារ៉ាយ សក្ខណា បានធ្វើខួបកំណើតគម្រប់៥៥ឆ្នាំ ឲ្យម្ដាយនាងអ្នកស្រីសម្ផស្ស នៅអាមេរិក កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ហើយស្រាប់តែនាងរលីងរលោងទឹកភ្នែក នៅពេលឃើញម្ដាយរីករាយនៅថ្ងៃពិសេស ព្រោះមិនទាន់បំពេញបំណងម្ដាយ ឲ្យមានក្ដីសុខគ្រប់គ្រាន់។ សក្ខណា ក៏ជូនពរឲ្យម្ដាយទទួលបានជោគជ័យ ឈ្នះអស់សត្រូវ មានសុខភាពល្អ និងប្រាថ្នាអ្វីបានដូចបំណង ខណៈនាងបានថើបម្ដាយទាំងទឹកភ្នែក ហើយអ្នកស្រីសម្ផស្ស ក៏បានថើបនាងវិញ ជាមួយពាក្យលួងលោមផងដែរ ។

គួរបញ្ជាក់ថា សារ៉ាយ សក្ខណា បានសម្រេចបំណងធំជូនម្ដាយ នោះគឺធានារឲ្យអ្នកស្រីសម្ផស្ស បានចេញទៅរស់នៅអាមេរិក សមតាមបំណង។ ប៉ុន្ដែអ្នកស្រីសម្ផស្ស ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា អ្នកស្រីមិនចេះរស់នៅស្រុកគេទេ គឺអាចទៅលេងបាន តែបើនៅយូរពេកពិបាក ព្រោះតែធ្លាប់រស់នៅស្រុកកំណើត ស្រួល តែពេលនេះម្ដាយសក្ខណា បានប្ដូរទៅជាសម្របខ្លួនរស់នៅអាមេរិក ជាមួយកូនស្រី ដើម្បីបានសញ្ជាតិអាមេរិក និងជួយមើលចៅៗ ។

សារ៉ាយ សក្ខណា មកលេងស្រុកលើកចុងក្រោយ បានយូរជាងសព្វដង ព្រោះនៅបាន ជាង២ឆ្នាំ ទើបនាំស្វាមីនិងកូនទាំង៣នាក់ វិលទៅអាមេរិក វិញ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៥ ។មូលហេតុដែលសក្ខណា ត្រូវតែទៅអាមេរិក វិញនោះ ដោយសារតែអ្នកស្រីសម្ផស្ស ថា ឪពុកម្ដាយក្មេកនាងនៅអាមេរិក ចង់ឃើញចៅទី៣ ហេតុនេះហើយ មិនអាចពន្យារពេលទៀតបានទេ ។ ប៉ុន្ដែអ្នកស្រីសម្ផស្ស ថាសក្ខណា អាចចុះទៅស្រុកខ្មែរ ម្ដងទៀត នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ។

តាមប្រភពថា មូលហេតុដែលសក្ខណា ត្រូវចុះឡើងៗពីខ្មែរ ទៅអាមេរិក នោះ ព្រោះតែនាងមានមុខរបរមួយ ចំនួននៅខ្មែរ ដូចជាគ្លីនិករក្សាសម្រស់ មួយ នៅម្ដុំទួលគោក និងភោជនីយដ្ឋានមួយ នៅជិតភ្នំបាសិត ជាដើម ។

សារ៉ាយ សក្ខណា ទោះជាមានស្វាមីទៅរស់នៅអាមេរិក ជាង១០ឆ្នាំក្ដី ប៉ុន្ដែនាងនៅតែបន្ដអាជីពសិល្បៈដូច កាលនៅលីវ ព្រោះស្វាមីនាងមិនចេះហួងហែង ឬប្រចណ្ឌផ្ដេសផ្ដាសឡើយ ។ សក្ខណា តែងតែថតភាពយន្ដ ស្ពត និង MV ពេលចុះមកស្រុកម្ដងៗ បើទោះជាពេលនេះ នាងមានកូន ៣នាក់ទៅហើយក្ដី ។ ស្រីស្រអែមស្រស់សក្ខណា ចាប់ដៃអាណិកជនខ្មែរនៅអាមេរិក លោកមេធាវី កែវ ប៊ុនមេត្រី ជិត១២ឆ្នាំ បានកូន៣នាក់ គឺកូនស្រីទី១ ឈ្មោះMataysia អាយុជាង៩ឆ្នាំ, កូនប្រុសទី២ ឈ្មោះព្រីនស្ទីន អាយុជាង៤ឆ្នាំ និងកូនប្រុសទី៣ ឈ្មោះកែវ សុវណ្ណណាបុត្រ ហៅ Chandrik អាយុជាង៨ខែ ។ សក្ខណា ធ្លាប់ប្រាប់ថា នាងគ្មានគម្រោងយកកូនថែមទេ ព្រោះក្នុងកំណើតកូនទី៣ តាមពិតនាងមានបំណងចង់បានកូនភ្លោះ ដោយសារមិនចង់ពពោះច្រើនដង ប៉ុន្ដែមិនបានដូចចិត្ត។ ចំណែក Director ដែលនៅតែបន្ដហៅសក្ខណា ថតសម្ដែង ទោះជានាងមានកូន ៣នាក់ទៅហើយនោះ ដោយសារតែពួកគេគិតថា នាងនៅតែមានទេពកោសល្យសិល្បៈល្អ និងសម្រស់មិនសូវប្រែប្រួល ឬបែកសាច់ ឡើងគីឡូជ្រុល ដូចតារាផ្សេងៗទៀតដែលមានស្វាមីឡើយ ។ មានការកត់សម្គាល់ថា សារ៉ាយ សក្ខណា ក៏ដូចសុគន្ធ និសា ដែរ បានបើកគ្លីនិករក្សាសម្រស់ ហើយមិនត្រឹមតែរកលុយបានពីប្រភពក្រៅពីសិល្បៈនោះទេ ប៉ុន្ដែក៏ធ្វើឲ្យពួកគេមានវិធីទប់សម្រស់ មិនឲ្យចាស់ទៅតាមវ័យដែរ ។ មុនហោះទៅអាមេរិក ចុងក្រោយនេះ សក្ខណា បានសាកល្បងថ្មីមួយក្នុងអាជីព នោះគឺសម្ដែងជាតួអង្គធ្មប់ ក្នុងរឿង «ទាយាទធ្មប់» ដែលនាងចាត់ទុកថា នោះជាអ្វីដែលថ្មីបំផុតសម្រាប់រូបនាង ។ ប៉ុន្តែសក្ខណា មិនបានបន្ដអាជីពសិល្បៈតាម រយៈការចេញច្រៀងនៅអាមេរិក ដូចតារាផ្សេងៗទៀត ដែលមានស្វាមី រស់នៅទីនោះទេ ៕



